លិខិតមិត្តអ្នកអាន៖ អង្គការមាតាធម្មជាតិជាបណ្តាញក្រុមចលនាវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា

ថ្ងៃអាទិត្យ ទី ៧ មិថុនា ២០២០​
6

បើទោះបីជាត្រូវបានបណ្តេញចេញ ចាប់បញ្ជូនទៅក្រៅប្រទេស ព្រមទាំងដាក់ឱ្យស្ថិតក្នុងបញ្ជីខ្មៅមិនអនុញ្ញាតឱ្យចូល​កម្ពុជាដោយសារតែប្រព្រឹត្តខុសច្បាប់​ក៏ដោយ ក៏អាឡិច ហ្គន់សាឡេស ដេវិតសុន ជាជនជាតិអេស្ប៉ាញដែលធ្លាប់សម្ងំស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននៅប្រទេ​សកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៥ ក្រោមស្លាក «អង្គការមាតាធម្មជាតិ» នៅតែបន្តសកម្មភាពសងសឹកប្រឆាំងនឹងកម្ពុជា តាមរយៈការញុះញង់បញ្ជាក្រុមយុវជនយុវនារីមួយចំនួ​នដែលខ្លះជាសមាជិកមក​ពីចលនា​មាតាធម្មជាតិ ខ្លះមកពីក្រុមយុវជនអតីតសិស្សរបស់សពបណ្ឌិត កែម ឡី និងខ្លះទៀតជាយុវជនអតីតបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពខុសច្បាប់ក្នុងចេតនាធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។

ពួកគេផលិត និងផ្សព្វផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈបំភ្លៃ បំផ្លើស បំភ័ន្តនិងបំប៉ោងទា​ក់ទងធនធានរ៉ែ បរិស្ថាន ធនធានធម្មជាតិនៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តស្ទឹ​ងត្រែងជាដើមបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម និងចែកផ្សព្វផ្សាយដល់បណ្តាញព័ត៌​មា​នដែលមាន​និន្នាការប្រឆាំងដែលមាន​វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យក្នុងន័យបំ​ផ្លាញកិត្តិយសកម្ពុជាញុះញង់ឱ្យពលរដ្ឋស្អប់ និងប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច ធ្វើសកម្ម​ភាពប្រឆាំងនឹង​ការរីកចម្រើនរបស់ជាតិ ប្រឆាំងការវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជា​តិនៅកម្ពុជា។ តើហេតុអ្វីបានជាជនជាតិអេស្បាញរូបនេះ បន្តការញុះញង់និងធ្វើសកម្មភាពប្រ​ឆាំងនឹងកម្ពុជា?

ទី១៖ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន៖

អាឡិច ហ្គន់សាឡេស ដេវិតសុនបានសហការជាមួយនិង ភិក្ខុ ព្រហ្ម ធម្មជាតិ បង្កើតអង្គការឈ្មោះថា មាតាធម្មជាតិ និងស្នើសុំការចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅខែកញ្ញា ឆ្នាំ ២០១៣ ឃ្លាំមើល ការពារធនធានធម្មជាតិ និងបរិស្ថានដោយធ្វើសកម្មភាពចាប់ផ្តើមពីតំបន់ឱរ៉ាល់ និងតំប​ន់អារ៉ែង។ ទោះបីជា ភិក្ខុ ព្រហ្ម ធម្មជាតិ មានតួនាទីជាប្រធានអង្គការពិតមែន ប៉ុន្តែមិនអាចគ្រ​ប់គ្រងអនុប្រធាន អាឡិច នេះបានឡើយទេ។ អាឡិច បានបោកប្រាស់យកភិក្ខុ ព្រហ្ម ធម្មជាតិ ឱ្យឈរឈ្មោះជាប្រធានអង្គការប៉ុន្តែរាល់សកម្មភាពផ្សេងៗគឺអាឡិច ជាអ្នកគ្រប់គ្រងនិងចាត់​ចែង ហើយថែមទាំងបានដណ្តើមយកត្រារបស់អង្គការទៅប្រើប្រាស់ និងកាន់គណនីធនាគារសម្រាប់ទទួលជំនួយថែមទៀត។

