ទស្សនៈមិត្តអ្នកអាន៖ ចរិតក្រុមឧទ្ទាមគឺដដែលៗ!

ថ្ងៃពុធ ទី ២៧ ឧសភា ២០២០​
13

នៅក្នុង​សំណេរ​មួយ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែលបាន​​សរសេរ​អំពី​រឿង​បំណុល​ហិរញ្ញវត្ថុ​នៅកម្ពុជា​ និង​បាន​បង្ហោះ​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ បាន​លើក​​ឡើង​ថា​​សេចក្តី​ថ្លែង​ការណ៍​នោះ​ តាម​ពិត​វា​គ្រាន់​តែ​ជា​សំណេរ​​មួយ​​របស់​​មនុស្ស​មួយក្រុម​តូច​​ ដែល​កំពុង​មាន​ទោស​រត់​គេច​ខ្លួន​ពីសំ​ណាញ់​ច្បាប់​នៅក្រៅ​ប្រទេស​ ហើយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុម​ឧទ្ទាមក្រៅ​ច្បាប់​​ទៅ​ហើយ​ ដូច្នេះ​វា​មិន​​មែន​​ជា​​តំណាង​​ឱ្យ​គំនិត​របស់​គណបក្ស ឬតំណាង​ប្រជាពលរដ្ឋ​​​ដោយ​​ស្រប​​ច្បាប់​ដើម្បី​​ឱ្យ​រាជ​រដ្ឋាភិបាល​យកមក​ពិចា​រណា​ ឬ​ធ្វើ​តាម​នោះ​ទេ ពីព្រោះ​អតីត​បក្ស​ប្រឆាំង​នៅកម្ពុជា ​ត្រូវ​បាន​រំលាយ​​ដោយ​ច្បាប់​បាត់​ទៅ​ហើយ​​។ ជាង​នេះ​ទៀត​ សំណេរ​នេះ​​​គឺ​ជា​សំណេរ​ដែល​មាន​ចរិត​ញុះញង់​ បំបះ​បំបោរ​ឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​មិន​ស្តាប់​ការ​គ្រប់​គ្រង​រដ្ឋ​របស់​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះ​​។ ដូច្នេះ​ ប្រជាពលរដ្ឋ​ភាគច្រើន​លើស​លប់​នឹង​មិន​ធ្វើ​តាម​ ឬ​ជ្រួល​ច្របល់តាម​​ដូច​ការ​ញុះញង់​របស់​ក្រុម​ឧទ្ទាម​មួយក្តាប់​តូច​នោះ​ឡើយ​។ ក្រុម​ឧទ្ទាម​នេះ​ធ្លាប់​បាន​ប្រើ​វិធី​បែប​នេះ​ដើម្បី​បំផ្លាញ​ភាព​សុខ​សា​ន្ត​ និង​ញុះញង់​ពលរដ្ឋ​ជាច្រើន​លើក​រួច​មក​ហើយ​ ដូច​ជាការ​​បង្កើត​ព្រឹត្តិ​ការណ៍​ថ្ងៃ​៩ វិច្ឆិកា​ ឆ្នាំ​២០១៩​ ជា​ដើម​ តែ​ទី​បំផុត​គឺ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជឿតាម​ជាប់​គុគ​ ជាប់​ច្រវ៉ាក់​ទៅវិញ​។​​​

ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ពិត​ជា​ធ្វើ​ឱ្យ​មាន​វិបត្តិ​សេដ្ឋ​កិច្ច​សកល​យ៉ាង​ពិត​ប្រាកដ​ ក្នុង​នោះ​ប្រទេស​កម្ពុជា ​ក៏​បាន​ទទួល​រង​នូវ​វិបត្តិសេដ្ឋកិច្ច​​​នេះ​​ផង​​ដែរ​។​ អាច​និយាយបាន​ថា​រោគ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​គឺ​បាន​ធ្វើ​ឱ្យ​ទាំង​ប្រជាជន​យើង​ និង​ប្រជាជន​គេ​នៅទូទាំង​សកលលោក​គឺ​មាន​ផល​ប៉ះ​ពាល់​ដូច​ៗ​គ្នា​ ប៉ុន្តែ​ សម្រាប់​ប្រទេស​កម្ពុជា​​គឺ​យើង​មាន​ការ​គ្រប់​គ្រង​ស្ថាន​ការ​បាន​ល្អ​ ទាំងស្ថាន​​ការ​នៃ​ការ​​ឆ្លង​​រាត​​ត្បាត​​និងស្ថាន​​ការ​នៃ​ការ​​គ្រប់​គ្រង​និរន្តរភាព​សេដ្ឋ​កិច្ច​សង្គម​​នៅ​​តែ​មាន​ប្រក្រតីភាព​ជា​ធម្មតា​​។​​​

ដោយ​ឡែក​សម្រាប់​ផ្នត់​គំនិត​របស់​ក្រុម​​ឧទ្ទាម​ក្រៅច្បាប់​ដែល​កំពុង​រត់​ចោលស្រុក​នោះ​ គឺ​បាន​ខិត​ខំ​បំភ្លៃ​ស្ថាន​ការ​ថា​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​មាន​ជីវភាព​ដាច់​បាយ​ ធ្លាក់​ខ្លួន​ក្រតោកយ៉ាក​ទៅ​វិញ​។ ជាការ​ពិត​លុះត្រា​តែ​សង្គម​​ដែល​​មាន​​ការ​​រីក​​ចំរើន ទើប​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទៅ​ខ្ចី​លុយ​ធនាគារ​ ឬស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​​ ដើម្បី​យក​មក​ប្រកប​អាជីវកម្ម​ ឬ​បង់​រំលោះ​ទិញ​ដីធ្លី​​ ផ្ទះ​ ឡាន​ ម៉ូតូ ។ល។​ ដូច្នេះ​ បើ​ប្រជាពលរដ្ឋ​ពិត​ជា​​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​ឧទ្ទាម​​​​​ក្រៅច្បាប់​នោះ​ ប្រហែល​ជា​ប្រទេស​មិន​មែន​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។

ជាការពិត​ ស្ថានភាពនៅ​កម្ពុជា​ ផល​ប៉ះពាល់គឺ​ពិត​ជាមាន​ ប៉ុន្តែ​មាន​វិស័យខ្លះ​វា​ប៉ះ​ពាល់តិចតួច​ ឬក៏​ច្រើន​​ និង​ក៏មាន​វិស័យ​ខ្លះវា​មិន​ប៉ះពាល់​ផង​ដែរ​ គឺ​មិន​មែន​សុទ្ធតែ​ប៉ះពាល់​ទាំង​អស់​នោះ​ទេ​។​ ចំពោះ​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ដំណើរ​ការ​នៃ​ការ​សង​ប្រាក់​ គឺ​មាន​ដំណើរ​ការ​ខ្លះ​ក៏​ល្អ​ និង​ខ្លះ​ទៀត​ក៏មិន​ល្អ​ ហើយ​សម្រាប់​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​នេះ​ រាជ​រដ្ឋាភិបាល​ បាន​ចាត់​វិធានការ​ណែនាំ​ដល់​ស្ថាប័ន​ទាំង​នោះ​រួច​ទៅហើយ​ មិន​មែនដូច​​​​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ដេក​លក់​នៅបរទេស​ទើប​តែ​ងើប​ឡើង​លើក​​យក​​បញ្ហា​​នេះ​​មកនិយាយ និង​​សរសេរ​នៅពេល​នេះ​ទេ។​

