ទស្សនៈមិត្តអ្នកអាន៖ វប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្នគឺជាមោទនភាពជាតិខ្មែរ

ថ្ងៃព្រហស្បតិ៍ ទី ២ មេសា ២០២០​
10

នៅ​ថ្ងៃ​ទី​១ ខែ​មេ​សា​ ឆ្នាំ​២០​២​០ ម្សិលមិញ​នេះ​​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​បញ្ជាក់​​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​​​ផ្ញើ​ជូន​រដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិ​បាល ​​អំពី​ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀ​វត្ស​របស់​លោក​ចំនួន​៧​ខែ​ ចាប់​ពី​ខែ​មីនា​ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០​២​០​ ជូន​​ទៅ​គណៈ​ក​ម្មា​ធិ​ការ​ជា​តិ​ប្រ​យុ​ទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-19។ នៅ​ក្នុង​លិខិ​ត​ដ​ដែល​នោះ លោក​បាន​សរ​សេរ​បន្ថែម​​ថា​ ការ​សម្រេច​ចិត្ត​ផ្តល់​ប្រាក់​បៀវត្ស​របស់​លោក​នា​ពេល​នេះ​គឺ​ដោយ​សារ​ស្ថានភាព​នៃ​ការ​វិ​វត្ត​របស់​ជំ​ងឺ​កូ​វី​ដ​-19 នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នៅ​តែ​មិន​ទាន់​បង្ហាញ​នូវ​សញ្ញា​នៃ​ការ​ថម​ថយ​ណា​មួយ​នៅ​ឡើ​យ​នោះ​ទេ​។​

កាយ​វិការ​លះបង់​ខ្ពស់​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​នា​ពេល​នេះ​ គឺ​ពិត​ជា​គំរូ​វី​រភាព​ដ៏​ថ្លៃ​ថ្លា​ ក្នុង​ស្មារតី​ស្រ​ឡា​ញ់​ជា​តិ​ និង​ប្រ​ជា​ជន​ពិត​ៗ​។​ គួរ​រំលឹក​ថា​ នៅ​រាល់​ពេល​ដែល​ប្រទេស​ជាតិ​ជួប​ប្រទះ​នូវ​គ្រា​លំបាក​ម្តងៗ​ លោក​ ហ៊ុន​ សែន​ តែង​បាន​ឈាន​មុខ​គេ​ក្នុង​ការ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ស្វែង​រក​សេចក្តី​សុ​ខ​ជូន​ប្រជា​ជន​ជា​និច្ច​។ ក្នុង​នោះ​ក៏​មាន​ការ​ហ៊ាន​លះ​បង់​នូវ​កម្លាំ​ង​កា​យ កម្លាំង​ចិត្ត​ រហូត​ដល់​អាយុ​ជី​វិ​ត​ទៀត​ផង​ ដូច​ជា​បុព្វ​ហេ​តុ​​ដើម្បី​​រំដោះ​ប្រទេ​ស និង​ប្រជាជ​ន​ឱ្យ​បាន​រស់រាន​មាន​ជីវិត​ពីរ​បប​ប្រល័យ​ពូ​ជ​​​សាស​ន៍​ខ្មែរ​ក្រហម​ ភាព​ក្លាហាន​នៃ​ការ​អនុវត្ត​នយោបាយ​ឈ្នះ-ឈ្នះ​ ក្នុង​ការ​ហ៊ាន​ចូល​ទៅ​ក្នុង​តំបន់​សមា​ហរណកម្មខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៩៨ ការ​ជំនះ​បាន​ដោយ​ជោគ​ជ័យ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​​នូវ​វិបត្តិ​​ហិរ​ញ្ញ​វត្ថុ​​​សកល​​ក្នុង​​ឆ្នាំ​​២០០៩​ និង​ភាព​លេច​ធ្លោរ​នាពេល​ថ្មីៗ​កន្លង​មក​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ចិ​ន​ដើ​ម្បី​រឹតចំណង​សាមគ្គីភាព​ និង​លើក​ទឹក​ចិត្ត​ដល់​មិត្ត​ចិន​ក្នុង​កាលៈទេសៈ​ដែល​​ប្រទេស​នេះ​កំពុង​ជួ​ប​​​វិបត្តិ​កូវីដ​-19 នេះ​ជាដើម​។

ទឹកចិត្ត​បរិច្ចាគ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ក្នុង​ដំណាក់​កាល​ដែល​ប្រទេស​កម្ពុជា​ និង​ពិ​ភ​ព​លោក​កំពុង​ជួប​​វិបត្តិ​នៃ​ជំងឺ​កូវីដ-19​ មិនទាន់ឃើញមាន​សញ្ញាធូរស្រាល ហើយនិង​ស្ថានភាព​នៃ​សេដ្ឋកិ​ច្ច​​និ​ងហិរញ្ញ​វត្ថុ​សកលលោក​កំពុង​ធ្លាក់​ដាំក្បា​ល​ចុះ​យ៉ាង​គំហុក​បែប​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​វិធាន​ការ​​ថ្មី​​ប​ន្ថែម​ទៀត​ ក្រៅពី​ការ​ចាត់វិធានការត្រៀមស្តុក​បំរុង​ទុក​នូវ​ទំនិញ​យុទ្ធសាស្ត្រដូចជា​ អង្ករ​ និង​អំបិល​ ជាដើម​ និង​ត្រៀម​ទំនិញ​យុទ្ធសាស្ត្រ​ផ្នែក​សុខាភិបាល​ ដូចជា​ម៉ាស ទឹក​អាល់​កុល​ សំលៀក​បំពាក់​ការពារ​ស​ម្រាប់​គ្រូពេទ្យ​ ។ល។​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចាត់​វិធាន​ការ​ត្រៀម​បំរុង​ធនធាន​ថ​វិ​កា​ជាតិ​ផង​ដែរ​។ ក្នុង​ន័យ​នេះ​ ដើម្បី​កាត់​បន្ថយ​ការចំណាយ​ហិរ​ញ្ញ​វត្ថុ​សាធារណៈ​ និង​ដើម្បី​ចូល​រួម​សន្សំ​ថ​វិកា​ជាតិ​ លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្ម័គ្រចិត្ត​ផ្តល់​បៀវ​ត្សរបស់​លោក​ចំនួ​ន​៧ខែ​ ដើម្បី​ផ្តល់​ជូន​គណៈ​កម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​_19​ នាពេលនេះ​។