អាឡិចក្នុងនាមជាអនុប្រធានអង្គការមាតាធម្មជាតិ បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈរបស់អង្គការ និងបង្កការស្មុគស្មាញជាច្រើនដល់ថ្នាក់ដឹកនាំអង្គការ ព្រោះធ្វើ​សកម្មភាពបំពានច្បាប់ដូចជា ការរារាំងមន្ត្រីរាជរដ្ឋាភិបាលមិនឱ្យបំពេញការងារ នៅក្នុងដែនអធិបតេយ្យជាតិខ្មែរក្នុងតំបន់អារ៉ែងក្នុងខេត្តកោះកុង និងការញុះញង់ប្រជា​ពលរដ្ឋធ្វើសកម្មភាពប្រឆាំងនឹងអាជ្ញាធរសាធារណៈជាដើម។ ការធ្វើសកម្មភាពទាំងអស់នេះ ត្រូវបានគេជឿថា អាឡិចបានទទួលការគាំទ្រថវិកា​ពីប្រភពផ្សេងៗដើម្បី​បំពេញគោលដៅចម្បងរបស់គេ។ មានការសង្ស័យផងដែរថា អាឡិចបានកឹបកេងថវិកាម្ចាស់ជំនួយ និងធ្វើស្រែលើខ្នងក្រុមយុវជនមួយចំនួនដែលផលិតវីដេអូឃ្លីប​តាមបញ្ជា និងការណែនាំរបស់ខ្លួនដោយវាយប្រហារមកលើអាជ្ញាធររាជរដ្ឋាភិបាលឱ្យកម្រៃតិចតួចបំផុតមិនអាចរស់បានឡើយ។

ក្រុមយុវជនទាំងនោះ ខ្លះបានត្អូញត្អែរពីការរកកម្រៃមិនបានច្រើនពីការបង់ថ្លៃពីការចេញវីដេអូឃ្លីបនេះ និងខ្លះថែមទាំងបានអំពាវនាវឱ្យមានការផ្តល់ជំនួយបន្ថែមដល់គេ។ ដូច្នេះទាំងអាឡិច និងក្រុមយុវជនដែលអះអាងខ្លួនថាជាសកម្មជនស្រឡាញ់ជាតិ ស្រឡាញ់បរិស្ថាន គឺគ្រា​ន់តែជាយកពាក្យទាំងនេះមកបិទបាំង​នឹងការស្វែងរកការ​គាំទ្រថវិកា សម្រាប់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែពួក គេហាក់ជាដូចធ្វើមែនទែនថាខ្លួនជាអ្នកយកចិត្តទុកដាក់លើបរិស្ថាន និងធនធានធម្មជាតិ និងអនាគតជាតិ ខ្លាំងសម្បើម​ណាស់។ តាមពិតគឺជាគីង្គក់លក់ថ្នាំស្រែងតែប៉ុណ្ណោះ! បើពួកគេគ្មានទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនទេ សូម្បីតែអាឡិច ក៏មិនខាំស្មៅដេកស៊ីកេរ​រប​ស់អង្គការ​មាតាធម្មជាតិ ដែលត្រូវបានភិក្ខុ ព្រហ្ម ធម្មជាតិ ស្នើសុំរំលាយចោលនោះទេ។ ការប្រកាសរំលាយអង្គការមាតាធម្មជាតិពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៧។ នេះជាចរិតពិតរបស់អាឡិច ដែលពលរដ្ឋមួយចំនួនឱ្យតម្លៃ ដោយខុសឆ្គងថាជាអ្នកការពារបរិស្ថានធនធានធម្មជាតិ ប៉ុន្តែគឺជាឈ្លើង​សង្គមដែលជញ្ជក់ផលប្រយោជន៍​ពីកម្ពុជាតែប៉ុណ្ណោះ។

ទី២៖ បន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា៖

ទោះបីជាគណបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាំងផ្នែនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយក៏ដោយ ប៉ុន្តែផែនការចាស់របស់ពួកគេនៅតែបន្តអនុវត្ត ហើយពួកគេបានធ្វើសក​ម្មភាពដោយជ្រកនៅក្រោមស្លាកសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ក្នុងក្រុមការ​ងាររបស់អាឡិចបច្ចុប្បន្នត្រូវគេដឹងថាមានបណ្តុំដោយក្រុមយុវជនដែលមានការពាក់ព័ន្ធនឹងអតីតបក្សសង្គ្រោះជាតិ ដូចជា លឹម គីមស័រ ថុន រដ្ឋា ឡុង សុគន្ធា នឿន ដាវីន ផេង ស្រីសរ រាជព្រឹកអារ៉ែង ជាដើម។ ពួកគេបានប្រើប្រាស់រូបភាពជាអ្នកស្នេហាជាតិ ស្រឡាញ់បរិស្ថាន និ​ងធនធានធម្មជាតិដើម្បីធ្វើសកម្មភាពដុតបញ្ឆេះ កំហឹងប្រជាពលរដ្ឋ ញុះញុង និងបង្កកំហឹង និ​ងចលាចលរបស់ប្រជាពលរដ្ឋក្នុងសំណុំរឿងបរិស្ថាន និងធនធានធម្មជាតិ ក្រោមការបញ្ជាផ្ទាល់ពីជនដែលមិនត្រូវស្វាគមន៍ អាឡិច ហ្គន់សាឡេស ដេវិតសុន។

