លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ រាជរដ្ឋាភិបាលគ្រោងរៀបចំរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលពិសេសហើយតាមខេត្តក្លាយជា «រដ្ឋបាលស្វយ័ត» នាពេលអនាគត

ថ្ងៃពុធ ទី ៣ មិថុនា ២០២០​
15

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តសិក្សា និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យទៅជារដ្ឋបាលពិសេសដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានវិទ្យាទំនើបដែលអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត។ លោកបានថ្លែងដូចនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ស ខេង បានបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិថ្មីនេះនឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្របសម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ កម្មវិធីជាតិនេះ ក៏នឹងសិក្សាជម្រើសនានាដើម្បីកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗដើម្បីដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធនឹងការវិនិយោគ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានបង្ហើបថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំនិងដាក់ឱ្យអនុវត្តកម្មវិធីជាតិរយៈពេលវែងមួយទៀតដែលត្រូវចាប់ផ្ដើមឆ្នាំ២០២១តទៅដើម្បីធានាបន្តអនុវត្តកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗដូចជាការបន្តពង្រឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកាអនុវត្តមុខងារ បញ្ហាសមត្ថភាពបុគ្គលិក ប្រព័ន្ធកសាងផែនការ បែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។ លោកបានបញ្ជាក់បន្ថែមថា នៅរយៈពេលចុងក្រោយនេះ យើងបានសម្រេចកិច្ចការធំៗជាច្រើនប៉ុន្តែទន្ទឹមនឹងនេះ នៅមានកិច្ចការមួយចំនួនទៀតនៅសេសសល់ដែលចាំបាច់ត្រូវបន្តរៀបចំនូវកម្មវិធីជាតិសម្រាប់កំណែទម្រង់នេះក្នុងរយៈពេលមួយជាកំណត់ជាបន្ត ដោយសារតែនេះជាកិច្ចការថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់យើងដែលទាមទារការអត់ធ្មត់ និងពិចារណាគ្រប់ជ្រុងជ្រោយចៀសវាងកំហុសទាំងឡាយណាប៉ះពាល់ដល់ការបំរើសេវាជូនប្រជាពលរដ្ឋ៕

ចែករំលែក

បញ្ចេញយោបល់