ទស្សនៈមិត្តអ្នកអាន៖ ឧទ្ទាមក្រៅច្បាប់លេងល្បែងឈឺសាច់ដោយឲ្យពលរដ្ឋរងគ្រោះជំនួសខ្លួន

ថ្ងៃពុធ ទី ២៧ ឧសភា ២០២០​
12

អំឡុងពេល​ផ្ទុះឡើងជំងឺកូវីដ-១៩ មុនដំបូងនៅចុងឆ្នាំ២០១៩ និងបានឆ្លង​ចូល​មក​ប្រទេសកម្ពុជា​​កាលពីចុងខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរទុកជាស្រេចនូវសេណារីយោជាច្រើន ដើម្បីជាវិធានការទប់ស្កាត់ជំងឺនេះ កុំឲ្យកើតមាននៅក្នុងសហគមន៍ និងក៏ត្រៀមផងដែរផែនការសេដ្ឋកិច្ច​សម្រាប់ទ្រទ្រង់ជាតិ ក្នុងករណីជំងឺនេះកើត​មាននៅកម្ពុជា ហើយបន្តអូសបន្លាយក្នុងរយៈពេលណាមួយ ខណៈពិភពលោកទាំង​មូលគ្មានប្រទេសណាមួយ​អាចគេចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះបានឡើយ ពោលគឺរាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយសោះឡើយ។

ផែនការទ្រង់ទ្រង់ជាតិ មានវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម សំណង់ ធនាគារ​។ល។ ជាវិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញបន្តបន្ទាប់ រួមទាំងវិធានការជួយទ្រទ្រង់ដល់ជីវភាពកម្មករ-កម្មការិនីរោងចក្រកាត់ដេរ និងដេរស្បែកជើង ជួយសម្រួលដល់ថៅកែរោងចក្រ អ្នកវិនិយោគទុន សហគ្រា​សធុន​តូច-មធ្យម និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពសងការប្រាក់ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុជា​ដើម​​។ វិធានការទាំងអស់នេះគឺសុទ្ធសឹងតែជាការគិតគូរបានម៉ត់ចត់គ្រប់ជ្រុងជ្រោយដើម្បីធានាបានទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរក្សាបានលំនឹង​សេដ្ឋកិច្ចជាតិក្នុងអំឡុងពេលដ៏លំបាកនេះ។

កន្លងមកធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការមួយចំនួនចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែ​លស្ថិតក្រោមដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជារួមមាន៖ ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេលនៃការប៉ះពាល់នៃជំងឺកូវីដ-១៩ ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអនុ​គ្រោះ​បន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង​លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ការបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជនទំនាក់ទំនងនៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជា​ដើម។ ការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាគ្រប់​មជ្ឈដ្ឋាន​ប៉ុណ្ណោះទេ ​ក៏ទទួលបានការគាំទ្រ និងស្វាគមន៍ពីអន្តរជាតិផងដែរអំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការការពារសេដ្ឋកិច្ចជាតិផងដែរ។

ការរៀបរាប់ខាងលើនេះ ត្បិតថា ​មិនលម្អិតស៊ីជម្រៅក៏ពិតមែន ក៏ប៉ុន្តែវាជាគិតគូរដោះស្រាយបញ្ហាចំពោះមុខភ្លាមៗ ដែលគ្មានអ្នកណាអាចនឹកស្មានដល់ថា ជំងឺកូវីដ-១៩ បាន​បង្ក​មហន្តរាយ​វិនាស​សកម្ម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល និងបានបង្កឲ្យមាន​វិបត្តិ​សេដ្ឋកិច្ច​សម្រាប់​ពិភពលោកទាំង​មូល ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ធ្ងន់​ធ្ងរ​ជាងសង្គ្រាម​​លោកទាំងពីរលើកទៅទៀត។ ទោះបែបនេះក្តី គេឃើញមានអ្នកតាំងខ្លួនជាអ្នកមានកម្រិតវប្បធម៌ខាងសេដ្ឋកិច្ចខ្ពង់ខ្ពស់​ជាងគេជាងឯង ផ្តល់ជាយោ​បល់ថា អំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋដែ​លជំពាក់ប្រាក់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំសងទាំង​ការប្រាក់ និងប្រាក់ដើម។ ការស្នើបែបនេះ ត្រូវបានអ្នកជំនាញខាងសេដ្ឋកិច្ចអះអាងថា ជាអ្នក​គ្មានចំណេះដឹងខាងសេដ្ឋកិច្ចទាល់តែសោះ ផ្ទុយទៅវិញ ​គ្រាន់តែដើម្បីឆ្លៀតកេងចំណេញខាងនយោបាយពីជំងឺកូវីដ-១៩ ហើយស្តីបន្ទោសរដ្ឋាភិបាលថា អសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងពេលដែលកម្ពុជា និងពិភពលោកទាំងមូល គ្មានប្រទេសណាមួយអាចគេចផុតពីវិបត្តិជំងឺកូវីដ-១៩។