ទាំង​រាជ​រដ្ឋាភិបាល​ និង​អាណាព្យាបាល​លើ​វិស័យ​ធនាគារ​ គឺ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ធ្វើ​សេចក្តី​ណែនាំ​ជា​ច្រើន​ដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ឯកជន​នានាដែល​ក្នុង​នោះត្រូវ​ផ្តោត​លើ​​ចំណុច​សំខាន់​បីយ៉ាង​គឺ​៖​​​ ទី១- ការ​អនុញ្ញាត​​​ឱ្យបន្ត​​មាន​កម្ចី​​​​​​ហិរញ្ញវត្ថុ​ចំពោះ​វិស័យ​ណា​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩​ ជាពិសេស​គឺ​វិស័យ​កសិកម្ម​​ដែល​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុង​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​នាំ​អង្ករ​ចេញ​ជាដើម​។​  ទី២- រាជរដ្ឋាភិបាល ​ក៏បាន​ណែនាំ​ដល់​វិស័យ​ធនាគារ​ និង​​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ដោះស្រាយ​បញ្ហា​បំណុល​ធនាគារ​នេះ​ដោយ​វិធី​ទន់​ភ្លន់​ ដោយ​មិន​ត្រូវ​ឱ្យ​មាន​ការរឹប​អូស​ និង​ពិន័យ​ចំពោះ​អ្នក​​កម្ចីឥណទាន​ឡើយ​។​ ចំណែក​វិធាន​​ការ​សំខាន់​ទី៣​​ រាជរដ្ឋាភិបាល​បាន​នែនាំ​ឱ្យ​ម្ចាស់​កម្ចី​មាន​ការ​កត់​ត្រា​តាម​ដាន​ថា​ តើ​អតិថិជន​ប្រភេទ​ណាខ្លះ​ដែល​មាន​ផលប៉ះពាល់​ពិត​ប្រាកដ​ និង​ផល​ប៉ះពាល់​ល្មម​ ដែល​អាច​ឱ្យ​រាជរដ្ឋាភិបាល​មាន​វិធាន​ការ​ក្នុង​ការ​កំណត់​គោលនយោបាយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ជួយដោះ​ស្រាយ​។​

ចំណែក​ធនាគារ​ជាតិ​កម្ពុជា​ ក៏បាន​ចេញ​សារាចរណែនាំ​ដល់​គ្រប់​ស្ថាប័ន​ឥណទាន​ថា​ត្រូវ​ពិនិត្យ​មើល​​ និង​ពិ​ភាក្សា​​លើ​ការ​រៀប​ចំកិច្ច​ស្យា​ឥណទាន​សារ​ជាថ្មី​វិញ​ ជាមួយ​នឹង​អ្នក​កម្ចី​ឥណទានណា​​ដែល​មាន​ផល​ប៉ះពាល់​ ហើ​យ​មាន​ការ​ស្នើ​សុំ​ពី​សាមីខ្លួន​​ ដោយ​ផ្តោត​លើ​វិស័យធំៗ​ចំនួន​៤​ ដែល​ទី​១ គឺ​ការ​ពិនិត្យ​ និង​ពិភាក្សា​លើ​ប្រភព​ចំណូល​របស់​កម្មករ​-កម្មការិនីជាមួយម្ចាស់​ឥណទាន​លើការ​​​ដែល​ទទួល​បាន​ប្រាក់​ខែ​ពី​រោង​ចក្រ​កាត់​ដេរ​ ដែ​ល​មាន​កំរិត​ខុស​ពី​មុន​។ មាន​ន័យ​ថា​ បើ​ពី​មុន​កម្មករ-កម្មការិនី​ គាត់​មាន​​ចំណូល​​ច្រើន​​ គាត់​ត្រូវ​សង​រំលោះ​ច្រើន​ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​ គាត់​មាន​ចំណូល​តិចគាត់​​ក៏​ត្រូវ​សង​រំលាស់តិច​ទៅ​តាម​ទំហំទឹក​​ប្រាក់​​ចំណូលរបស់​កម្មករ​-កម្មការិនី​ផង​ដែរ​។ ទី​២​ ចំពោះ​វិស័យ​ដឹកជញ្ជូន​​  ទី​៣​​ វិស័យ​សំណង់​​​ និង​ទី៤ វិស័យ​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ ក៏ត្រូវ​ជួប​ពិភាក្សាគ្នា​ដើម្បី​សម្រប​សម្រួល​លើ​វិស័យ​ឥណទាន​នេះ​ផង​ដែរ​។​

