លោក ស ខេង ក្រើនរំលឹកដល់អាជ្ញាធរខេត្តកែបត្រូវយកចិត្តទុកដាក់បង្ការ បង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន

ថ្ងៃសុក្រ ទី ២៩ ឧសភា ២០២០​
10

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ បានគូសបញ្ជាក់ថា ទោះបីជាខេត្តកែបមិនទាន់ក្លាយ ជាគោលដៅ នៃឧក្រិដ្ឋកម្មគ្រឿងញៀនក៏ដោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន សម្រាប់ពេលអនាគត កុំឲ្យជនឱកាសនិយមប្រើប្រាស់ទីតាំងខេត្តនេះ ជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មគ្រឿងញៀន។ លោក បានក្រើនរំលឹកថា គ្រឿងញៀនជាបញ្ហាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខេត្តកែប និងកំពត ត្រូវចូលរួមទប់ស្កាត់កុំឲ្យបញ្ហាគ្រឿង ញៀន រីករាលដាលដល់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប។

ជាងនេះទៀត លោក ស ខេង ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធឲ្យបន្តខិតខំប្រឹងប្រែងបង្ក្រាបបញ្ហាគ្រឿងញៀននេះ ពោលគឺមិនត្រូវមើលស្រាលបញ្ហានេះឡើយហើយត្រូវបំផុសឲ្យមានការចូលរួមគាំទ្របន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀននេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ស ខេង ក៏បានសម្ដែ ងការគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់អភិបាលខេត្តទាក់ទងនឹងការបន្តខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលការណ៍មានប្រសិទ្ធភាព និងមានឥទ្ធិពលក្នុង ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៕

ចែករំលែក

បញ្ចេញយោបល់