លិខិតមិត្តអ្នកអាន៖ មេឧទ្ទាមក្រៅច្បាប់ឆ្លៀតយកវិបត្តិសេដ្ឋកិច្ចសង្គមដោយសារកូវីដ-១៩ផ្តួលរំលំរដ្ឋាភិបាល

ថ្ងៃចន្ទ ទី ២២ មិថុនា ២០២០​
25

ខណៈពេលដែលពិភពលោកនិយាយជារួម និងកម្ពុជានិយាយដោយឡែក បាននិងកំពុងទទួ​លរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ហើយបង្កើតឲ្យមានវិបត្តិសង្គមទូទាំងពិភពលោកកាន់តែអូសបន្លាយ ក្នុងសភាពមិនប្រាកដប្រជា ដែលបង្ករឡើងដោយការផ្ទុះមេរោគគូវីដ១៩ ចុងក្រោយនេះ មេឧទ្ទាមក្រៅច្បាប់បានឆ្លៀតឱកាសដ៏ល្ងង់ខ្លៅបំផុត ដើម្បីធ្វើការវាយប្រហារលើ​ការ​កាត់​បន្ថយ​ថវិកា​ជាតិ​ជាង​ពាក់​កណ្តាលរបស់រដ្ឋាភិបាលថា ជា​នយោបាយ​បញ្ច្រាស​ទិស និង​ចៀស​មិន​ផុត​ពី​រាស្រ្ត​ក្រោក​បះបោរ​ទម្លាក់ជាក់​ជា​មិន​ខាន។ តើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចនឹងត្រូវដួលរលំដូចការលើកឡើ​ងរបស់មេឧទ្ទាមក្រៅច្បាប់ឬទេ?

វាច្បាស់បំផុត បើទោះបី សេដ្ឋកិច្ចកម្ពុជាត្រូវបានធ្លាក់ចុះដោយសារការទទួលផលប៉ះទង្គិចពីការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ដោយ ក៏រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចដួលរលំតាមការបន់ស្រន់របស់មេឧទ្ទាមក្រៅច្បាប់បានឡើយ ហើយការញុះញង់បំផុសបំផុល ដុតកំហឹងប្រជាជនឲ្យងើបផ្តួលរំលំរដ្ឋាភិបាលក្នុងពេលនេះ គឺពិតជាទង្វើក្បត់ជាតិ ទង្វើបំបះបំបោរ ជាអំពើភេវរកម្ម និងវិទ្ធង្សនាសេដ្ឋកិច្ច ដូចដែលមេឧទ្ទាមក្រៅច្បា​ប់រូបនេះ ធ្លាប់តែងតែបានដាក់ផែន​ការឲ្យសកម្មជនរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសអនុវត្តផែនការវិច្ឆេទក​ម្មសេដ្ឋកិច្ចកន្លងមក ក្នុងទិសដៅបង្កើតឲ្យមានអស្ថេរភាពសង្គម ដោយធ្វើការញុះញង់ និងបំផុសបំផុលឲ្យប្រជាជនមួយចំនួន ដែលជាប់ជំពាក់បំណុលគ្រឹះស្ថានមីហិរញ្ញវត្ថុ និងធនាគារក្នុងប្រទេសងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ហើយប្រឆាំងនឹងកាតព្វកិច្ចសងបំ​ណុលរបស់ខ្លួនជាមួយនឹងបណ្តាមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនោះ។

ក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចសង្គម និងការចូលរួមទប់ស្កាត់ការរីករាលដាលនសមេរោគកូវីដ-​១៩នេះផងដែរ ប្រជាជនកម្ពុជាភាគច្រើនលើសលុប បាននិងកំពុងរួមរស់ក្នុងសុខសន្តិភាព ស្ថេរភាពនយោបាយ មិនត្រូវការចូលរួមក្នុងអំពើបោកប្រាស់ ញុះញង់ បំផុសបំផុលដុតកំហឹងប្រជាជនពីសំណាក់មេឧទ្ទាមក្រៅច្បាប់ឲ្យធ្លាក់ចូលក្នុងអំពើបង្ករឲ្យមានអស្ថេរភាព និងអសន្តិ​សុខសង្គមបានឡើយ។ ប្រជាជនកម្ពុជាភាគច្រើនលើសលុប បាននិងកំពុងគិតគូរនិងយកចិត្តទុកដាក់អំពីជីវភាព និងសេដ្ឋកិច្ចគ្រួសារក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិដោយសារការរីករាលនៃមេរោគកូវីដ១៩យ៉ាងប្រាកដ។

ផ្ទុយពីការគិតដ៏ល្ងង់ខ្លៅបំផុតរបស់មេឧទ្ទាមក្រៅច្បាប់ រដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់បំផុតដោយបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់គ្រប់ជ្រុងជ្រោយដោយប្រយ័ត្នប្រយែងទៅតាមដំណាក់កាលច្បាស់​លា​ស់បំផុត ដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងបានរៀបចំដាក់ចេញផែនការជាកញ្ចប់ក្នុងការស្តារសេដ្ឋកិច្ចទាំងក្នុងពេលកំពុងជួបវិបត្តិកូវីដ១៩ និងជាមួយទស្សនៈវិស័យក្រោយវិបត្តិកូវីដ-​១៩ ពិសេស ការកាត់ចំណាយជាងពាក់កណ្តាលរបស់រដ្ឋាភិបាល គឺជាអភិក្រមទូទៅដ៏ត្រឹមត្រូវបំផុត សម្រាប់សេដ្ឋកិច្ចក្នុងពេលមានវិបត្តិដោយសារកូវីដ-១៩ ដែលជាមាយាទរបស់រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ក្នុងការប្រកាន់យក គឺសន្សំលុយ ហើយមិនមែនសន្សំតែតួលេខទេ គឺសន្សំសាច់ប្រាក់។ ហើយបច្ចុប្បន្នដោយសារមាយាទ និងការចេះសន្សំនេះហើយ ដែលអាចធ្វើឲ្យរដ្ឋាភិបាលសល់សាច់ប្រាក់ដល់ជាង៣៥០០លានដុល្លារ។

