ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន១ខ្នង នៅសាលាបឋមសិក្សាជប់ព្រីង ស្រុកកំពង់រោទិ៍

ថ្ងៃចន្ទ ទី ២៥ ឧសភា ២០២០​
7

ស្វាយរៀង÷ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ លោក ហែម ពិសិដ្ឋ អភិបាលរងខេតត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន១ខ្នង នៅសាលាបឋមសិក្សាជប់ព្រីង ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលចំណាយថវិកាសាងសង់អស់ប្រមាណ ៦ម៉ឺនដុល្លា ជាអំណោយរបស់តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសោស តាមរយៈលោក Pino hsu ជានាយកប្រត្តិបត្តិ។

លោក សៅ សាមាន នាយកសាលាបឋមសិក្សាជប់ព្រីង បានឲ្យដឹងថា ដោយសារកំណើនសិស្សនៅក្នុងមូលដ្ឋានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យមានការខ្វះសាលារៀន។ តបតាមការ អំពាវនាវរបស់លោក និងមានការគិតគូពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងនោះ ក៏មានសប្បុរសជនជួយកសាងសាលារៀនបាន១ខ្នងបន្ថែមទៀត។

លោកបានបន្តថា សាលារៀន១ខ្នង ដែលចាប់ផ្តើមសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ៩ម៉ែត្រ ស្មើរនិង៤បន្ទប់ ជាអំណោយរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសហ្គីហ្គារីសោស ដែលមានទីតាំងនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងពិធីនោះលោកស្រី ម៉ែន សំអន បានណែនាំក្រុមជាងសំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង មិនតែប៉ុណ្ណោះសាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗនៅជនបទ បានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ។

នៅក្នុឱកាសនោះដែរ លោកស្រីក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជាទើបនឹងរកឃើញអ្នកឆ្លងថ្មីចំនួន ២នាក់ទៀត៕

ចែករំលែក

បញ្ចេញយោបល់