រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយផែនការសម្រាប់បន្តទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩

ថ្ងៃពុធ ទី ៨ មេសា ២០២០​
27

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសម្រាប់បន្តទប់ស្កាត់ការរាលដាលនៃជំងឺកូវីត១៩ ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុកទាំង៨ និងនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត។

គិតមកដល់ពេលនេះ ក្រុមការងារជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកសំណាកប្រជាពលរដ្ឋសរុបចំនួន ៨៥នាក់ ក្នុងនោះ វិជ្ជមានចំនួន ៣នាក់ ដែលបច្ចុប្បន្ននេះបានជាសះស្បើយចំនួន ២នាក់ និងអវិជ្ជមានចំនួន ៨២នាក់។

ចំពោះស្ថិតិពលករដែលត្រឡប់មកពីក្រៅប្រទេសមានចំនួន ៩៦០នាក់ ស្រី ៣៣៧នាក់ ក្នុងនោះមកពីប្រទេសថៃចំនួន ៧២៧នាក់ ស្រី ២៦១នាក់, កូរ៉េចំនួន ១៤៤នាក់ ស្រី ៣៥នាក់, ម៉ាឡេស៊ី ៥១នាក់ ស្រី ១៩នាក់ និងប្រទេសផ្សេងៗទៀតចំនួន ៣៨នាក់ ស្រី ២២នាក់។

លោកអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជុំវិញខេត្ត សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមចំណែកយ៉ាងធំធេងពីព្រះសង្ឃ ក្រុមការងារថ្នាក់កណ្ដាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សាខា អនុសាខាបណ្ដាញអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព យុវជនខ្មែរឥស្លាម និងសប្បុរសជននានា ដែលបានចូលរួមចំណែកក្នុងការចុះអប់រំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការដាក់ខ្លួនឲ្យនៅដោយឡែក ១៤ថ្ងៃ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាក។

លោកក៏បានដាក់ចេញនូវវិធានការបន្តសំខាន់ៗរួមមាន៖ បន្តផ្សព្វផ្សាយផែនការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ, បន្តស្រង់ស្ថិតិពលករវិលមកពីគ្រប់ប្រទេស, បន្តណែនាំ និងគ្រប់គ្រងពលករដែលវិលមកវិញ ឲ្យរស់នៅដោយឡែក ១៤ថ្ងៃ, បន្តណែនាំគ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រួសារនីមួយៗ អនុវត្តវិធានការអនាម័យ ដាក់ឧបករណ៍ស្កេនកម្ដៅ និងពាក់ម៉ាសន ឬក្រម៉ា, បន្តរៀបចំទីតាំងដាក់ឲ្យនៅដោយឡែក, បន្តពង្រឹងកម្លាំងត្រៀមសម្រាប់អន្តរាគមន៍, បន្តពង្រឹងផ្ទះសំណាក់ សណ្ឋាគារ គ្រប់គ្រងភ្ញៀវមកស្នាក់ ពិសេសភ្ញៀវបរទេស, បន្តយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចុះផ្ដល់អំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជួបការលំបាក៕

ចែករំលែក

បញ្ចេញយោបល់