លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ សួនសមិទ្ធផលតេជោនឹងឆ្លុះបញ្ជាំងឱ្យឃើញពីតំបន់សុខដុមណីយកម្មប្រវត្តិសាស្ត្រខ្មែរ នៅក្នុងវិមានឈ្នះឈ្នះ

ថ្ងៃព្រហស្បតិ៍ ទី ៤ មិថុនា ២០២០​
10

ភ្នំពេញ៖ គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានប្រជុំពិក្សាការងារ ដើម្បីឆ្លងផែនការសាងសង់សួនសមិទ្ធផល ក្នុងវិមានឈ្នះ ឈ្នះ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និងមានការចូលរួមពីសមាជិកគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ មកពីបណ្តា ស្ថាប័នក្រសួងស៊ីវិល និងកងឯកភាពនានា ក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំ លោក ទៀ បាញ់ បានមានប្រសាសន៍លើកឡើងពីការងារដែលត្រូវធ្វើបន្តបន្ថែមទៀតនៅវិមានឈ្នះ ឈ្នះ ជាពិសេសការរៀបចំកសាងបន្ថែមទៀតនៅតំបន់សមិទ្ធផល ក្នុងវិមានឈ្នះ ឈ្នះ នៅផ្នែកខាងជើង ក្នុងពេលដែលវិមានឈ្នះ ឈ្នះ បានសាងសង់រួចរាល់ហើយ នូវតំបន់សុខដុមណីយកម្មប្រវត្តិសាស្ត្រខ្មែរ នៅផ្នែកខាងត្បូងនៃវិមានឈ្នះឈ្នះ។ លោក បានបញ្ជាក់ទៀតថា ដើម្បីអបអរសាទរទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០នាពេលខាងមុខ សួនសមិទ្ធផលថ្មីចំនួន៤ ដែលនឹងត្រូវសាងសង់នៅវិមានឈ្នះ ឈ្នះ នេះ ត្រូវធ្វើអោយហើយដើម្បីប្រារព្ធពិធីសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលពិធីអបអរសាទរទិវានយោបាយឈ្នះ ឈ្នះ នេះត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំនាថ្ងៃទី២៩ ខែធ្នូ ដើម្បីលើកពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវការបញ្ចប់សង្រ្គាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស។

កិច្ចប្រជុំនាឱកាសនោះ ក៏បានធ្វើការពិភាក្សា ឆ្លងនូវសួនសមិទ្ធផលតេជោ ចំនួន ៤ ដែលត្រូវសាងសង់នៅវិមានឈ្នះ ឈ្នះផងដែរ។ ការសាងសង់សួនសមិទ្ធផលនៅវិមានឈ្នះ ឈ្នះ ដើម្បីរំលេចគ្រប់វិស័យសំខាន់ៗស្រប តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលផ្ដោតទៅលើកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា ដែលសមិទ្ធផលទាំងនេះបានកើតចេញពីនយោបាយឈ្នះ ឈ្នះ។

សួនសមិទ្ធផលតេជោទាំង ៤ នោះរួមមាន៖ ទី១. សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ ដែលបានរៀបចំសាងសង់ដោយក្រុមការងារវិមានឈ្នះ ឈ្នះ, ទី២. សួនការពារជាតិនៃ ខ.ភ.ម ដែលរៀបចំសាងសង់ដោយ អគ្គបញ្ជាការ នៃ ខ.ភ.ម, ទី៣. សួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលរៀបចំកសាងដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមសហការជាមួយអគ្គស្នងការនគរបាលជាតិ និងទី៤.សួនរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា ដែលត្រូវរៀបចំកសាងមជ្ឈមណ្ឌលរក្សាសន្តិភាព អិន ភី ម៉ិក (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ (CMAC)។

ក្នុងមតិបូកសរុបបិទកិច្ចប្រជុំ លោក ទៀ បាញ់ បានណែនាំដល់ការរៀបចំសាងសង់សួនសមិទ្ធផលទាំង ៤ នៅវិមានឈ្នះ ឈ្នះ ត្រូវធ្វើយ៉ាងណារាល់ការសាងសង់ ត្រូវធ្វើអោយមានរចនាបទលក្ខណៈវប្បធម៌ខ្មែរ ពិសេសត្រូវរំលេចនូវអត្តសញ្ញាណនយោបាយឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាព ហើយរាល់វត្ថុធាតុដើមសាងសង់ត្រូវធានាអោយបាននូវភាពរឹងមាំបានយូរអង្វែង៕

ចែករំលែក

បញ្ចេញយោបល់