លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីកូវីដ-១៩ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា អាជីវកម្មអចលនទ្រព្យនៅតែបន្តដំណើរការធម្មតា

ថ្ងៃអង្គារ ទី ៣០ មិថុនា ២០២០​
11

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទោះបីជំងឺ កូវីដ-១៩ បង្ករផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ប៉ុន្ដែអាជីវកម្មអចលនទ្រព្យនៅកម្ពុជានៅតែបន្តដំណើរការជាធម្មតា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលអមទៅដោយវីដេអូប្រមាណជាង១០នាទី មានខ្លឹមសារថា «អាជីវកម្មអចលនទ្រព្យដំណើរការធម្មតានៅក្នុងប្រទេសកម្ពុជា ទោះបីជាបញ្ហាជំងឺកូវីដ-១៩ បានបង្ករនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែ ឃើញថា បងប្អូនប្រជាពលរដ្ឋអាជីវករ ក្នុងប្រទេសកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខ របររបស់របស់ខ្លួនជាធម្មតា»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ដថា ក្នុងនោះអាជីវកម្មលក់ផ្ទះ ទិញផ្ទះនៅតែបន្តដដែលគ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុនហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shop house កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នផងដែរ។

សូមរំលឹកថា រហូតដល់ពេលនេះ កម្ពុជារកឃើញអ្នកជំងឺ កូវីដ-១៩ សរុបចំនួន ១៤១នាក់ ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយ សរុបចំនួន១៣០នាក់ ខណៈអ្នកដែលកំពុង សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់៕

ចែករំលែក

បញ្ចេញយោបល់