គណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណសមធម៌

ថ្ងៃអង្គារ ទី ៣០ មិថុនា ២០២០​
11

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០ លោក អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត រួមដំណើរ​ដោយ​លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាប្រធានលេខាធិការដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត បានដឹកនាំ គណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណសមធម៌ និងត្រួតពិនិត្យការចែកប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ នៅ​ឃុំសេដ្ឋី និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដែលបានអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមជុំប្រមូលទិន្នន័យឆ្នាំ២០១៩ និងតាមការស្នើសុំក្នុងអំឡុងពេលជំងឺកូវីដ១៩ ។

ក្នុងនោះលោក អម សុភា បានផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃប័ណ្ណសមធម៌ ជួនដល់គ្រួសារក្រីក្រ ដោយគូស បញ្ជាក់ថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយជាតិគាំពារសង្គម ដែលផ្តោតលើ ប្រព័ន្ធជំនួយសង្គម ដែលមានគោលបំណងដើម្បីរក្សាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ ការអន្តរាគមន៍សេវាគាំពារសង្គមនេះ គឺដើម្បីកាត់បន្ថយចំណាដោយផ្តោតឱ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្តិដែលអាចបណ្តាលឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឱ្យស្ថានភាពលំបាករបស់ពួកគាត់កាន់តែមានសភាពធ្ងន់ធ្ងរឡើង។

ជាមួយគ្នានោះ លោក អម សុភា ក៏បានផ្ដល់ជូនប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ និងផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព និងធ្វើអនាម័យជាប់ជាប្រចាំដើម្បីការពារជំងឺកូវី-១៩ ពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ចែករំលែក

បញ្ចេញយោបល់