ព្រះ​រាជា​និង​ព្រឹត្តិ​ការណ៍​សម័យ​លង្វែក ព្រះបាទ​ចន្ទ​រាជា(១៥១៦ – ១៥៦៦)

ថ្ងៃចន្ទ ទី ២០ កុម្ភៈ ២០១៧​
728

ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ ១៥១២ នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។
ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស ១៥១៦។
រហូតដល់ឆ្នាំ ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។
ចាប់ពីឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រឡែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី … ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។

ព្រះបាទបរមរាជា (១៥៦៦ – ១៥៧៦)

ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខែត្រខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះយកខែត្រនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខែត្រនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយលាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅ គ.ស ១៥៧៦។

ព្រះបាទសត្ថាទី១ (១៥៧៦ – ១៥៨៦)

ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។

ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦ -១៥៩៣)
ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ ១១ ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម ៦ ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ ១៥៩៣។

ចែករំលែក

បញ្ចេញយោបល់