ទស្សនៈមិត្តអ្នកអាន៖ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន របស់ប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យឡើយ

ថ្ងៃសៅរ៍ ទី ១៦ ឧសភា ២០២០​
13

នៅទីបំផុតទៅ ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទាំងស្រុង ​គឺបន្ទាប់ពីអ្នកជំងឺចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានជាសះស្បើយឡើងវិញពីជំងឺកូវីដ -១៩។ ​ការគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ នាពេល​នេះ​ មិនមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែ​វាជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ស្មារតី ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

នៅពេលដែលប្រទេសចិន បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ នៅ​ចុងឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានចាត់វិធានការ​ជាជំហានៗឆ្លើយតបទៅនឹងការគំរាមកំហែ ងនៃមេរោគដ៏កាចសាហាវនេះ។ វិធានការទាំងនោះមានដូចជា៖ ការបិទទីតាំងដែលមានការប្រមូលផ្តុំមនុស្ស​ច្រើន ដែល​មានហានិភ័យ​ខ្ពស់​ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា សាលារៀន ទីកន្លែងកម្សាន្ត ក្លឹប ខារ៉ាអូខេ សារមន្ទីរ រោងភាពយន្ត ការ​ប្រគុំតន្ត្រីតាម​ទីសាធារណៈនានា​ជាដើម។ កម្ពុជា បានបិទជើងហោះហើរជាមួយនឹងប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុ​ជា។ ការធ្វើចត្តាឡីស័ក្តរបស់ប្រជាពល​រដ្ឋ​ខ្មែរដែលវិលត្រឡប់មកពីប្រទេសដែលមានហានិភ័យ​ជំងឺកូវីដ-១៩ ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីធានាថា ពួកគេគ្មានជំងឺកូវីដ-១៩ និងម្យ៉ាងទៀតក្នុងករណីសង្ស័យថា បើ​ពួក​គាត់​មានជំងឺនេះ គឺអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបានភ្លាមៗដើម្បីព្យាបាល។ ការ​បិទ​ខេត្ត​ក្នុង​រយៈពេល​ខ្លីទប់​ស្កាត់​ការបម្លាស់​ទី​របស់​កម្មករ កម្មការិនី​ រោង​ចក្រ​កាត់​ដេរ ​នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ការ​ធ្វើ​ចត្តាឡីស័ក្ត​បង​ប្អូន​កម្មករ កម្មការិនី​មួយ​ចំនួន​ ដែល​វិល​ត្រឡប់​ចូល​មក​បម្រើ​ការងារ​វិញ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ជាពិសេស​ការ​ធ្វើ​ចត្តាឡីស័ក្ត​បងប្អូន​ពលករ​​ខ្មែរ​មក​ពី​ក្រៅ​ប្រទេស​ដែល​អាជ្ញាធរ​ខេត្ត​នីមួយ​ៗជាអ្នក​ទទួល​ខុស​ត្រូវ​រៀង​ខ្លួន​។ ការធ្វើចត្តាឡីស័ក្តនេះ មានសារៈសំខាន់បំផុត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ តាំងពីដើម​រៀង​ទី​មក ​នៅកម្ពុជា ​គ្មាន​ការ​ចម្លងនៅ​ក្នុង​សហគមន៍ឡើយ។

ការគ្រប់​គ្រង​ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេអាច​និយាយ​បាន​ថា ជាករណីកម្របំផុតមួយ ដែលកម្ពុជាខ្លួនឯងផ្ទាល់អាចគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ជឿនលឿន​តូច-ធំក្នុង​ពិភពលោក ​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប តែ​មានអ្នក​ស្លាប់ និងឆ្លង ច្រើន​លើសលុបបំផុត​។ ជោគជ័យ​របស់​ប្រទេស​កម្ពុជារួមមាន​៖ ទី១- អ្នកឆ្លងមានចំនួនតែ ១២២ នាក់ ទី២- អ្នកឆ្លងជំងឺទាំងនោះមានចម្រុះជាតិសាសន៍ចាស់ក្មេង មានជំងឺប្រចាំកាយផ្សេងៗ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការស្លាប់​​បាត់បង់ជីវិត ក៏ត្រូវបានក្រុមគ្រូពេទ្យខ្មែរព្យាបាលឲ្យជាសះស្បើយទាំងអស់គ្នា ដោយគ្មានអ្នកជំងឺកូវីដ-១៩ ណា​ម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ចំណុចនេះដែលអន្តរជាតិ បានកោតសរសើរស្ញប់ស្ញែង ពីសមត្ថភាពរបស់កម្ពុជា ពិសេសគឺក្រុមគ្រូពេទ្យកម្ពុជាតែម្តង។ ទី៣- ការបង្ការទប់ស្កាត់បានការចម្លង​ជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។

