លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញផែនការថ្មីប្រយុទ្ធប្រឆាំង Covid-19 បញ្ជាទិញស្តុកម៉ាស១០លាន និងអាល់កុល១លានលីត្រ

ថ្ងៃសៅរ៍ ទី ៤ មេសា ២០២០​
10

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចដាក់ចេញផែនការថ្មីដោយបង្កើតស្តុករាជរដ្ឋាភិបាល ដោយតម្រូវឱ្យស្តុកនូវម៉ាសចំនួន១លានម៉ាសសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥ពាន់ម៉ាស់ និងទឹកអាល់កុលចំនួន ១លានលីត្រ ទុកប្រើប្រាស់ក្នុងករណីមានការវិវឌ្ឍន៍មិនល្អណាមួយលើស្ថានភាពជំងឺកូវីដ១៩។ នៅក្នុងសារសំឡេងបទបញ្ជាទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីថាស្ថានការវិវឌ្ឍន៍នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាក្តី តែដើម្បីប្រាកដថា កម្ពុជាមិនជួបបញ្ហាខ្វះម៉ាស សម្លៀកបំពាក់ និងទឹកអាល់កុលសម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់ត្រូវបង្កើតនូវស្តុកមួយសម្រាប់រាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ «នេះជាការចាំបាច់ ព្រោះយើងមិនអាចឱ្យគ្រូពេទ្យណាម្នាក់ឆ្លងព្រោះតែខ្វះការទទួលខុសត្រូវ របស់យើងនោះទេ។ ឥឡូវនេះខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុងរបស់រាជរដ្ឋាភិបាលមួយកម្រិតទៀត»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទាំងម៉ាស សម្លៀកបំពាក់សម្រាប់គ្រូពេទ្យ និងទឹកអាល់កុលនៅពេលប្រើអស់ គឺត្រូវផលិតយកមកបំពេញបន្ថែមភ្លាម។ លោក បានបន្ថែមថា ស្តុករបស់រាជរដ្ឋាភិបាល គឺរក្សានៅក្រសួងសុខាភិបាលដដែល តែនៅពេលយកទៅប្រើប្រាស់ត្រូវដាក់សំណើទៅកាន់លោក។

នៅកម្ពុជាមកដល់ត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកកើងជំងឺកូវីដ១៩ សរុប ១១៤នាក់។ ប៉ុន្តែមានអ្នកជំងឺចំនួន ៤៩នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺកំពុងតែព្យាបាលមានចំនួន ៦៥នាក់។ តាមរយៈទិន្នន័យនេះត្រូវបានមើលឃើញថា ការវិវឌ្ឍន៍ជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មិនមានស្ថានភាពអាក្រក់ដូចបណ្តាប្រទេសដែលកំពុងរងការយាយីដោយជំងឺកូវីដ១៩ដទៃទៀត នៅលើពិភពលោកនោះឡើយ ជាពិសេសនៅដែនដីអាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលជាប្រទេសមានការអភិវឌ្ឍជឿនលឿននោះ។ ការរក្សាបាននូវស្ថានភាពល្អប្រសើរ ជាពិសេសការទប់ស្កាត់មិនឱ្យមានការរីករាលដាលខ្លាំងនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការគ្រប់គ្រង និងការដាក់ចេញវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល៕

ចែករំលែក

បញ្ចេញយោបល់