កាលប្រវត្តិសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា

ថ្ងៃអាទិត្យ ទី ២៨ មិថុនា ២០២០​
28

ដោយ៖ SKY NEWS (យុទ្ធ)

គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា ” បក្សប្រជាជនបដិវត្តន៍ខែ្មរ” ដែលមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងអាណានិគមនិយមបារំាង ដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្នគណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ រយៈពេល ៦៦ឆ្នាំកន្លងមកនេះ ជាពិសេសបន្ទាប់ពីថៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ គណបក្សបានសម្រេចស្នាដៃធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូនជាតិ និងប្រជាជន។

ខាងក្រោមនេះគឺជាកាលប្រវត្តិសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាៈ
­ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ មហាសន្និបាតលើកទី១ បង្កើត ” បក្សប្រជាជនបដិវត្តន៍ខ្មែរ “ ដែល ប្រពឹត្តទៅនៅតំបន់រំដោះ។ មហាសន្និបាតបានជ្រើសតាំងក្បាលម៉ាស៊ីដឹកនាំរបស់បក្ស និងសម្រេចមាគ៌ាតស៊ូប្រឆាំងពួកអាណានិគមនិយម ដើម្បីដណ្តើមឯករាជ្យជូនជាតិ ។ ចលនាតស៊ូរបស់ប្រជាជនក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរបានរួមវិភាគទានយ៉ាងធំធេង ចំពោះជោគជ័យនៃចលនាក្រោកឈររបស់ប្រជាជនទូទាំងប្រទេស ដើម្បីដណ្តើមឯករាជ្យជាតិ នាថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ ។ បន្ទាប់ពីប្រទេសទទួលបានឯករាជ្យហើយ បក្សបានបន្តធ្វើសកម្មភាពនយោ បាយដើម្បីការពារខឿនឯករាជ្យ សន្តិភាព និងអព្យាក្រឹតភាពរបស់កម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស ព្រមទាំងជំរុញការតស៊ូទាមទារលើកស្ទួយសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងកែប្រែជីវភាពរស់នៅរបស់ប្រជាជន ។ ពេលប្រទេសជាតិធ្លាក់ក្នុង ភ្លើងសង្រ្គាមពីឆ្នាំ ១៩៧០-១៩៧៥ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១៨ មីនា ដែលបង្កដោយពួកលន់នល់ និងកម្លាំងអមិត្ត បក្សបានបន្តការតស៊ូប្រយុទ្ធរំដោះជាតិ ដោយធ្វើជាកម្លាំងស្នូលនៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជារហូតទទួលបានជ័យជម្នះនាថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ចាប់ពីពេលនោះ បក្សប្រជាជនបដិវត្តខ្មែរ ដែលត្រូវពួកប្រល័យពូជសាសន៍ ប៉ុល ពត ប្លន់សិទ្ធិដឹកនាំទាំងស្រុងត្រូវបំផ្លាញខ្ទេចខ្ទីទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។
­ ថ្ងៃទី ២៨-៣០ ខែកញ្ញា ឆ្នាំ ១៩៦០ មហាសន្និបាតលើកទី២ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ។ មហាសន្និបាតបានសម្រេចមាគ៌ាតស៊ូក្នុងសភាពការណ៍ថ្មីអនុម័តបណ្តាខ្លឹមសារកែសម្រួលលក្ខន្តិកៈបក្ស និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិម ដែលមានលោក ទូ សាមុត ជាលេខា ។
­ ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ កម្មាភិបាល បក្ខជនយុទ្ធជន យុទ្ធនារី ស្នេហាជាតិនៃបក្សប្រជាជនបដិវត្តន៍ខ្មែរដែលបានភៀសខ្លួនរួចផុតពីការកាប់សម្លាប់របស់ពួក ប៉ុល ពត បានប្រមូលផ្តុំរួបរួមគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលបានប្រកាសជាសាធារណៈដល់ជនរួមជាតិ និងពិភពលោកក្នុងមហាមិទ្ទិញនៅភូមិជើងឃ្លូ ឃុំជើងឃ្លូ (បច្ចុប្បន្ន ឃុំ ២ ធ្នូ) ស្រុកស្នួល ខេត្តក្រចេះ ។ គណៈកម្មាធិការមជ្ឈិមរណសិរ្សដែលរួមមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជន ១១រូប ទៀត បានប្រកាសចេញនូវគោលការណ៍ ១១ចំណុច ជាប្រវត្តិសាស្ត្រ ។
