លោកឧបនាយករដ្ឋមន្រ្តី ស ខេង ជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជាអនុវត្តផែនការសកម្មភាពការងារឆ្នាំ២០២០ និងឆ្នាំ២០២១ ឱ្យកាន់តែមានប្រសិទ្ធភាព

ថ្ងៃព្រហស្បតិ៍ ទី ២៨ ឧសភា ២០២០​
13

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋាននានា ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម លោក ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិតសភានគរបាលកម្ពុជា ហើយក្នុងពេលកន្លងទៅថ្មីៗនេះ បណ្ឌិតសភានគរបាលកម្ពុជា ក៏ទើបតែបានឆ្លងនូវផែនការសកម្មភាពផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០របស់ខ្លួនផងដែរ ដែលផែនការនេះត្រូវបាននិងកំពុងចាត់ចែងអនុវត្តក្នុងពេលបច្ចុប្បន្ន។ លោក ក៏បានមានប្រសាសន៍គូសបញ្ជាក់បន្តថា ចំពោះផែនការសកម្មភាពឆ្នាំ២០២០កន្លងទៅ ក៏បានជួបនូវឧបសគ្គខ្លះៗផងដែរ ដែលជាបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ហើយសូម្បីតែការសិក្សារៀនសូត្ររបស់សិក្ខាកាមនគរបាលជាតិ ក៏យើងបានផ្អាកទូទាំងប្រទេស។

ក្នុងន័យនេះផងដែរ លោក ស ខេង ក៏បានស្នើដល់អគ្គនាយកដ្ឋានផ្សេងៗដែលមិនទាន់បានរៀបចំផែនការឆ្នាំ២០២០នៅឡើយ ឲ្យបន្តខិតខំថែមទៀត ដើម្បីអាចធ្វើជាមូលដ្ឋានបង្អែកក្នុងការធ្វើសកម្មភាព។ សម្តេច ក៏បានមានប្រសាសន៍ថា ជាការពិតលោកក៏យល់ថា កន្លែងខ្លះក៏ពិបាកក្នុងការធ្វើផែនការជាក់លាក់នេះផងដែរ ប៉ុន្តែយើងត្រូវតែខិត្តឲ្យអស់លទ្ធភាព ដើម្បីបានជាមូលដ្ឋាន និងជាបទពិសោធន៍សម្រាប់យកទៅអនុវត្តនៅពេលខាងមុខទៀត។ លោក ក៏បានជំរុញឲ្យអង្គភាព ឬអគ្គនាយកដ្ឋានទាំងអស់ បើបានរៀបចំផែនការសកម្មភាពឆ្នាំ២០២០រួចហើយ សូមឲ្យខិតខំបន្តរៀបចំធ្វើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១បន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់