ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍ជាលើកទី២

ថ្ងៃពុធ ទី ២៧ ឧសភា ២០២០​
11

សៀមរាប៖ នេះជាលើកទី២ ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំង ប្រកបរបរជិត ៣ឆ្នាំមកហើយ បានលើកឡើងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺជាការស្ម័គ្រចិត្តដោយមានការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរជាតិអប្សរា ដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីដែលល្អប្រសើរជាងមុន ហើយគាត់សប្បាយចិត្តនឹងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងអភិវឌ្ឍន៍តាមតម្រូវការទេសចរណ៍ ដើម្បីបម្រើជាសាធារណៈ និងជាឱកាសផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក ដែលនាំមកនូវផលចំណេញវិជ្ជមានមិនចេះរីងស្ងួតទៅអនាគត។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា មកដល់ពេលនេះមានសំណង់ភោជនីយដ្ឋានចំនួនបួនខ្នងហើយ ដែលបានរុះរើដោយស្ម័គ្រចិត្ត គឺភោជនីយដ្ឋាន chez sophea ២ខ្នង និងផ្ទះបាយតានីខ្មែរ ២ខ្នង។ លោកក៏បានថ្លែងអំណរគុណចំពោះលោក ជ្រុន គឹមសេង ដែលបានស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍ជាលើកទី២ ដើម្បីកែប្រែបរិវេណមុខប្រាសាទអង្គរវត្ត ផ្នែកខាងលិចឱ្យមានព្រៃឈើ សួនច្បារ កន្លែងលំហែកាយ កន្លែងផ្តល់សេវាកម្ម និងជាកន្លែងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារអន្តរជាតិប្រកបដោយគុណភាព។

នៅចុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការសាងសង់អគារ និងរៀបចំហេដ្ឋារចនាសម្ពន្ធមួយផ្នែកសម្រាប់ឱ្យអាជីវករលក់ដូរដែលផ្លាស់ប្តូរពីទីតាំងមុខប្រាសាទអង្គរវត្ត ឱ្យចូលមកទីតាំងថ្មីដោយឥតបង់ថ្លៃ។ ដំណាក់កាលបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងស្វែង​រកដំណោះស្រាយល្អៗដល់អាជីវករ អនុវត្តគម្រោងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់ផ្សេងៗ ហើយ​អគារថ្មីដែលកំពុងសាងសង់នឹងរួចរាល់ទាំងស្រុងនាចុងឆ្នាំ២០២០នេះ ដើម្បីផលប្រយោជន៍​រួមរបស់ប្រជាជនខ្មែរនិងប្រទេសជាតិទាំងមូល៕

ចែករំលែក

បញ្ចេញយោបល់