­ ថ្ងៃទី ៥-៨ ខែមករា ឆ្នាំ ១៩៧៩ មហាសន្និបាតលើកទី ៣ មានបក្ខជនចំនួន ៦២រូប តំណាងឲ្យបក្ខជនជាង ២០០នាក់ ដែលនៅមានជីវិតរួចផុតពីការកាប់សម្លាប់របស់ពួក ប៉ុល ពត បានជួបប្រជុំដើម្បីកំណត់ទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗរបស់បក្ស ។ មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយថ្មីក្នុងនោះបានកំណត់ភារកិច្ចជាមូលដ្ឋានចំពោះមុខ គឺវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្រ្គោះជាតិ និងប្រជាជន អនុម័តលក្ខន្តិកៈបក្សថ្មី ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំបក្ស និងបានសម្រេចបងើ្កតគណៈចលនាកសាងបក្សឡើងវិញ (កសាងបក្សឡើងវិញទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង)។
­ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ១៩៨១ មហាសន្និបាតបក្សលើកទី៤ ប្រារព្ធនៅទីក្រុងភ្នំពេញដោយមានតំណាងចូលរួម ១៦២ រូប ។ មហាសន្និបាតបានអនុម័តរបាយការណ៍នយោបាយ កម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ របាយការណ៍អំពីការកសាងបក្ស អនុម័តលក្ខន្តិកៈបក្ស និងប្តូរឈ្មោះបក្សជា “បក្សប្រជាជនបដិវត្តកម្ពុជា” ។ មហាសន្និបាតបក្សបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈមិបក្សថ្មីដែលមានសមាជិកពេញសិទ្ធិ១៩រូប និងបម្រុង ២ រូប ។ មហាសន្និបាតកំណត់ថា ភារកិច្ចរួមជាយុទ្ធសាស្រ្តក្នុងដំណាក់កាលនោះគឺការពារឯករាជ្យជាតិ និងកសាងមាតុភូមិ ក្នុងនោះការការពារមាតុភូមិជាភារកិច្ចចំបងរបស់ប្រជាជនកម្ពុជា ចំពោះការស្តារសេដ្ឋកិច្ច ត្រូវយកការស្តារកសិកម្មធ្វើជាភារកិច្ចស្នូល ។
ថ្ងៃទី ១២-១៥ ខែមករា ឆ្នាំ ១៩៨៤ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានឯកភាពលើតួនាទីសំខាន់ៗរបស់ក្រុមសាមគ្គីបង្កបងើ្កនផលនៅក្នុងចលនាបដិវត្តន៍ ជាពិសេសលើភារកិច្ចបង្កបងើ្កនផលកសាងជនបទ និងពង្រឹងរដ្ឋអំណាច ។ ឯកភាពលើទិសដៅ គោលបំណង និងខ្លឹមសារពង្រឹងក្រុមសាមគ្គីដែលជាសំខាន់ គឺការពង្រឹងការងារគ្រប់គ្រងមធ្យោបាយផលិតកម្ម កម្លាំងពលកម្ម ការបែងចែកភោគផល និងការងារបណ្តុះ បណ្តាលកម្មាភិបាល ក្រុមសាមគ្គី និងកម្មាភិបាលភូមិ-ឃុំ។
­ថ្ងៃទី ២-៩ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីបញ្ហាសំខាន់ៗជាបន្ទាន់មួយចំនួននៃការងារសតិអារម្មណ៍ សេចក្តីសម្រេចចិត្តស្តីពីគោលនយោ បាយចំពោះកសិករ ចំពោះជនជាតិភាគតិច និងចំពោះសេដ្ឋកិច្ចផលិតកម្មឯកជន ។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងសមាជិកបម្រុងបំពេញបនែ្ថមឲ្យគណៈកម្មាធិការមជ្ឈិមបក្សចំនួន ៨រូប ទៀត ។