ជាលទ្ធ​ផល​ ចាប់​តាំង​ពី​មាន​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ និង​ធនាគារ​ជាតិ​កម្ពុជា​ តាំង​ពី​ថ្ងៃ​ទី​២៧ ខែមីនា​ មក​គឺ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ ឬតំរូវ​ឱ្យ​មាន​ការ​លក់​ទ្រព្យធានា​របស់​អ្នក​កម្ចី​ឥណទាន​ណាម្នាក់​ដើម្បី​យក​មក​សង​ធនាគារ​ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឡើយ​។ ក៏ប៉ុន្តែ​ អតិ​ថិជន​ ឬ​អ្នក​កម្ចី​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​មិន​សង​មក​ធនាគារ​ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ទៅ​តាម​ការ​ញុះញង់​តាម​សំណេរ​របស់​ក្រុមឧទ្ទាម​ក្រៅ​ច្បាប់​ដែល​កំពុង​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់​នោះ​ទេ។​ អតិថិជន ឬអ្នក​កម្ចី​ មាន​កាតព្វ​កិច្ច​សង​រំលោះ​​ប្រសិន​បើមុខរបរ​របស់​គាត់មិនមាន​ផល​ប៉ះពាល់​ ប៉ុន្តែ​បើមុខ​របរនោះ​មាន​ផល​ប៉ះពាល់​នៅក្នុង​រយៈពេល​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩នោះ​ គឺ​អតិថិជន​ ឬអ្នក​កម្ចី​ឥណទាន​នោះ​នឹង​ត្រូវ​បាន​ពិនិត្យ​ពិភាក្សា​លើក​ការ​រៀប​ចំ​កិច្ចសន្យា​ឥណទាន​ឡើង​វិញ​ដោយ​ផ្តោត​លើ​សារាចរ​នែនាំ​របស់​ធនាគារ​ជាតិ​កម្ពុជា​ជាចាំបាច់​។

ក្រៅ​អំពី​ការ​ចេញ​នូវ​សារាចរ​ណែនាំចំពោះ​ស្ថាប័ន​ធនាគារ​ និង​មី​ក្រូហិរញ្ញវត្ថុ​ឯកជន​​ ធនាគារ​ជាតិ​កម្ពុជា ​ក៏​បាន​ចេញ​នូវ​ប្រកាសមួយ​ស្តី​អំពី​ការ​បន្ធូរបន្ថយ​ទុន​បំរុង​កាតព្វ​កិច្ច​ ដែល​ពី​មុន​គឺ​មាន​រហូត​ដល់​ ១២,៥%​ ត្រូវ​ទំលា​ក់​ម​ក​នៅ​ត្រឹម​​៧%​វិញ​ ដើម្បី​ឱ្យ​មាន​គំលាត​ដើមទុន​បន្ថែម​ទៀត​ ហើយ​រាជ​រដ្ឋាភិបាល​ក៏​នឹង​ពិចារណា​បញ្ចុះ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​អនុបាត​ (Benefit Cost Ratio)នៃ​ការ​ប្រាក់​កាន់​តែ​ទាប​ដែល​អាច​ផ្តល់​លទ្ធភាព​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុឯកជន​ទាំង​អស់​មាន​លទ្ធភាព ​ឈរ​ជើង​ជាប់​នៅ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ហើយ​ពួក​គេ​នឹង​អាច​មានលទ្ធភាព​បន្ត​ផ្តល់​កម្ចី​ទៅដល់​អតិថិជន​ដែល​ប្រកប​មុខ​របរ​ដែល​មិនមាន​ផល​ប៉ះពាល់​ ជាពិសេស​អ្នក​ប្រកប​មុខ​របរ​ក្នុង​វិស័យ​កសិកម្ម​​។​

រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​ធនាគារ​ផ្តល់​មូលនិធិ​ដល់​សហគ្រាស​ផលិត​ខ្នាត​តូច​ និង​មធ្យម​ផង​ដែរ​ ដើម្បី​ទ្រទ្រង់​ដល់​វិស័យ​នេះ​ នៅក្នុង​អំឡុង​ពេល​នៃ​ការ​កើត​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩នេះ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​រហូត​ដល់​៥០លាន​ដុល្លារ​ សម្រាប់​ទុន​របស់​រដ្ឋ​ និង​មាន​ការ​ចូល​រួម​ទុន​ពី​វិស័យ​ឯកជន​ប្រមាណ​៥០លាន​ដុល្លារ​បន្ថែម​ទៀត​។ ដូច្នេះ​ផលទុន​សរុប​សម្រាប់​ទ្រទ្រង់​វិស័យ​សហគ្រាស​ផលិត​ខ្នាត​តូច​ និង​មធ្យម​នេះ​គឺ​មាន​ប្រមាណ​១០០លាន​ដុល្លារ​ឯណោះ​។​

ជាង​នេះ​ទៀត​ រដ្ឋ​ក៏​បាន​ចាត់​វិធានការ​ត្រៀម​ទុន​បំរុង​ចំនួន​ប្រមាណ​៥០០លានដុល្លារ ដើម្បី​ស្តារ​​សេដ្ឋកិច្ច​​ឡើង​​វិញ​​នៅ​ពេល​ដែល​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ បាន​ធូរ​ស្រាល​ដើម្បី​ជួយ​ដោះ​ស្រាយ​បន្ទុក​របស់​ពលរដ្ឋ​ និង​សហគ្រាស​ដែល​រងផលប៉ះពាល់​ ហើយ​ទុន​បំរុង​នេះ​គឺ​សម​ស្រប​ទៅ​តាម​ទំហំ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដើម្បី​ស្តារ​សេដ្ឋកិច្ច​មកវិញ​។​

ជារួម​ ការ​ដោះស្រាយ​ផលវិបាក​លើ​ផ្នែក​សេដ្ឋកិច្ច​នៅកម្ពុជា​​ គឺ​រាជរដ្ឋាភិបាល​បាន និង​កំពុង​ដំណើរ​​ការ​ជាបណ្តើរ​ៗ​​រួច​​ទៅ​ហើយ​ គឺ​មិន​ត្រឹម​តែ​គិត​គូរ​តែ​រឿង​បំណុល​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​មួយមុខ​នោះ​​ទេ​​​ ដូច្នេះ​ ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​​ដែលកំពុង​​សំងំ​សុខ​ឯក្រៅ​ប្រទេស​​​ មិន​បាច់​ប្រើ​សំណេរ​បែប​ល្បិច​កល​នយោបាយ​របស់ខ្លួនមក​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ងើប​ឡើង​តវ៉ា​លើ​បញ្ហា​កម្ចី​ឥណទាន​នោះ​ទេ​ ពី​ព្រោះ​​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទាំង​នោះ​កំពុង​វិល​វល់ និង​វង្វេង​ទិស​នយោបាយ​របស់​ខ្លួន​ទៅ​ហើយ​ ដោយ​ម្តង​​​មេ​​ឧទ្ទាម​កំពុង​ចេញ​សារ​ញុះញង់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​សង​រំលោះ​បំណុល​ហិរញ្ញវត្ថុ​ធនាគារ​ និង​ម្តង​សូម​​អំពាវ​នាវ​ឱ្យរាជរដ្ឋាភិបាល​ជួយ​បន្ធូរបន្ថយ​ និង​ពន្យា​រ​ពេល​ការ​សង​ប្រាក់​កម្ចី​ទៅ​វិញ​។​​ សុភាសិត​ខ្មែរ​បាន​ពោល​ថា​ «ក្របីស៊ីស្រូវ​បង​មិនសូវ​ហ៊ាន​ដេញ​ ក្របីដើរចេញ​បងដេញឱ្យ​ស្រី​មើល​» ចរិត​ក្រុម​ឧទ្ទាម​គឺ​ដដែលៗ​ ៕

 ដោយ៖ យី វិត (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប)​

ចែករំលែក

បញ្ចេញយោបល់