លិខិតមិត្តអ្នកអាន៖ ការធានាបាននូវសុវត្ថិភាពសង្គមល្អប្រសើរ កំពុងដក់ជាប់យ៉ាងជ្រៅក្នុងបេះដូងរបស់ពលរដ្ឋខ្មែរ!

ថ្ងៃសៅរ៍ ទី ១៦ ឧសភា ២០២០​
9

កម្ពុជាធ្វើបានយ៉ាងល្អលើសពីការរំពឹងទុក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវគឺ COVID-19 ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ការសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ ការលះបង់ ការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ការប្តេជ្ញាចិត្ត ការមិនធ្វេសប្រហែស ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការចូលរួមគ្នាយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យកម្ពុជាសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

កម្ពុជាបានរកឃើញករណីឆ្លងជំងឺ COVID-19 ដំបូងកាលពីខែមករា ឆ្នាំ២០២០ ហើយចំនួនអ្នកជំងឺនេះ បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០។ ចំនួនអ្នកជំងឺនេះត្រូវបានរកឃើញសរុបនៅក្នុងប្រទេសកម្ពុជា ចំនួន 122 ករណី ហើយរហូតមកដល់ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលជាសះស្បើយ ទាំង 122 នាក់ គឺស្មើនឹង 100% តែម្តង។ ពោលគឺពុំមានករណីស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាឡើយ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំរបស់បុរសខ្លាំង ហ៊ុន សែន បានបង្ហាញឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដែលគួរឱ្យកោតសរសើរយ៉ាងខ្លាំង។

បើទោះបីជាចំនួនអ្នកជំងឺភាគច្រើនជាជនបរទេស និងស្ទើរតែទាំងអស់ គឺជាករណីនាំចូលពីក្រៅប្រទេស​ក្តី ក៏កម្ពុជាមិនបានព្រងើយកន្តើយដែរ ទាំងប្រមុខដឹកនាំ ទាំងក្រុមគ្រូពេទ្យ ទាំងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គឺបានប្រឹងប្រែង រួមគ្នាយ៉ាងសស្រាក់សស្រាំ ពុះពារដើម្បីយកជ័យជន្នះលើសមរភូមិ COVID-19 បានយ៉ាងគួរជាទីមោទនៈបំផុត។

ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវ COVID-19 ដែលកំពុងតែរាតត្បាតនឹងបង្កវិនាសកម្មដល់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ គឺមិនមែនជារឿងងាយស្រួល និងសាមញ្ញពេកនោះទេ។ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺ COVID-19  នេះបានដោយជោគជ័យ គឺជាមោទនភាពខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងឋានៈជាប្រទេសដ៏តូចមួយ និងតែងត្រូវបានគេបណ្តុះបង្អាប់ថា ជាប្រទេសក្រីក្រដែលមានប្រព័ន្ធសុខាភិបាលនៅទន់ខ្សោ​យនៅឡើយ។ ប៉ុន្តែអ្វីដែលកម្ពុជាសម្រេចបាន គឺធ្វើឱ្យពិភពលោកស្ទើរតែមិននឹកស្មានថា កម្ពុជាអាចធ្វើបានយ៉ាងល្អបែបនេះទាល់តែសោះ។ ខណៈដែលប្រទេសជឿនលឿន និងរីកចំរើនជាច្រើន បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ហើយតាមតួលេខចុងក្រោយនេះ មានប្រជាជនទូទាំងពិភពលោក ដែលបានឆ្លងជំងឺ COVID-19 មានចំនួនរហូតដល់ ជាង៤លាននាក់ ហើយអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ មានទៅដល់ជាង៣សែននាក់ នៅជុំវិញពិភពលោក។

សម្រាប់ប្រជាពលរដ្ឋកម្ពុជាវិញ ក្រោយពីទទួលរងការភិតភ័យ​មួយរយៈដោយសារជំងឺនេះ បច្ចុប្បន្នពលរដ្ឋកម្ពុជាបានវិលមករកប្រក្រតីភាពឡើងវិញហើយ។ ទាំងមុខរបរជួញដូរ ការរស់នៅប្រចាំថ្ងៃ និងទាំងផ្លូវអារម្មណ៍ អ្វីៗហាក់ប្រសើរបន្តិចម្តងៗ។ ទាំងនេះក៏ដោយសារតែការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាល។ ជារួមពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ គឺមានអារម្មណ៍ថា ពួកគាត់សុវត្ថិភាពដែលពោរពេញដោយភាពកក់ក្តៅ មានពេញក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាកម្ពុជាមានដែនដីដ៏តូច និងមិនមែនជាប្រទេសអ្នកមានក៏ពិតមែន។

