ពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជ បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

ថ្ងៃសុក្រ ទី ២២ ឧសភា ២០២០​
6

ឧត្តរមានជ័យ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ លោក វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជ បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកស្រីនាយករដ្ឋបាលស្ដីទី-នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត គណៈអភិបាលក្រុង-ស្រុក និងលោកមេឃុំ-ចៅសង្កាត់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ដល់កសិករដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ជាពិសេសផ្ដល់អទិភាពដល់គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះ គ្រួសារកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ វិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗទៀតដែលត្រូវបានផ្អាក ឬព្យួរការងារដោយសារផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅក្នុងខេត្តឧត្តរមានជ័យនាពេលឆាប់ៗខាងមុខ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។

ចែករំលែក

បញ្ចេញយោបល់