អ្វីដែលជាការ​រៀប​រាប់​លើ​នេះ គ្រាន់​តែ​ជាចំណុច​ខ្លះៗប៉ុណ្ណោះ​នៃ​វិធានការស្ថិតក្នុងសេណា​រីយ៉ោជា​ដំណាក់ៗ របស់​រាជ​រដ្ឋាភិបាល​កម្ពុជាប៉ុណ្ណោះ​​ ក្នុង​ការ​បង្ការ ការពារ ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ-១៩ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ជាពិសេស​ទប់​ស្កាត់​ការ​ចម្លង​ជំងឺដ៏កាច​សាហាវ​នេះ​ចូល​ទៅក្នុង​សហគមន៍។ ក៏ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា កម្ពុជា​ បាន​លុប​​បំបាត់​ជំងឺកូវីដ-១៩ មិន​ឲ្យឆ្លង​ចូល​មក​ក្នុង​ប្រទេស​ជាថ្មី​ម្តង​ទៀត​ឡើយ ហេតុដូច្នេះ​តោង​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​ឲ្យ​បាន​ជាប់​ជានិច្ច​ដោយត្រូវ​ចេះ​កែ​ប្រែទម្លាប់ និង​ឥរិយាបថ​នៃការ​រស់​នៅ​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​សភាព​ធម្មតា តាម​បែប​គន្លង​ថ្មីក្នុង​បរិបទប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ ជា​ចាំ​បាច់ ដូច​ជា ការ​ប្រកាន់យក​នូវ​កា​រអនុវត្ត​អនាម័យ​ដៃស្អាត ពាក់​ម៉ាស់ (ក្នុង​ករណី​ចាំ​បាច់) ប្រើ​ក្រមា កន្សែង ឬក្រ​ដាសជូត​មាត់ ខ្ទប់​មាត់​ពេល​មានក្អក ឬកណ្តាស់ បន្ត​អនុវត្ត​គម្លាតសុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គ​ល មិន​ត្រូវ​មានការ​ជួប​ជុំ ឬរៀប​ចំ​ពិធី​ណា​មួយ​ដែលមានគ្នា​ច្រើន​កុះករពេក ដូច​ជា ការ​ជួប​ជុំ​ស៊ីផឹក​ដែល​មាន​គ្នា​ច្រើន​ ឬការ​ជួប​ជុំ​តាម​បែបសាសនា​​ជា​ដើម។

សរុប​ម​ក​វិញ ទោះប្រទេសកម្ពុជា​តូច ធន​ធាន​មនុស្ស​តិច​ក្តី តែ​ប្រទេសកម្ពុជា​ ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ថា មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​នានា​បាន​យ៉ាង​ជោគ​ជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀតផង។ ឧទា​ហ​រណ៍ជាក់​ស្តែង​ការ​ទប់​ស្កាត់​ជំងឺឆ្លងរាតត្បាត​សកលកូវីដ-១៩ មិន​ឲ្យ​មាន​ការ​ចម្លង​ក្នុង​សហគមន៍ ដែល​ទ​ទួលស្គាល់​ពីអង្គការ​សុខភាព​ពិភព​។ កម្ពុជា​ ជា​ប្រទេស​តូច តែមានមេដឹកនាំ​មាន​ទឹក​ចិត្តធំ​ទូលាយ ជម្នះ​​ឧ​បសគ្គ​គ្រប់​បែប​យ៉ាង ដើម្បី​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុត​ពីការ​លំបាក​ទាំងឡាយ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈបែប​ណា​ក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលបាន​យក​ជីវិត​ធ្វើ​ដើម​ទុន​ ដើម្បី​សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ តែងមានវត្តមានជានិច្ច​ដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​កម្ពុជា និង​ប្រជាជន​​។ លោកនាយករដ្ឋមន្ត្រី ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់លោក គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការ​ពារ​សេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិ​ន​ឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែ​លជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ នោះគឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋនិងជាពិសេសយុវជនខ្មែរ៕

ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់