យើងគួរតែទទួលស្គាល់នូវការពិតមួយថា ការខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺពិតជាបានធានានូវសុវត្ថិភាពសង្គមដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ហើយដែលសមិទ្ធផលដ៏ធំធេងនេះ គឺបាននិងកំពុងដក់ជាប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈផងដែរ។ កន្លងមកមានមជ្ឈដ្ឋានប្រឆាំងមួយចំនួន តែងតែវាយប្រហារលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីគ្រប់រឿងៗរ៉ាវ។ ប៉ុន្តែការរិះគន់ ការចោទប្រកាន់ និងការលាបពណ៌ទាំងអស់ មិនបានបង្អាក់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ។ ពោលគឺការខិតខំរឹតតែត្រូវបានធ្វើឡើងទ្វេដង ដើម្បីបំរើផលប្រយោជន៍ប្រជាជន។ ភាពខ្វះចន្លោះរបស់រដ្ឋាភិបាលកម្ពុជាដែលមានកន្លងមក ក្នុងផ្នែកណាមួយនោះ មិនមែនជារឿងចម្លែកខុសគេនោះទេសម្រាប់ប្រទេសកម្ពុជា ពោលគឺបណ្តាប្រទេសនានាលើពិភពលោក ប្រទេសណាក៏មានបញ្ហាប្រឈម ភាពអសកម្ម និងចំណុចខ្វះខាតដូចគ្នា។ ដូចពាក្យទូម្មានអប់រំមួយឃ្លារតែងពោលថា «គ្មានអ្នកណាម្នាក់ដែលល្អគ្រប់ដប់នោះទេ, No One’s Perfect»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើបានយ៉ាងល្អសម្រាប់កម្ពុជា ក្នុងនាមជាមេដឹកនាំតាំងពីគ្រាលំបាកគ្មានអ្វីសោះ រហូតមកដល់ពេលដែលកម្ពុជា មានអ្វីៗស្ទើរតែគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ គឺចាត់ទុកថា ជាបុគ្គលដ៏អស្ចារ្យ ជាមេដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយឆន្ទៈខ្ពស់។ ការខិតខំប្រឹងប្រែងរបស់មេដឹកនាំកម្ពុជា មិនមែនស​ម្រាប់តែថ្ងៃនេះនោះទេ លោក បានរៀបចំប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ និងរីកចំរើនជឿនលឿន ដូចប្រទេសអភិវឌ្ឍន៍ដទៃទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះដែរ។ ហើយក្នុងនាមជាពលរដ្ឋកម្ពុជាយើងត្រូវតែមានជំហរច្បាស់លាស់ជឿជាក់មុតមាំលើការដឹកនាំរបស់លោក។ ជាក់ស្តែងបញ្ហាប្រឈមជាសកលនៃការឆ្លងរីករាលដាលជំងឺ COVID-19 គឺជាវិញ្ញាសារវាស់ស្ទង់ស្រាប់ ក្រោមការដឹកនាំរបស់លោកពលរដ្ឋខ្មែរ និងជនបរទេស ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្នុងកំឡុងពេលជំងឺ COVID-19 នេះ ពិតជាមានអារម្មណ៍ថា មានសុវត្ថិភាព និងកក់ក្តៅ ដែលអារម្មណ៍នេះសូម្បីតែប្រជាជននៅប្រទេសជឿនលឿន និងរីកចំរើនខ្លះក៏គ្មានវាសនានឹងស្គាល់ផងក្នុងកាលៈទេសៈដ៏លំបាកនេះ។

យើងពិតជាអរគុណ រាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ចំពោះទំនួលខុសត្រូវប្រកបដោយភក្តីភាពចំពោះប្រជាជន និងប្រជាជាតិដ៏តូចមួយនេះ។ ប្រជាពលរដ្ឋកម្ពុជា នឹងចងចាំមេរៀនជំងឺ COVID-19 នេះ ចារទុកក្នុងចិត្តជាប់ជានិច្ចថា មេដឹកនាំរបស់ខ្មែរគឺខ្លាំង ដរាបណាមានរូបលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺពលរដ្ឋមានសុវត្ថិភាព និងមានភាពកក់ក្តៅគ្រប់កាលៈទេសៈ៕

 ដោយ៖ ស ជាតិ

ចែករំលែក

បញ្ចេញយោបល់