ការផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ និងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅខេត្តប៉ៃលិន

ថ្ងៃសៅរ៍ ទី ៤ មេសា ២០២០​
8

ប៉ៃលិន៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ ដឹកនាំ និងក្រុមការងារ បានអញ្ជើញបន្តចុះសំណេះ សំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់អូរតាវ៉ៅ និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៧២គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។

ក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋអំពីការធ្វើអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ ត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ត្រូវបរិភោគអាហារដែលចំអិនបានត្រឹមត្រូវ កាត់បន្ថយការចេញក្រៅ និងការជួបជុំគ្នាប្រសិនបើគ្មានការចាំបាច់។

លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជា៖ ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ហើយក្នុងករណីមានប្រជា ពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយ ការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩ នៅក្នុង សហគមន៍យើង។ លោក ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់អជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តធ្វើការផ្សព្វ ផ្សាយអប់រំនៅតាមមូលដ្ឋានជាពិសេសនៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសបន្តចុះសួរសុខទុក្ខ និងផ្សព្វ ផ្សាយអំពីវិធានការ ទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ នោះដែរ អាជ្ញាធរខេត្ត ក៏បានឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៧២គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19 ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរផងដែរ៕

ចែករំលែក

បញ្ចេញយោបល់