ថ្ងៃទី ១៣-១៦ ខែតុលា ឆ្នាំ ១៩៨៥ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៥ របស់បក្សប្រជាជនបដិវត្តកម្ពុជាបានឯកភាពលើរបាយការណ៍នយោបាយដែលបានកំណត់ភារកិច្ចរួមជាយុទ្ធសា្រស្ត គឺការពារឯករាជ្យជាតិ កសាងមាតុភូមិឈានឡើងជាជំហានៗ ក្នុងនោះភារកិច្ចចំបង គឺការពារមាតុភូមិ ការពារសមិទ្ធផលបដិវត្តន៍ ។ មហាសន្និបាតបានកំណត់កម្មវិធីស្តារ និងពង្រីកសេដ្ឋកិច្ច សង្គមកិច្ច ៥ឆ្នាំ លើកទី១ (១៩៨៦-១៩៩០) និងអំពីភារកិច្ចកសាងបក្សក្នុងដំណាក់កាលថ្មី ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស៤៥ រូប ក្នុងនោះមានសមាជិកបម្រុង ១៤រូប បោះឆ្នោតជ្រើសតាំង សម្តេច ហេង សំរិន ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស បោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយមជ្ឈិមបក្សចំនួន ៩រូប និងសមាជិកបម្រុងការិយាល័យនយោបាយចំនួន ២រូប ។
ថ្ងៃ ៥-១២ ខែមេសា ឆ្នាំ ១៩៨៩ សន្និបាតកម្មាភិបាលទូទាំងប្រទេសបានឯកភាពលើរបាយការណ៍អំពីសភាពការណ៍កម្ពុជារយៈពេល ១០ឆ្នាំ (១៩៧៩-១៩៨៩) និងទិសដៅសំខាន់ៗ ១៩៨៩-១៩៩០ និង បណ្តាឆ្នាំបន្ត ព្រមទាំងបានអនុម័តគោលនយោបាយថ្មីចំនួន៥ គឺគោលនយោបាយគ្រប់គ្រង និងប្រីប្រាស់ដីធ្លី
គោលនយោបាយចំពោះកសិករ គោលនយោបាយចំពោះផលិតកម្ម អាជីវកម្ម កសិកម្ម តាមរបៀបប្រវាស់ដៃ គោលនយោបាយចំពោះឧស្សាហកម្មតូច និងសិប្បកម្មក្នុងក្របខណ្ឌសេដ្ចកិច្ចគ្រួសារ ឯកជន សមូហភាព និងរដ្ឋចម្រុះឯកជន និងគោលនយោបាយដឹកជបញ្ជូនឯកជន ។ សន្និបាតបានបោះឆ្នោតបំពេញសិទ្ធិគណៈកម្មាធិការមជ្ឈិម ៧រូប បោះឆ្នោតជ្រើសតាំងបំពេញបនែ្ថមសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ១១រូប និងបោះឆ្នោតជ្រើសតាំងបំពេញបនែ្ថមសមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមចំនួន ១០រូប ។
ថ្ងៃ ១៧-១៨ ខែតុលា ឆ្នាំ១៩៩១ មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសបាន អនុម័តកម្មវិធីនយោបាយ អនុម័តលក្ខន្តិកៈកែប្រែថ្មី និងបានប្តូរ ឈ្មោះបក្សពី បក្សប្រជាជនបដិវត្តកម្ពុជា មកជា គណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចអំពីរូបសញ្ញា របស់គណបក្ស ដែលមានរូបប្រាសាទកំពូល៥ ។ មហាសន្និបាតបានគាំទ្រទាំងស្រុងនូវបទអន្តរាគមន៍របស់សមេ្តច ហ៊ុន សែន ដែលបានធ្វើការវាយតម្លៃលើទិដ្ឋភាពសំខាន់ៗនៃសភាពការណ៍កម្ពុជា និងលើកទិសដៅជំរុញអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ។ ក្នុងអំឡុងពេលនៃមហាសន្និបាតវិសាមញ្ញនេះ អនុវត្តតាមលក្ខន្តិកៈកែប្រែថ្មី សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ១៤ បាន សម្រេចៈ
– ផ្ទេរសមាជិកពេញសិទ្ធិ និងសមាជិកបម្រុងទាំងអស់នៃគណៈកម្មាធិការមជ្ឈិមបក្ស (ពេញសិទ្ធិ៤៦រូ និងបម្រុង ១០រូប ) មកជាសមាជិកគណៈកម្មាធិការកណ្តាលមានចំនួន ៥៦ រូប។
– ផ្ទេរសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខាមជ្ឈិមបក្សទាំងអស់ (សមាជិកការិយា ល័យនយោបាយពេញសិទ្ធិ ១៣រូប បម្រុង ៣រូប និងសមាជិកគណៈលេខាមជ្ឈិមបក្ស ១រូប ) មកជាសមាជិក​ គណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាល មានចំនួន ១៧រូប( គណៈលេខាមជ្ឈិមបក្សចាស់មាន ៦រូបៈ
សម្តេច ហេង សំរិន ឯកឧត្តម ប៊ូ ថង ឯកឧត្តម ស ខេង ឯកឧត្តម សាយ ភូថង ឯកឧត្តម សាយ ឈុំ ឯកឧត្តម កែ គឹមយ៉ាន)។
– តែងតាំង សម្តេច ហេង សំរិន ជាប្រធានកិត្តិយសគណបក្ស។
– ជ្រើសតាំង សម្តេច ជា ស៊ីម ជាប្រធានគណបក្ស និងសម្តេច ហ៊ុន សែន ជាអនុប្រធានគណបក្ស ។
