អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ឱ្យបន្តខិតខំអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីជំងឺ កូវីដ១៩

ថ្ងៃសៅរ៍ ទី ៤ មេសា ២០២០​
7

តាកែវ៖ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយ មេភូមិទាំង ៨ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំគោកពោធិ៍ លោកគ្រូពេទ្យមណ្ឌល សុខភាព និងនាយប៉ុស្តិ៍រដ្ឋបាល ស្រុកបូរីជលសារដើម្បីធ្វើការណែនាំដល់អាជ្ញាធរត្រូវចុះធ្វើអប់រំ និងផ្សព្វផ្សាយបន្តអំពីជំងឺ កូវីដ១៩ ដល់ពលរដ្ឋនៅមូលដ្ឋាន។ លោក ក៏ធ្វើការណែនាំដល់អាជ្ញាធរភូមិ សមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ និង ប៉ុស្ដិ៍រដ្ឋបាលឃុំ ក៏ដូចជាមណ្ឌលសុខ ភាពត្រូវរួមគ្នាសហការចុះធ្វើការអប់រំ និងផ្សព្វផ្សាយ ដល់ពលរដ្ឋដែលទើបត្រលប់មកពីក្រៅប្រទេសទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយ ឡែករយៈពេល ១៤សិន ចាំចូលមកប្រាស្រ័យទាក់ទង ស្និតទ្ធស្នាលជាមួយក្រុមគ្រួសារ ឬសាច់ញាតិ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ការដាក់ខ្លួនដាច់ដោយឡែកនេះ គឺមិនមែនជាការរើសអើងបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រលប់មកពីក្រៅប្រទេសនោះទេ តែជាការយកចិត្តទុកដាក់របស់អាជ្ញាធរទៅវិញចំពោះសុខភាព និងសុវត្ថិភាពបងប្អូនទៅវិញទេ។ ប្រសិនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន មានអាការៈសង្ស័យណាមួយត្រូវប្រញាប់ជូនដំណឹងភ្លាមទៅមណ្ឌលសុខ ភាព ឬទំនាក់ទនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ១១៥ ដើម្បីស្រាយជាចម្ងល់។

លោក អ៊ូច ភា ក៏បានចូលរួមឧបត្ថម្ភ ក្រម៉ា ជេលលាងដៃ និងថវិកា ដល់លោកមេភូមិទាំង៨ ក្នុង១ភូមិៗ ថវិកា ១០ម៉ឺនរៀល ប៉ុស្ដិ៍រដ្ឋបាលឃុំ ១០ម៉ឺនរៀល រដ្ឋបាលឃុំគោកពោធិ៍១០ម៉ឺនរៀល និងមណ្ឌលសុខភាព១០មឺុនរៀល ដើម្បីចូលរួមផ្សព្វផ្សាយសារអប់រំជំងឺកូវីដ១៩ ដល់ពលរដ្ឋនៅមូលដ្ឋាន៕

ចែករំលែក

បញ្ចេញយោបល់