ទស្សនៈមិត្តអ្នកអាន៖ ចង្រៃដ៏ធំរបស់មនុស្ស គឺយល់ច្រឡំថាខ្លួនឯងអស្ចារ្យលើសគេ

ថ្ងៃអង្គារ ទី ២៦ ឧសភា ២០២០​
16

ក្រុមមនុស្សដែលតែងតែមានគំនិត គិតទុច្ចរិតចំពោះប្រទេសកំណើតខ្លួនឯង ហើយឱនក្បាលបំរើផលប្រ​យោ​ជន៍បរទេស បំផ្លាញប្រទេសជាតិខ្លួនទាំងងងើលជាថ្នូរនឹងការចង់បានអំណាចមកក្តោបក្តាប់ គឺជាមនុ​ស្សដែលអត់កំណើត និងគ្មានតម្លៃសូម្បីតែបន្តិចទាល់តែសោះ ដូចពាក្យចាស់មួយឃ្លារបានពោលថា «រស់គ្មានអ្នករាប់-ងាប់គ្មានអ្នកយំ» ដូច្នេះដែរ។ ក្រុមមនុស្សប្រភេទនេះ មានតែពាក្យថា ក្បត់ជាតិប៉ុណ្ណោះដែលស័ក្តិសមនឹងពួកគេ។ អ្វីដែលពួកគេតែងតែធ្វើ ហើយគិតថាធ្វើដើម្បីជាតិនោះ គឺការចង់បានប្រទេសជាតិទាំងមូលទៅក្តោបក្តាប់ ដោយយកពាក្យស្នេហាជាតិធ្វើជាខែល លាក់បាំងទង្វើដ៏ទុច្ចរិតរបស់ពួកគេ ប៉ុន្តែល​ទ្ធផលគឺមិនជោគជ័យឡើយ ដូចគេថា «សូម្បីទេវតា ក៏មិននៅខាងមនុស្សអាក្រក់ដែរ»។ ពួកមនុស្សទាំងនោះចូលចិត្តតាំងខ្លួនជាមនុស្សមានចំនេះដឹងខ្ពង់ខ្ពស់ រៀនសូត្រសុទ្ធតែនៅបរទេស មានគំនិតវិភាគលំ​ដា​ប់​ខ្ពស់កប់ពពក គិតពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាធំ និងតែងតែសម្ញែងអួតថាខ្លួនជាក្រុមមនុស្សអស្ចា​​រ្យគួរឱ្យគោរពក្នុងសង្គមមនុស្សនិងមានអ្នកគាំទ្រច្រើន។ល។

ដោយសារតែពួកគេមានទម្លាប់អាក្រក់ បញ្ជោរ និងលើកតម្កើងខ្លួនឯង ឱ្យខ្ពស់ហួសមេឃបែបនេះហើយ ទើ​បពួកគេមើលមិនឃើញពីតំលៃអ្នកដទៃ និងតំលៃរបស់ប្រជាពលរដ្ឋខ្មែរ ដោយធ្វើនយោបាយបែបបោកប្រាស់ប្រជារាស្ត្រ បំផ្លាញទឹកចិត្តអ្នកគាំទ្រ ធ្វើគ្រប់យ៉ាងដើម្បីតែដណ្តើមអំណាចបំរើផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ជាហេតុនាំឱ្យបរាជ័យងើបមុខមិនរួច។ ពួកនេះសុញគំនិត គិតឃើញតែអញៗ គឺខ្លួនអញដែលខ្លាំង និងពូកែជាងគេ ស្រុកខ្មែរបើអត់ពួកអញនេះគឺចប់ហើយ។ ការពិតនេះគ្រាន់តែជាគំនិតបែបតួឯកនិយម ងើយខ្ពស់ហួសមាឌ សំឡឹងទៅគេគ្រប់គ្នាថាទាបមិនដល់ខ្លួន អ្នកណាក៏មិនខ្មេះដូចអញ ដូ​ច្នេះ​ហើយលទ្ធផលរបស់ពួកគេគឺអស់តំលៃដោយឯងៗ ចុងក្រោយមានត្រឹមឈ្មោះចារក្នុងប្រវត្តិសាស្ត្រថាក្ប​ត់ជាតិតែប៉ុណ្ណោះ។