ចំពោះជីវភាពរបស់ប្រជាជនជនក្រីក្រទូទាំងប្រទេស ដែលត្រូវបានរដ្ឋាភិបាល បាននិងកំពុងពិនិត្យជាក់ស្តែងតាមស្ថានភាពនៃភាពក្រីក្រគឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងប​ញ្ជាក់ថា នៅថ្ងៃទី២៤ ខែមិថុនា រដ្ឋាភិបាល នឹងបញ្ចេញថវិកាប្រមាណ២៥លានដុល្លារ សម្រា​ប់ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ។

ជាការពិតមេដឹកនាំក្រុមប្រឆាំងផ្កាប់មុខមួយនេះ នៅតែកំពុងដើរលើការគិតខុស មិនដែលត្រូវខាងយុទ្ធសាស្រ្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីជារៀងរហូតមក ហើយដោយ​សា​រភាពល្ងង់ខ្លៅនេះហើយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចប្រើអ្នកនយោបាយដ៏ល្ងង់ខ្លៅបំផុតមួយនេះឱ្យជួយកែរដ្ឋធម្មនុញ្ញពីសំឡេង២ភាគ៣មក៥០បូក១បានយ៉ាងស្រួល។  កន្ល​ងមកមកថ្មីៗនេះ មេឧទ្ទាមក្រៅច្បាប់ ដែលគេស្គាល់ថា ជាអ្នកនយោបាយចាញ់មិនដែលឈ្នះ ហើយស្ទើរតែបាត់ឈ្មោះក្នុងពិភពនយោបាយអាត្មានិយមរត់ចោលស្រុក នៅខំប្រឹងទាំងគ្មានសង្ឃឹម ព្យាយាមយកឈ្នះលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគ្រប់សមរភូមិចាញ់ មិនដែលឈ្នះ បន្តឆ្លៀតប្រើប្រាស់ឧបាយកលខ្មៅក្រខ្វក់បំផុតរបស់ខ្លួនជាថ្មីម្តងហើ​យម្តងទៀត ក្នុងផែនការវិច្ឆេទកម្មសេដ្ឋកិច្ចលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងរឿងការខ្ចីបុលរបស់ប្រជាជនមួយចំនួន។

ជាការពិត ក្នុងឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងទទួលរងនូវផលប៉ះទង្គិចធ្ងន់ធ្ងរបង្ក​រឡើងដោយការរីករាលដាលនៃនមេរោគកូវីដ-១៩ ហើយជាលទ្ធផលសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមានដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន ក្នុងរង្វង់១.៩%។ ទោះ​បីយ៉ាងណាក៏ដោយក្នុងឆ្នាំ២០១៩កន្លងទៅ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់ក្នុងអត្រា៧% ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកមានកំណើនថមថយត្រឹមតែ២.៩%ក្នុងឆ្នាំ២០១៩ ដែលបណ្តាលមកពីការតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ភាពមិនប្រកដប្រជានៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរុប និងភាពតានតឹងក្នុងភូមិសាស្រ្តនយោបាយតំបន់។ល។

សម្រាប់ការរំពឹងទុកជាវិជ្ជមាននោះ គឺក្នុងឆ្នាំ២០២១សេដ្ឋកិច្ចសាកលនឹងត្រូវបានព្យាករណ៍ថា នឹងងើបឡើងមកវិញក្នុងអត្រា៥.៨% ក្រោមការរំពឹងទុកថាជំងឺនេះនឹងធូរស្រាលជាបណ្តើរៗក្នុងឆមាសទី២ ឆ្នាំ២០២០នេះបូករួមនឹងលទ្ធផលទទួលបានពីគោលនយោបាយគាំទ្រសេដ្ឋកិ​ច្ចពីរដ្ឋាភិបាលនីមួយៗដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចត្រឡប់មកសភាពធម្មតាវិញ។ ទោះបីក្នុងស្ថានភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយក៏ក្នុងឆ្នាំ២០២១ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងអាចងើបឡើងវិញមកក្នុងអត្រាកំណើន៣.៥% ដោយសារការរំពឹងទុកការងើបឡើងវិញយឺតនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការកើនឡើងក្នុងកម្រិតទាបនៃតម្រូវការខាងក្រៅ និងទំនុកចិត្តទីផ្សារក្នុងស្រុក។

ជារួម បើទោះបីសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ដោយបានទទួលផលប៉ះទង្គិចពីការរីករាលដាលនៃមេរោគកូវីដ-១៩​ក៏ដោយក៏ស្ថានភាពនៃវិបត្តិនេះមិនអាចធ្វើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែនដួលរលំបានឡើយ។ ពីព្រោះ រដ្ឋាភិបាលបានរៀបចំក្របខ័ណ្ឌគោលនយោបា​យម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២១ខាងមុខនេះយ៉ាងលំអិតបំផុតដើម្បីស្តារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។ ដូច្នេះហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កូវីដ-១៩ មិនអាចសម្លាប់រដ្ឋាភិបាលរបស់លោកបាននោះទេ ហើ​យលោកក៏បានថ្លែងថា អ្នកដែលរង់ចាំឱ្យរាជរដ្ឋាភិបាលរបស់លោកដួលរលំនោះ គឺកំពុងធ្លាក់ចូលក្នុងការវង្វេងទិសដៅហើយ៕

ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់