លោកស្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រប្រឈមនឹងជីវភាពខ្វះខាតក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩

ថ្ងៃព្រហស្បតិ៍ ទី ២៨ ឧសភា ២០២០​
15

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញដែលកំពុងតែប្រឈមនឹងការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីក​រាលដាលនៃជំងឺផ្លូវដង្ហើម ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីសំណាក់លោក លោក ស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយថ្នាក់ជាតិតាមមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ដោយឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រតាមសហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក នាយករដ្ឋមន្ត្រី និងភរិយាតាមរយៈរដ្ឋបាលរាជធានីភ្នំ ពេញ បានឧបត្ថម្ភអង្ករចំនួន ១០តោន ក្នុងមួយខណ្ឌ សរុប ១៤០តោន ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរមូល ដ្ឋានចុះធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀង អាហារ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរចំពោះប្រធានក្រុមការងារចុះជួយតាមខណ្ឌ អភិបាលរាជធានី ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ លោក លោកស្រីអភិ បាលខណ្ឌទាំង១៤ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូលនិងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លង មក។ ចំណែកឯកិច្ចប្រជុំថ្ងៃនេះគឺប្រារព្ធឡើងគឺឆ្លើយ តបនឹងសេចក្តីណែនាំ លេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញា ណ កម្ម គ្រួសារក្រីក្រអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។

លោកស្រី ម៉ែន សំអន ក៏បានស្នើនូវចំណុចមួយចំនួនដូចជា៖
១.ប្រធានក្រុមការងារចុះតាមខណ្ឌ និងមន្រ្តីជំនាញទាំងអស់ ត្រូវជម្រុញអនុវត្តឲ្យបានតាមសេចក្តីណែនាំ លេខ ១៧ របស់រដ្ឋាភិបាល ដែជារបៀបវារៈប្រជុំព្រឹកនេះ ដោយមានការចូលរួម និងសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសម្រេចធ្វើឱ្យបានចប់សព្វគ្រប់នៅ ដំណាច់ខែឧសភាឆ្នាំ ២០២០ ចំពោះតំបន់ជនបទ និង តំបន់ទីប្រជុំជន ឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ ២០២០។
២.ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែ មិថុនា ឆ្នាំ២០២០ នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ ។
៣.ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំសតិអារម្មណ៍ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ចែករំលែក

បញ្ចេញយោបល់