គេ​​នៅ​​ចាំ​បា​​ន​ថា​​​កន្លង​​មក​​មាន​សប្បុរស​ជន​ជា​ច្រើន​ ជា​ពិសេសសម្តេច​ព្រះ​មហាក្ស​ត្រី នរោត្តម មុនីនាថ​សីហ​នុ និង​ព្រះមហាក្សត្រនៃយើង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហរទ័យ ព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន៣០ម៉ឺនដុល្លារផងដែរ ហើយមក​ដល់​ពេល​នេះ​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ មាន​ជាង​១០លាន​ដុល្លារ​ក៏​ពិត​មែន​ ប៉ុន្តែ​ ចំ​នួន​នោះ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​សំរាប់​ការ​ចំណាយ​នៅ​ឡើយ​។ ដូច្នេះ​ហើយ​ ទើប​លោក​នាយក​រដ្ឋមន្ត្រី​ ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀរ​វត្ស​ចំ​នួន​៧​ខែ​ ដើម្បី​ចូល​រួម​ការពារ ​ទប់​ស្កាត់​ ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​_19​ នេះ​ថែម​ទៀត​។

ម្យ៉ាងវិញទៀត ដោយ​ហេតុ​ថា​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​ បាន​ឈាន​មុខ​ជា​គំរូ​ក្នុង​ការ​លះបង់​ប្រាក់​បៀ​វត្ស​​រយៈពេ​ល៧​ខែរួ​ចទៅ​ហើយ​នោះ​ ​គេ​សង្កេតឃើញ​ថា សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់ បានចូលរួម​​លះ​បង់​​បរិច្ចាគ​នូវ​ប្រាក់​បៀ​វត្ស​របស់​ខ្លួន​​ ​​ដើម្បី​ជាកិច្ច​គាំទ្រ​ដល់​កាយ​វិការ​សប្បុរសធម៌​ និង​វ​ប្ប​ធម៌​ចែក​រំលែក​របស់​​ប្រមុខដឹកនាំ​រាជ​រដ្ឋា​​ភិ​​បាលដែល​មាន​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ឈាន​មុខ​គេ​ផង​ដែ​រ​។​ ការលះបង់​នាពេល​នេះ ​គឺ​ជា​កាយ​វិ​កា​រ​លះ​បង់​ដ៏ប្រពៃ​រ៍​បំផុត​នៅ​ក្នុង​កាលៈទេសៈ ​ដែល​ប្រទេស​ជា​តិ​យើង​កំពុង​ជួប​នូវ​គ្រោះ​មហន្តរាយ​នៃ​ជំងឺ​ឆ្លង​ ហើយ​វា​ក៏បា​នបង្ហាញ​នូវ​វប្បធម៌​នៃ​ការ​ចែក​រំលែ​ក​ក្នុង​គ្រា​មាន​អាសន្ន​ផង​ដែរ​។​

ជារួម​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ក្រៅ​ពី​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់​ម៉ឺន​នាក់​នៅ​ជុំ​វិ​ញ​ពិភ​ពលោក​ហើយ​នោះ​​ជំងឺកូ​វីដ_19​ បាន​ធ្វើឱ្យ​ខូចខា​ត​ដល់​សេដ្ឋកិ​ច្ចកម្ពុ​ជា​ និង​សេដ្ឋកិច្ច​ពិភព​លោ​ក​យ៉ាង​ដំ​ណំ​​ផង​ដែរ​។​ ដូច្នេះ​ គឺ​មាន​តែ​ជាតិ​ខ្មែរ​យើង​ទាំង​អស់​គ្នាចេះ​រួប​រួមសាម​គ្គី​គ្នា​រវាង​ប្រជា​ពលរដ្ឋ​គ្រប់​រូប​​ជាមួ​យ​ប្រមុ​ខ​រាជ​រដ្ឋា​ភិបា​ល សមាជិ​ករាជ​រដ្ឋាភិបាល​ មន្រ្តី​រាជការ​ និង​កង​កំលាំង​ប្រដាប់​អាវុធ​គ្រ​ប់​ប្រភេទ​ប៉ុណ្ណោះ​ ទើប​យើង​សង្ឃឹ​ម​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ពេល​ឆាប់​ៗ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ជំងឺ​កូវីដ​_19​ នេះ​ ហើយ «វប្បធម៌​នៃ​ការ​ចែក​រំលែក​ជួយគ្នា​ក្នុង​គ្រា​មាន​អាសន្នគឺ​​ជា​មោទនៈភាព​​ជាតិ​​ខ្មែរ​» ៕​​

 ដោយ៖ ពង្ស សុក្រឹត្យ

ចែករំលែក

បញ្ចេញយោបល់