អាឡិចត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមប្រឆាំង ទាំងនៅក្នុងនិងក្រៅប្រ​ទេសហើយបានធ្វើសកម្មភាពបំពេញទៅនឹងផែនការ ដែលក្រុមប្រឆាំងដាក់ចុះ គឺការឡើង គ្រប់គ្រងអំណាចមិនតាមបែបប្រជាធិបតេយ្យ។ ចំណុចមួយទៀត យុវនារីឈ្មោះ លីម គីមស័រ រួមនឹងយុវជនមួយចំនួនដែលកំពុងធ្វើសកម្មភាពក្រោមឆ័ត្រ អង្គការមាតាធម្មជាតិ ត្រូវបានគេស្គាល់ថាជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចូលរួមនៅក្នុងការឃោសនាបោះឆ្នោ​ត និងសកម្មភាពផ្សេងៗ។ ដូច្នេះអ្វីដែលក្រុមយុវជន និងអាឡិច បានផលិតជាព័ត៌មានឬជាឃ្លីបវីដេអូឡើង ទោះបីពេលខ្លះជាការពិត ប៉ុន្តែពួកគេបានបង្កប់នូវទស្សនៈនយោបាយលម្អៀងមួ​យទៅរកក្រុមប្រឆាំង និងបម្រើមហិច្ឆតានយោបាយ របស់ក្រុមប្រឆាំង និងចៅហ្វាយនាយរប​ស់ពួកគេ។

ហេតុដូច្នេះហើយបានជាព័ត៌មាននិងវិដេអូឃ្លីបដែលពួកគេបានផ្សព្វផ្សាយ សុទ្ធតែបង្កប់ដោ​យ​ការបំផ្លិចបំផ្លាញ រិះគន់មិនមែនដើម្បីស្ថាបនា ប៉ុន្តែជាការរិះគន់ ដើម្បីជាន់ពន្លិច និងបំផ្លាញទំនុកចិត្តប្រជាពលរដ្ឋមកលើអាជ្ញាធររាជរដ្ឋាភិបាល បន្ថែមពីផលប្រយោជន៍ ផ្សេងៗដែលពួកគេទទួលបានសម្រាប់ក្រុមនិងបក្ខពួកគេ។ ទោះបីជាអង្គការមាតាធម្មជាតិត្រូវបានស្នើសុំឱ្យរំ​លាយពីប្រធានរបស់ខ្លួនហើយក្តី ប៉ុន្តែអង្គការចាត់តាំងរបស់អង្គការនេះនៅតែដំណើរការដដែ​លក្រោមការបញ្ជាផ្ទាល់របស់អាឡិច និងមានអ្នកទទួលបញ្ជាដើម្បីអនុវត្តនៅកម្ពុជា។

