ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវឲ្យចូលរួមការពារកូវីដ១៩ កាន់តែខ្លាំងខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល

ថ្ងៃអាទិត្យ ទី ៧ មិថុនា ២០២០​
23

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០ បានថ្លែងសារ ដោយបន្តអំពាវនាវឲ្យចូលរួមការពារជំងឺកូវីដ១៩ កាន់តែខ្លាំងថែមទៀត ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ លោក បានថ្លែងសារតាមរយៈ Facebook ដែលមានខ្លឹមសារទាំងស្រុង យ៉ាងដូច្នេះថា៖

«ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើនឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកម្សាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬជែលប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការការឆ្លងរោគ។

ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសឲ្យសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេនោះ គឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះ កំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បើមានចម្ងល់ ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នានាឱកាសចុងសប្តាហ៍នេះផងដែរ៕

ចែករំលែក

បញ្ចេញយោបល់