ក្រុមប៉ូលិសបានបាញ់ស្លាប់បុរសស្បែកខ្មៅម្នាក់ទៀតហើយនៅរដ្ឋ Kentucky ភាគអាគ្នេយ៍សហរដ្ឋអាមេរិក

ថ្ងៃអង្គារ ទី ២ មិថុនា ២០២០​
22

អាមេរិក៖ យោងតាមសារព័ត៌មានអង់គ្លេស The Independent នៅល្ងាចថ្ងៃអង្គារទី០២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសស្បែកខ្មៅអាមេរិកដែលមិនមែនជាបាតុករផងនោះ ត្រូវបានអាជ្ញាធរប៉ូលិសអាមេរិកបាញ់បណ្តាលឲ្យស្លាប់ពេលអាជ្ញាធរបំបែកក្រុមបាតុករនៅទីតាំងមួយកន្លែងក្នុងទីក្រុង ល្វីសវាល (Louisville) នៃរដ្ឋខិនទុកឃី (Kentucky) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។

ជនរងគ្រោះខាងលើមានឈ្មោះថា ដេវីដ ម៉ាកអេធី (David McAtee) អាយុ ៥៣ឆ្នាំ មានមុខរបរជាម្ចាស់ ហាងលក់សាច់អាំងមួយកន្លែង។ ប៉ូលិសក្រុង Louisville បានប្រាប់ថា លោកបានបាត់បង់ជីវិតនៅពេលប៉ូលិស និងកងឆ្មាំការពារជាតិបានបាញ់កាំភ្លើង សំដៅទៅកាន់ហ្វូងបាតុករបន្ទាប់ពីមានការបាញ់មកលើខាងអាជ្ញាធរ។ មន្រ្តីប៉ូលិសពីរនាក់ ដែលពាក់ព័ន្ធក្នុង ករណីបាញ់ប្រហារនោះ មិនបានបើកដំណើរការកាមេរ៉ា ដែលបំពាក់ជាប់ខ្លួនពួកគេឡើយមុនការផ្ទុះអាវុធកើត ឡើង។ កងកម្លាំងត្រូវបានបញ្ជូនឲ្យទៅកាន់កន្លែងចំណតរថយន្តមួយកន្លែង ដើម្បីបំបែកក្រុមបាតុករ។

ជុំវិញហេតុការណ៍ខាងលើ អភិបាលក្រុង Louisville លោក ហ្គ្រេក ហ្វីសសឺ (Greg Fischer) បានសម្រេចដកតួនាទីមេបញ្ជាការប៉ូលិសប្រចាំទីក្រុងនេះចោល ហើយមន្រ្តីប៉ូលិសពីរនាក់នោះ ដែលត្រូវបានព្យួរការងារជាបណ្តោះអាសន្នផងដែរ។ ចំណែកអភិបាលរដ្ឋ Kentucky លោក អ៊ែឌី បេហ្ស៊ារ (Andy Beshear) បាននិយាយថា ប៉ូលិសប្រចាំរដ្ឋរបស់លោក នឹងបើកការស៊ើបអង្កេតជុំវិញការស្លាប់របស់លោក McAtee។

គួរជម្រាបថា ស្របពេលដែលការអះអាងពីខាងប៉ូលិសនៃទីក្រុង Louisville គឺប៉ូលិសរបស់ខ្លួន ០២នាក់ និងកងឆ្មាំការពារជាតិ ០២នាក់ទៀត បានសម្រេចប្រើអាវុធបែប នេះដោយសារតែមានការបាញ់ប្រហារមុនទៅលើពួកគេពីខាងក្រុមបាតុករ មនុស្សមួយចំនួនបានអះអាងផ្ទុយវិញថា ពេលនោះគឺខាងអាជ្ញាធរអាមេរិកប្រើកម្លាំងបាញ់ដើម្បីអនុវត្តបម្រាមគោចរមិនមែនបំបែកហ្វូងបាតុករទេ៕

 

ចែករំលែក

បញ្ចេញយោបល់