ជាក់ស្តែងណាស់ បើយើងពិនិត្យមើលឱ្យច្បាស់ពីស្ថានភាពនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា គឺមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភហួសហេតុពេកនោះទេ។ កម្ពុជាពេលនេះនៅមានភាពល្អប្រសើរជាងប្រទេសនានាជាច្រើនទៀត ដែលកំពុងត្រូវបានមេរោគកូរ៉ូណា (COVID-19) វាយប្រហារយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យពលរដ្ឋស្លាប់យ៉ាងរង្គាលរៀងរាល់ថ្ងៃ។ ពលរដ្ឋខ្មែរគ្រប់គ្នាសុទ្ធតែដឹងថា កម្ពុជាពេលនេះមិនបានប្រឈមនឹងភាពវឹកវរ រហូតដល់ថ្នាក់រាជរដ្ឋាភិបាលដោះស្រាយមិនបាន ឬគ្មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងនោះទេ។ ប៉ុន្តែផ្ទុយពីការពិតនេះ ពួកបំពុលសង្គមនៅក្រៅស្រុក ដែលចាំតែរកឱកាសបំផ្លាញកម្ពុជាគ្រប់កាលៈទេសៈ បែរជាស្រែកបំភ្លៃយ៉ាងកំរោលថា ស្ថានភាពកម្ពុជាកំពុងជួបគ្រោះអាសន្នធំទៅវិញ។ ពួកគេលើកឡើងថា បងប្អូនពលរដ្ឋខ្មែរក្នុងស្រុក ធ្លាក់ខ្លួនក្រលំបាក ព្រោះបាត់បង់ចំណូលដោយសារជំងឺ COVID-19 ហើយជាប់បំណុលវ័ណ្ឌកដោះមិនរួច រស់នៅពិបាកដូចស្លាប់ ព្រោះខ្លាចធនាគាររឹបអូសទ្រព្យជាដើម។ ការលើកឡើងនេះ វាជាការបោកប្រាស់ ដែលខុសពីការពិតទាំងស្រុង ហើយវាជាព័តមានខ្មៅ ដ៏អាក្រក់ពីកម្ពុជា ដែលខ្មែរនៅក្នុងស្រុកមិនអាចទទួលយកបានឡើយ។ ត្បិតអីពលរដ្ឋខ្មែរជាទូទៅ មិនបានធ្លាក់ក្នុងសភាពដុនដាប អត់ឃ្លាន និងវេទនាដូចពួកគេលើកឡើងឡើយ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ នៅតែបន្តស​កម្មភា​ពប្រក្រតី ទាំងការងារ ការរកស៊ីជួញដូរ និងការរស់នៅជាប្រចាំថ្ងៃ។ ទោះបីជាកម្ពុជាមានករណីជំងឺឆ្លង COVID-19 ពីក្រៅប្រទេសមួយចំនួនក្តី ប៉ុន្តែចំនួននោះគឺវាតិចតួច ហើយអ្វីដែលសំខាន់នោះ គឺកម្ពុជាគ្រ​ប់គ្រងស្ថានការណ៍បានយ៉ាងល្អបំផុត ខណៈដែលប្រទេសជឿនលឿនមួយចំនួន ដែលធ្លាប់តែរិះគន់ពីប្រ​ព័ន្ធសុខាភិបាលកម្ពុជាថាអន់ខ្សោយ បែរជាធ្វើមិនបានដូចកម្ពុជាផង។

