វរសេនីយ៍ឯកយោធាហ្វីលីពីន​ កោតសរសើរការដឹកនាំ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ មានការរីកចម្រើន​លើគ្រប់វិស័យ​

ថ្ងៃព្រហស្បតិ៍ ទី ២៨ ឧសភា ២០២០​
7

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯកជោសែល ជីស្សូនីហ្កា (Josel J.Zuniga) អនុព័ន្ធយោធាហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ បានអបអរចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោកវរសេនីយ៍ឯក ជោសែល ជីស្សូនីហ្កា ក្នុងរយៈពេល៤ឆ្នាំ នៅកម្ពុជា ដែលបានបំពេញតួនាទីប្រកប ដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹងក្រសួង ស្ថាប័ន រដ្ឋ កងទ័ព និងប្រជាជនកម្ពុជា។ ហើយបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក ជោសែល ជីស្សូនីហ្កា ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសយើងទាំងពីរ ពិសេសវិស័យកងទ័ព រហូតសំរេចបានការចុះពិធីសារ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ទៀតផង។

ក្នុងនោះលោក នាង ផាត ក៏បានថ្លែងអំណរគុណ លោកវរសេនីយ៍ឯក ជោសែល ជីស្សូនីហ្កា ដែលបានជំរុញក្នុងការផ្តល់ការបណ្តុះបណ្តាលឲ្យដល់នាយទាហានក្នុងខ.ភ.ម បានមួយចំនួន ទៅសិក្សានៅប្រទេសហ្វិលីពីន និងបានកោតសរសើរចំពោះកងទ័ពហ្វីលីពីន ដែលបានបំពេញភារកិច្ចដ៏ល្អក្នុងកិច្ចការការពារជាតិ និងសុវត្ថិភាពសង្គម ក្នុងប្រទេសខ្លួនកន្លងមក ទោះបីពិភពលោកកំពុងទទួលការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ជោសែល ជីស្សូនីហ្កា បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ក៏ដូចអគ្គបញ្ជាការ និងបណ្តាកងឯកភាពរបស់កងទ័ពនានា ដែលបានជួយសម្រួលឲ្យលោកទទួលបានជោគជ័យ នៃបេសកកម្មការទូតរយៈពេល៤ឆ្នាំនៅកម្ពុជា។ លោកបានសំដែងក្តីរីករាយ ដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលខ្លី ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងនៅភ្នំពេញ និងនៅគ្រប់ទីកន្លែង។ ទាំងនេះបានឆ្លុះបញ្ចាំងពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺធ្វើឱ្យប្រទេសកម្ពុជាទទួលការអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាព។

បន្ថែមពីនោះ លោកវរសេនីយ៍ឯក ជោសែល ជីស្សូនីហ្កា បានជម្រាបជូនរដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិថែមទៀតថា ក្នុងកំឡុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា អនុព័ន្ធយោធាហ្វីលីពីនបានសម្រចនូវសមិទ្ធផលនានាជូនចំពោះកងទ័ពកម្ពុជា មានដូចជា៖ បានពិនិត្យរួមគ្នា នូវពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំង២ កម្ពុជា-ហ្វីលីពីន ពិសេសគឺយើងបានបើកកិច្ចប្រជុំរួម និងធ្វើការដកពិសោធន៍ពីគ្នាទៅវិញទៅមក ហើយលោកសង្ឃឹមថា ក្រសួងការពារជាតិកម្ពុជា នឹងបន្តជួយជ្រោមជ្រែងដល់លោកអនុព័ន្ធយោធាថ្មី ដែលមកបន្តភារកិច្ចពីលោក ដូចដែលបានអនុវត្តជាមួយលោកកន្លងមកដែរ៕

ចែករំលែក

បញ្ចេញយោបល់