ថ្ងៃ ២៨ -២៩ ខែកក្កដា ឆ្នាំ១៩៩២ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្ស មានតំណាងចូលរួម៦២៣ រូប បានឯកភាពលើការវាយតម្លៃ សភាពការណ៍កម្ពុជាក្នុង អំឡុងពេលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង ទិសដៅខាងមុខ អនុម័តការកែសម្រួលចំណុចមួយចំនួននៃ លក្ខន្តិកៈគណបក្ស ក្នុងនោះមានការកែប្រែរូបសញ្ញាគណបក្ស ដោយប្តូររូបប្រាសាទកំពូល ៥ និងជំនួសមកវិញដោយ រូបព្រាបស នៅកណ្តាល។ ប្រគល់សិទ្ធិជូនគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលកំណត់រូបសញ្ញាថ្មីនៅពេលចាំបាច់ និងកែប្រែអក្សរកាត់នូវឈ្មោះគណបក្សពី គ.ប.ប.ក មកជា ប្រ.ជ ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងបំពេញបនែ្ថម សមាជិកគណៈកម្មាធិការ កណ្តាលចំនួន ១៩ រូបដែលធ្វើឲ្យចំនួនសមាជិក គណៈកម្មាធិការ កណ្តាល នៃគណបក្សសរុបមាន ៧៥ រូប ។ផែ្អកលើមូលដ្ឋាន សេចក្តីសម្រេចចិត្តខាងលើនេះ អង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩២ ដោយមានការចូលរួមពីមន្រ្តីដឹកនាំរបស់គណបក្សនៃក្រសួងស្ថាប័ន និងខេត្ត ក្រុងបានសម្រេចកែប្រែរូបសញ្ញាគណបក្សជាថ្មីពីរូប ព្រាបស មកជា ទេវតាបាចផ្កា វិញ ។
ថ្ងៃ ២៤ -២៧ ខែមករា ឆ្នាំ១៩៩៧ មហាសន្និបាតវិសាមញ្ញតំណាងទូទំាងប្រទេសរបស់ គណបក្សបានអនុម័តជាឯកច្ឆ័ន្ទសេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីស្តារនិងអភិវឌ្ឍប្រទេសជាតិ រយៈពេលខាងមុខ អនុម័តខ្លឹមសារកែសម្រួលចំណុចមួយចំនួននៃលក្ខន្តិកៈគណបក្ស ក្នុងនោះមានការកំណត់អំពីបទភេ្លង និងចម្រៀងរបស់គណបក្ស ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងបំពេញបនែ្ថមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៥រូបដែលធ្វើឲ្យចំនួនសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សសរុបមាន ១៥៣រូប ។
ថ្ងៃ ១៩ មិថុនា ឆ្នាំ១៩៩៨មហាសន្និបាតវិសាមញ្ញាតំណាងទូទាំងប្រទេសមានតំណាង ចូលរួម៧៦៨នាក់ បានអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ការងាររបស់គណបក្ស និងទិសដៅភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩៩៨ អនុម័តសេចក្តីថែ្លងការណ៍នយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោត និងអនុម័តខ្លឹមសារបំពេញបនែ្ថមនៃលក្ខន្តិកៈគណបក្សស្តីពីការរំសាយ ការរួមបញ្ចូលគ្នា និងការធ្វើសម្ព័ន្ធភាពគណបក្ស ។
ថ្ងៃ ២៤-២៥ មេសា ឆ្នាំ២០០៣ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួមចំនួន ៧០៧នាក់ បានអនុម័តរបាយកាណ៍ស្តីពីសភាពការណ៍ និងភារកិច្ចរបស់គណបក្សតាំងពីក្រោយមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាខែមករា ឆ្នាំ១៩៩៧មកដល់បច្ចុប្បន្ន និងទិសដៅភារកិច្ចរបស់គណបក្សសម្រាប់រយៈពេលបន្ត អនុម័តសេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីកសាងនិងការពារប្រទេសជាតិសម្រាប់ឆ្នាំ២០០៣-២០០៨ ដោយកំណត់ច្បាស់អំពីចក្ខុវិស័យយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យរបស់គណបក្ស ។ មហាសន្និបាតបានគាំទ្រជាឯកច្ឆ័ន្ទនូវការម្រេចរបស់ គណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលបានជ្រើសតាំងសមេ្តច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជនរបស់គណបក្សសម្រាប់តំណែងនាយករដ្ឋមន្រ្តីក្នុងនីតិកាលទី៣ ។