ការលើកឡើងល្ងិតល្ងង់ខាងសេដ្ឋកិច្ចបែបនេះ វាមិនមែន​ជា​ដំណោះស្រាយ​សម្រាប់ប្រជាពលរដ្ឋកម្ពុជានោះ​ឡើយ ​ត្បិតថា បញ្ហាសេដ្ឋកិច្ច ជា​រឿង​សំខាន់​ដែល​គេ​​ត្រូវសិក្សាឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មុននឹងដាក់ចេញជាវិធានការដើម្បីអនុវត្ត។ ក៏ប៉ុន្តែ អ្វីដែលរដ្ឋាភិបាលបានធ្វើ គឺកំពុងតែសម្រួលដល់ការបង់ប្រាក់របស់ប្រជាពល​​រដ្ឋដែលជាប់ជំពាក់បំណុលធនាគារ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាព។ ការអ​ន្តរាគមន៍របស់រាជរដ្ឋាភិបាល ពិតជាបានជួយដោះបន្ទុកដល់ប្រជាពលរដ្ឋដែលថមថយចំណូល​អំឡុងពេលនៃវិបត្តិកូវីដ-១៩ ពី​ព្រោះ​​ថា ដំណើរការសេដ្ឋកិច្ចប្រទេសមួយ​ ប្រសិនបើផ្អាកចរន្ត​ណាមួយនឹងធ្វើឲ្យសង្វាក់សេ​ដ្ឋកិច្ចជាប់គាំង វាប្រៀបបាននឹងម៉ាស៊ីន​មួយ តែកាលណាមីញ៉ុងណាមួយខូចលែងវិល នោះវានឹងធ្វើឲ្យប្រព័ន្ធម៉ាស៊ីនទាំងមូលលែងដំណើរការតែម្តង។

រាជរដ្ឋាភិបាលបានស្នើ​ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងអ្នកជំពាក់បំណុលជួប​ជជែកគ្នា។ ក្នុងករណីអ្នកជំពាក់​​បំណុលគ្មានលទ្ធភាពសង គឺត្រូវធ្វើកាលវិភាគសងឡើងវិញ មានន័យថា ទុករយៈពេលឲ្យសងវែងជាងមុន ហើយប្រសិនបើអ្នកសងគ្មានលទ្ធភាព​ពិតមែន អាចពន្យារពេលអំឡុងវិបត្តិកូវីដ-១៩នេះ ដោយសងការប្រាក់​​តិចតួច​​បំផុតតាម​ដែល​អាច​ធ្វើ​ទៅបាន​។ ឧទាហរណ៍ថា មួយខែត្រូវសង ១០០ដុល្លារ អាចសងត្រឹម​តែ ១០ដុល្លារ ក្នុង​​មួយ​ខែវិញ ដោយធ្វើយ៉ាងណា​កុំឲ្យអត់សងសោះ ពីព្រោះ​តែកាលណា​អត់​សង​សោះ គឺមានអារម្មណ៍ផ្សេងក្នុង​ការចាយវាយ ដូច្នេះ​អ្វីដែលរដ្ឋា​ភិបាលបានធ្វើ គឺជាជម្រើសដ៏ល្អបំផុតអំឡុងពេលវិបត្តិកូវីដ-១៩នេះ។

សរុបមកវិញ ការអំពាវនាវ​របស់​ក្រុមឧទ្ទាម​ប្រឆាំងក្រៅ​ច្បាប់​ឲ្យប្រជាពលរដ្ឋ​កុំសងការ​ប្រាក់ និងប្រាក់​ដើម​ដល់​​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ គឺ​ជា​ចេតនាទុច្ចរិត​បង្កើត​ឲ្យ​មានចលាចល​សង្គម និង​ញុះញង់​ឲ្យ​មានការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ខណៈ​ក្នុង​ពិភពលោក​នេះ គ្មាន​ប្រទេស​ណា​មួយ​ចែង​ច្បាប់​ថា ជំពាក់​គេ​ហើយ អត់​សង​នោះទេ។ ការអំពាវនាវបង្កប់​ដោយល្បិចពិសពុលបែប​​នេះ គឺជាការបោកប្រាស់ និងកំពុងលេងល្បែងន​យោ​បា​យបែបឈឺសាច់ហើយ​រុញប្រជាពល​រដ្ឋ​ឲ្យរងគ្រោះ មានទុក្ខទោស​ជំនួសខ្លួនឯង ដើម្បីចំណេ​ញ​ផ្នែកនយោ​បាយ ដែល​ប្រជា​ពលរដ្ឋទាំងអស់មិនត្រូវចាញ់បោកមេឧទ្ទាម​ក្រៅ​ច្បាប់​នេះឡើយ៕​​

ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់