រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកដំណើរការភ្លើងស្តុបសន្ធរម៉ុកមួយរយៈដើម្បីរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី

ថ្ងៃព្រហស្បតិ៍ ទី ៤ មិថុនា ២០២០​
12

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការភ្លើងស្តុបសន្ធរម៉ុកមួយរយៈខណៈដែលក្រុមការងាររុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មីនិងរត់បណ្តាញក្រោមដីថ្មីដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុកនេះមេត្តាយោគយល់អធ្យាស្រ័យ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុកមេត្តាយោគយល់អធ្យាស្រ័យចំពោះការផ្អាកដំណើរការភ្លើងស្តុបមួយរយៈពេល ដោ​​យសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីដែលរងផលប៉ះពា​ល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក។ លោក សាំ ពិសិដ្ឋ បានបញ្ជា​ក់ថា ភ្លើងស្តុបថ្មីនឹងដំណើរការឡើងវិញនៅចុងសប្តាហ៍ក្រោយក្នុងរយៈពេលនេះកម្លាំងសមត្ថកិ​ច្ចនគរបាលចរាចរណ៍ និងអាជ្ញាធរ នឹងសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ។

បើតាមផែនការស្ពានអាកាសថ្មើរជើង នៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើរយៈពេ​ល៦ខែដើម្បីស្ថាបនាឲ្យបានរួចរាល់ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពមិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។ ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិសតែម្តងគឺត្រូវសាងសង់កាត់ទ​ទឹងផ្លូវម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែដើម្បីបង្កលក្ខណៈងាយស្រួលដ​ល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយក្នុងនោះរួមមាន៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែង។ បើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកគ​ម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យនិងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

 

ចែករំលែក

បញ្ចេញយោបល់