ថ្ងៃ ២៨-២៩ មករា ឆ្នាំ២០០៥ សន្តិបាតគណៈកម្មាធិការកណ្តាលលើកទី៣១ អាណត្តិទី៥ របស់គណបក្ស បានអនុមត័របាយការណ៍ស្តីពីសភាពការណ៍ និងទិសដៅភារកិច្ចរបស់គណបក្សរយៈពេលបន្ត និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ៨រូប ធ្វើឲ្យបរិមាណសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលមាន ២៨រូប ។ សន្និបាតបានសម្រេចត្រៀមរៀបចំឆ្ពោះទៅកាន់ការបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាខែមេសា ឆ្នាំ២០០៣ និងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ។
ថ្ងៃ ២១-២៣ វិច្ឆិកា ឆ្នាំ២០០៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួមចំនួន ៨៧០រូប ។ មហាសន្និបាតបានអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៣ដល់ឆ្នាំ២០០៥ និងទិសដៅភារកិច្ចឆ្នាំ២០០៦។ មហាសន្និបាតបានកំណត់គោលដៅចម្បងរបស់គណបក្សសម្រាប់រយៈពេលយូរអង្វែង គឺការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនប្រកបដោយចីរភាពលើមូលដ្ឋាន ធានាសន្តិភាព និងស្ថិរភាពដ៏គត់មត់ដើម្បីឲ្យប្រជាជនគ្រប់ៗរូបបានរស់នៅយ៉ាងសម្បូរសប្បាយសុខដុមរមនា និងសុភ-មង្គល ។ មហាសន្និបាតបានបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលអាណតិ្តទី៥ចំនួន ១២១រូប និងលុបឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៦រូប ដែលបានទទួលមរណភាពធ្វើឲ្យបរិមាណសមាជិកគណៈកម្មាធិការកណ្តាលមានចំនួនសរុប ២៦៨រូប ។ ទន្ទឹមនេះមហាសន្និបាតបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងសម្តេច ហ៊ុន សែន អនុប្រធានគណបក្សជាបេក្ខជនសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៤​ នៃរដ្ឋសភា។
ថ្ងៃ ៣ មិនា ឆ្នាំ២០០៧ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៣បានពិភាក្សា និងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ និងទិសដៅភារកិច្ចរបស់គណបក្សឆ្នាំ២០០៧ និងបោះឆ្នោតជើ្រសតាំងបនែ្ថមសមា ជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ២រូប គឺបង្កើនពីចំនួន២៨រូបដល់៣០រូប។ សន្និបាតបានឯកភាពជាឯកច្ឆន្ទប្រគល់ភារកិច្ចជូនសម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាពង្រឹងបន្ថែមការដឹកនាំដោះស្រាយបាតុភាពរំលោភដីធ្លីរដ្ឋឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដោយពុំមានការលើកលែងចំពោះសមាសភាពណាមួយឡើយ ។
ថ្ងៃ ១២-១៣ មករា ឆ្នាំ២០០៨ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួមចំនួន ៩០០រូប ។ មហាសន្និបាតបានឯកភាពទាំងស្រុងចំពោះការវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោ បាយរបស់គណបក្សពីឆ្នាំ២០០៣ដល់ឆ្នាំ ២០០៧ និងទិសដៅភារកិច្ចឆ្នាំ២០០៨។ មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយ និងគោលការណ៍ ១១ ខ របស់គណបក្សដើម្បីបន្តកសាង និងការពារមាតុភូមិពីឆ្នាំ ២០០៨ដល់ឆ្នាំ ២០១៣ ព្រមទាំងបណ្តាភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៤នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០០៨ ។
ថ្ងៃ ២៥-២៦ ខែមេសា ឆ្នាំ២០០៩ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៤ អាណតិ្តទី ៥ មានតំណាងចូលរួមចំនួន ៨១៥រូបបានពិភាក្សា និងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍និងការងារគណបក្សឆ្នាំ ២០០៨ និងទិសដៅភារកិច្ចឆ្នាំ ២០០៩ ក្នុងនោះមានការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ ហើយបានបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលចំនួន៦រូប គឺបន្ថែមពី ២៩រូបដល់ ៣៥រូប ។
ថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ២០១៣ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួមចំនួន ២២៤៨រូប ។ មហាសន្និបាតបានអនុម័តសេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាងនិងការពារមាតុភូមិឆ្នាំ ២០១៣-២០១៨ ។ ទនឹ្ទមនេះបានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ មហាសន្និបាតគាំទ្រជាឯកច្ឆ័ន្ទ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
­ ថ្ងៃទី ៣០,៣១ ខែមករា -ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស មានតំណាងចូលរួមចំនួន ១៣៩៥រូប។ មហាសន្និបាតបានវាយតម្លៃយ៉ាងល្អិតល្អន់ ចំពោះការងារបោះឆ្នោតរបស់គណបក្សទាំងចំណុចខ្លាំងចំណុចខ្សោយ ហើយបានដកស្រង់មេរៀនពិសោធន៍មួយចំនួនអំពីការបោះឆ្នោត ។
មហាសន្និបាតគាំទ្រចំពោះដំណើរការកែទម្រង់ការបោះឆ្នោត ដែលបាននិងកំពុងប្រព្រឹត្តទៅសំដៅធានាឲ្យការបោះឆ្នោតបន្តបន្ទាប់ទៀតមានលក្ខណៈកាន់តែប្រសើរឡើង ដោយខិតខំបន្តដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ តាមរយៈការពង្រីកវប្បធម៌នៃការសន្ទនាគ្នានៅគ្រប់កម្រិត ដោយឈរលើមូលដ្ឋានគោរពឧត្តមប្រយោជន៍ជាតិ និងប្រជាជនតាមគោលគារណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ មហាសន្និបាត កំណត់ទិសដៅភារកិច្ចជំរុញការកសាងពង្រឹងគណបក្សលើគ្រប់ផ្នែកសំដៅលើកកម្ពស់ គុណធម៌ សមត្ថភាព និងកម្លាំងដឹក នាំរបស់គណបក្សឲ្យឆ្លើយតបនឹងសំណូមពរនៃសភាពការណ៍ថ្មី និងធានាការពារយ៉ាងរឹងមាំរាល់សមិទ្ធផលដែលសម្រេចបានរយៈពេល ៣៦ឆ្នាំ កន្លងមកនេះ ។
មហាសន្និបាតបានសម្រេចកែសម្រួលរចនាសម្ព័ន្ធនៃគណៈកម្មាធិការកណ្តាលពីចំនួន ២៦៨រូប ដល់ ៥៤៥រូប ដោយបានលុបឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលដែលទទួលមរណភាព ២៧រូប បញ្ចេញពីគណបក្ស ១រូប លាលែងដោយមូលហេតុសុខភាព ១រូប និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ៣០៦រូប ដើម្បីបង្កើនការដឹកនាំនៅគ្រប់រចនាសម្ព័ន្ធរបស់គណបក្សក្នុងសភាពការណ៍ថ្មីជាពិសេសបង្កើនបរិមាណមន្ត្រីសកម្ម វ័យក្មេង និងស្ត្រី ។ មហាសន្និបាត ជំរុញដំណើរការកែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅរបស់គណបក្សឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយកំណត់ថាកំណែទម្រង់គឺជាអាយុជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៨ បានសម្តែងនូវមហាទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាទីគោរពស្រឡាញ់ និងបានចារិកទុកនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្តេច ដែលមួយជីវិតបានតស៊ូដើម្បីឯករាជ្យពិសេសបានចូលរួមដឹកនាំសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ ដឹកនាំស្តារ កសាងផ្សះផ្សាបង្រួបបង្រួមជាតិ ការពារ និងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ។ សន្និបាតបានដំណើរការបោះឆ្នោតដោយផ្ទាល់ និងដោយសម្ងាត់ ជ្រើសតំាងសមេ្តចអគ្គ­­­មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង ជាអនុប្រធានគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអនុប្រធានគណបក្ស ៕

ចែករំលែក

បញ្ចេញយោបល់