ធនាគារអភិវឌ្ឍន៍ជនបទ បញ្ចេញថវិកាចំនួន៣លាន៤ សែនដុល្លារអាមេរិក ដើម្បីជួយដល់វិស័យស្រូវ-អង្ករ

ថ្ងៃចន្ទ ទី ២០ កុម្ភៈ ២០១៧​
106

(ភ្នំពេញ) ៖ នាយកធនាគារអភិវឌ្ឍន៍ជនបទ បានឱ្យដឹងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា កញ្ចប់ថវិកាដែលរដ្ឋាភិបាលបានបញ្ចេញ ដើម្បីជួយដល់វិស័យស្រូវអង្ករនោះ ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវទទួលបានកម្ចីចំនួន ៣លាន ៤សែនដុល្លារអាមេរិក។

លោក កៅ ថាវ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានឱ្យដឹងទៀតថា សម្រាប់កញ្ចប់ថវិកា របស់ធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនប្រមូលទិញស្រូវនោះ បើគិតមកទល់ពេល ថវិកាបញ្ចេញបានត្រឹម ៣លាន៤សែនដុល្លារអាមេរិក ស្មើនឹង ១២% នៃថវិកាសរុប ២៧លានដុល្លារអាមេរិក។

លោក បានបន្តទៀតថា ចំពោះក្រុមហ៊ុនប្រមូលទិញស្រូវ និងរោងម៉ាស៊ីនកិនស្រូវ ទោះបីត្រូវការលុយបន្តទៀត ក៏គ្មានស្រូវទិញទៀតទេ ហើយថវិកាក៏ជិតបង្វិលចូលថវិកាជាតិនៅខែ មិថុនាខាងមុខនេះដែរ។ លោក បានបន្ថែមទៀតថា ចំពោះអត្រាការប្រាក់វិញមានតម្លៃថោកជាងធនាគារ ឯកជន និងមីក្រូហិរញ្ញវត្ថុទៅទៀត ហើយកិច្ចការងារសំខាន់របស់ធនាគារអភិវឌ្ឍន៍ជនបទ កំពុងតែធ្វើបន្តគឺផ្តោតលើការសង់ឡសម្ងួត ដែលរដ្ឋាភិបាលបានចំណាយទុនជាង ១០លានដុល្លារអាមេរិក។

សម្រាប់ លោកកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា រឿងទុនបង្វិលនេះ ខាងសហព័ន្ធរៀបចំធ្វើយ៉ាងណាឱ្យអ្នកទទួលបានទុនអាចយកទៅប្រើហើយបានទុនអាចវិលត្រឡប់មកខាងធនាគារវិញ ដើម្បីកុំឱ្យយកទៅប្រើហើយប្រើប្រាស់ខុសទិសដៅ។ លោក ឩកញ៉ា បានបន្ថែមថា ការទទួលបានទុននេះ មិនមែនរឿងសាមញ្ញទេ ព្រោះថវិកានេះដែលយកទៅគឺប្រើប្រាស់ក្នុងរូបភាពសមធម៌ក្នុងវិស័យស្រូវអង្ករ សម្រាប់ជួយដល់រោង ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ៕

ចែករំលែក

បញ្ចេញយោបល់