ទី៣៖ ធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា៖

អាឡិចបានបញ្ចូលមនោគមវិទ្យាតួឯកនិយមដល់ក្រុមយុវជនរបស់ខ្លួនលើផ្នែកបរិស្ថាននិងធ​នធានធម្មជាតិ និងបានញុះញង់ឱ្យយុវជនទាំងនោះចេញមុខក្នុងការវាយប្រហាររិះគន់បែបជាន់ពន្លិចជាសាធារណៈ ខណៈខ្លួនបានដឹងច្បាស់ហើយថា សកម្មភាពដែលក្រុមយុវជនបាននិងកំពុងធ្វើរាល់ថ្ងៃ គឺជាសកម្មភាពខុសច្បាប់ព្រោះបានយកឈ្មោះអង្គការមាតាធម្មជាតិដែលគ្មានក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃមកធ្វើសកម្មភាពបំភ័ន្តសាធារណៈមតិ។ ប៉ុន្តែវាជាចេតនារបស់អា ឡិចនិងក្រុមបក្សប្រឆាំងតែម្តងដើម្បីទាញយកចំណេញនយោបាយនៅក្នុងករណីអា​ជ្ញាធរចាត់វិធានការប្រឆាំងទង្វើល្មើសច្បាប់របស់ពួកគេដោយឃោសនាបែបវាយប្រហារលើប្រ​ព័ន្ធផ្សាយរបស់ពួកគេថាជាការ រំលោភសិទ្ធិមនុស្ស និងបិទសិទ្ធិសេរីភាពជាដើម។ តាមពិតយុ​វ​ជនយុវនារីទាំងអស់នេះគឺជាជនស្លូតត្រង់ ប៉ុន្តែត្រូវបានធ្វើអាជីវកម្មនយោបាយដោយក្រុមប្រ​ឆាំងតាមរយៈអាឡិច ទៅលើយុវជនមួយចំនួនដែលបានស្រើបស្រាល និងពាក្យបញ្ជោរពា​ក្យសរសើរបង្កបដោយន័យនយោបាយរបស់អាឡិច និងក្រុមប្រឆាំងដែលមានគោលដៅច្បាស់លាស់គឺ ការផ្លាស់ប្តូររបបតាមបែបបដិវត្តន៍ពណ៌ដែលពួកគេបានបរាជ័យយ៉ាងអាម៉ាស់ ក្រោយបែកការណ៍តាមរយៈការទម្លាយរបស់ កឹម សុខា។

តាមពិតនៅក្នុងសង្គមមួយមិនអាចដំណើរការល្អឥតខ្ចោះនោះឡើយតែងតែមានបញ្ហាកើតឡើង ហើយអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយបញ្ហា ប៉ុន្តែក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេមិនត្រូវកេងចំណេញនយោបាយ រហូតដល់យកបញ្ហាដែលកើតឡើងមក ដុតបញ្ឆេះកំហឹងពលរដ្ឋ បំភ័ន្តប្រជាពលរដ្ឋ ដើម្បីបម្រើគោលដៅនយោបា​យខ្លួនឡើយ។ គ្មាននរណាស្រឡាញ់ខ្មែរជាងពលរដ្ឋ ខ្មែរខ្លួនឯងឡើយ ហើយអាឡិចដែលអះអាងថាស្រឡាញ់ខ្មែរក៏ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

កម្ពុជាឥឡូវនេះបានបោះជំហានមកជាប្រទេសដែលមានការអភិវឌ្ឍមានកំណើនសេដ្ឋកិច្ច ប្រមាណ៧,៥% ជារៀងរាល់ឆ្នាំ និងមានតួនាទីសំខាន់ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោ​ក ជាប្រទេសស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសនានាលើសកលលោក សូមក្រុមប្រឆាំងរួមនឹងជនបរទេសមួយចំនួន គួរទុកឱ្យកម្ពុជាបានសុខ សន្តិភាព និងបន្តអភិវឌ្ឍជាតិ ពីព្រោះកម្ពុជាមានបទពិសោធឆ្អែតឆ្អន់រួចហើយនៃការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងនិងសូមពលរដ្ឋដែលមាននិន្នាការ ប្រឆាំងកុំងុបងុល និងកុំ ជឿបរទេសពេក ព្រោះជម្រើសតាមក្រុមជនបរទេសកាលពីអតីតកាល កម្ពុជាមិនដែលមានវាសនាល្អនោះទេ សន្តិភាពរបស់កម្ពុជាបាន ត្រឹមជាង ១០ឆ្នាំប៉ុណ្ណោះក៏វិលទៅរកសេចក្តីវិនាសហិនហោចដោយសារតែក្រុមប្រឆាំង និងបណ្តាញក្រុមវិទ្ធង្សនាដែលធ្វើ សកម្មភាពដូចសព្វថ្ងៃនេះ។ ដូច្នេះ កម្ពុជាមិនត្រូវការក្រុមជនបំផ្លាញជាតិ ធ្វើវិទ្ធង្សនាដូចក្រុមអាឡិច និងក្រុមប្រឆាំងក្បត់ជាតិរត់ចោលស្រុកឡើយ ហើ​យរាជរដ្ឋាភិបាលបានព្រមានរួចជាស្រេចហើយថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនអ​នុញ្ញាតឱ្យក្រុមជនមួយក្តាប់តូច ធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា បំផ្លាញសន្តិភាព ការអភិវឌ្ឍដកម្ពុជារកបានដោយពិបាកនេះជាដាច់ខាត៕

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់