អ្នកវិភាគ៖ រដ្ឋាភិបាលបង្កើតច្បាប់៣ ដើម្បីជាមូលដ្ឋានគ្រឹះគតិយុត្តរឹងមាំក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ថ្ងៃសៅរ៍ ទី ១៦ ឧសភា ២០២០​
10

សេចក្តីព្រាងច្បាប់សំខាន់ចំនួន ៣ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ដោយឥតកែប្រែក្នុងកិច្ចប្រជុំពេញអង្គកាលព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សេចក្តីព្រាងច្បាប់ទាំង ៣នោះរួមមានសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

នេះគឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា និងជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងគ្រឹះផ្នែកច្បាប់ដ៏រឹងមាំសម្រាប់កម្ពុជា។

ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្ប ទានដល់ការរីកសាយភាយអាវុធមហាប្រល័យក្នុងគោលបំណងដើម្បីធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទាន ដល់ការរីកសាយភាយ នៃអាវុធមហាប្រល័យ ក្នុងចំណោមនោះមានវិធានការបង្កទ្រព្យសម្បត្តិដល់បុគ្គលឬអង្គភាពដែលពាក់ព័ន្ធជាដើម។

រីឯសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មគឺមាន គោលបំណងធានាប្រឆាំងការសម្អាត ប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួត ពិនិត្យ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការកសាងមូលដ្ឋានគតិយុត្ត ឬវិធានការផ្សេងៗ ដើម្បីអនុវត្ត សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការដាក់ទណ្ឌកម្ម ហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជាការប្រឆាំងនឹងហិរញ្ញប្បទានភេវរកម្មក្នុងនាមកម្ពុជា ជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពី ការសម្អាតប្រាក់។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌក៏មានសារៈសំខាន់និងចាំបាច់ដែល មិនត្រឹមតែបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានាស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តិមួយ ដែលបម្រើដល់ការពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាមួយប្រទេសជាមិត្តដោយ ឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀតផង។

ច្បាប់នេះកាន់តែមានកិច្ចសហប្រតិបត្តិការដ៏មានសារៈ សំខាន់ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងបទ ល្មើសព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេវរកម្ម ព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុ ភេរវកម្មផងដែរ។

ក្រោយពេលប្រកាសដាក់ឱ្យប្រើប្រាសច្បាប់ទាំងបីនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះគតិយុត្តិដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជាប្រឆាំងនឹងហិរញ្ញប្បទានភេវរកម្ម។

នេះគឺជាវិធានការច្បាប់ ដ៏ហ្មឺងម៉ាត់មួយទៀតនៅក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិ កម្ពុជាក៏ដូចជាសម្រាប់តំបន់ និងពិភពលោកទាំងមូលទប់ស្កាត់ការគំរាមកំហែងផ្នែកភេវរកម្មទាំង ឡាយនិងការពារភាពសុខសាន្តរបស់ពិភពលោកទាំងមូល៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

ចែករំលែក

បញ្ចេញយោបល់