ជារួម កង្វល់សង្គមដែលកើតមានខ្លះៗពាក់ព័ន្ធនឹងការបាត់បង់ និងថមថយនូវចំណូលប្រចាំថ្ងៃរបស់ពល​រដ្ឋខ្មែរ រាជរដ្ឋាភិបាលមិនបានឈរឱបដៃមើល ដោយគ្មានទំនួលខុសត្រូវនោះទេ។ តាមរយៈធនាគារជាតិ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានកំណត់ជាដំដោះស្រាយ និងការងារអាទិភាពត្រៀមបម្រុងទុករួចទៅហើយថា គឺធានាឱ្យបាន ថាគ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ នឹងត្រូវបានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យបញ្ចាំ ក្នុងកាលៈទេសៈនៃការបាត់បង់ចំណូលបង់សង កំឡុងពេលជំងឺ COVID-19 កំ​ពុងរាតត្បាតនោះឡើយ។ អ្នកដែលមានវិបត្តិចំណូលក្នុងកាលៈទេសៈដ៏លំបាកនេះ អាចស្នើសុំបន្ធូរបន្ថ​យការបង់សងត្រឡប់ ឬពន្យារពេលបង់សងទៅតាមស្ថានភាពជាក់ស្តែងបាន ដោយគ្មានការចាប់បង្ខំឱ្យលក់ទ្រព្យសម្បត្តិដើម្បីសងបំណុលឡើយ។ ក្រៅពីនេះនៅមានវិធានការនានាជាច្រើនទៀត ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនរបស់ខ្លួន ដោយធានាបាននូវសុខដុមនីយកម្មសម្រាប់ជីវភាពពលរដ្ឋ ហើយជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាត គឺតែងតែត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈយន្តការរបស់រាជរដ្ឋាភិបាលពីថ្នាក់លើរហូតដល់មូលដ្ឋានដែលពលរដ្ឋរស់នៅ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញទាំងអស់នេះ គឺមិនមែនដេកចាំតែធ្វើតាម ការស្រែកអំពាវនាវបែបស្រមើលស្រមៃ គ្មានយុទ្ធសាស្ត្រ មិនដឹងខ្យល់អី របស់ពួកក្រុមអស្ចារ្យមហាលោតផ្លោះ ដែលជំនាញខាងរត់ចោលស្រុកនោះទេ។

និយាយជារួម បើរាជរដ្ឋាភិបាលមិនមានក្បាលម៉ាស៊ីនដឹកនាំរឹងមាំ ដែលពោរពេញដោយយុទ្ធសាស្ត្រច្បា​ស់លាស់ក្នុងការដឹកនាំនោះទេ គឺពិតជាមិនអាចឈរជើងបានជាង៤០ឆ្នាំ ហើយអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ និងពីចំណុចសូន្យរហូតមានអ្វីៗដូចសព្វថ្ងៃនេះនោះទេ។ ដូច្នេះសុំកុំតាំងខ្លួនជាគ្រូបាអាចារ្យ​មកប្រ​ដៅ ឬឱ្យដំបូន្មានរាជរដ្ឋាភិបាល ខណៈដែលខ្លួនឯង ធាតុពិតម្នាក់ៗនៅក្រៅស្រុកយោងតែអាត្មាឯងមិនទាំ​ង​​ចង់រួចផង។ បើអាចធ្វើបាន សុំឈប់ទៅអាស្ទីល គីង្គក់លក់ថ្នាំស្រែងហ្នឹង វាមិនល្បីទេ ក្រៅតែពីនាំភាពអា​ម៉ាស់បន្ថែមដាក់ខ្លួនទៀត ហើយអាស្ទីលដដែលៗហ្នឹង គឺគេដឹងដល់ក្រយ៉ៅគូទឯណោះ។ យកល្អគួរនៅស្ងៀមទៅ ក្រែងអាចសន្សំបានតំលៃខ្លួនខ្លះ គ្រាន់កំដរឆាកជីវិតចុងក្រោយបើមិនចង់ឱ្យរាស្ត្រខ្មែរស្អ​ប់កា​ន់តែខ្លាំងនោះ៕

 ដោយ៖ ស ជាតិ

ចែករំលែក

បញ្ចេញយោបល់