លិខិត្តមិត្តអ្នកអាន៖ «រក្សាចាស់ បង្កើនថ្មី» ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី ២ មេសា ២០២០​
10

ក្នុងចំណោមរដ្ឋមន្ត្រីថ្មី៤រូប ដែលទើបត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងត្រូវបានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងជាសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ គឺលោក កើត រិទ្ធ ត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិ មើលឃើញថា គឺជារដ្ឋមន្ត្រីវ័យក្មេងមួយរូបថ្មីទៀត ដែលចូលកាន់តំណែងនៅពេលនេះក្រោយសម្តេចតេជោ ហ៊ុន សែន បានកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំង និងពន្លឿនដំណើរការកំណែទម្រង់របស់ជាតិ ហើយក្នុងនោះវិស័យយុត្តិធម៌គឺជាអាទិភាពមួយ។

នៅអាណត្តិទី៥ កន្លងទៅ រដ្ឋមន្ត្រីវ័យក្មេងជាងគេដែលជាយុវជន គឺលោក សាយ សំអាល់ ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងបរិស្ថានហើយបាននិងកំពុងបន្តដឹកនាំក្រសួងនេះ សម្រាប់អាណត្តិទី៦នេះទៀត។ ពេលនេះលោក កើត រិទ្ធ បានស្ថិតក្នុងបញ្ជីរដ្ឋមន្ត្រីវ័យក្មេងជាមួយលោក សាយ សំអាល់ ក្នុងចំណោមសមាជិករាជរដ្ឋាភិ បាលកម្ពុជា។ ក្រៅពីនេះយុវជនជាច្រើនទៀតបាន និងកំពុងចូលរួមយ៉ាងសកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងនៅក្នុងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័ននីតិប្ប ញ្ញតិ រួមក្នុងកងយោធពលខេមភូមិន្ទផងដែរ។

វត្តមានយុវជនទាំងអស់នេះគឺជាការបញ្ចូលឈាមថ្មី ចូលក្នុងចង្កោមនៃថ្នាក់ដឹកនាំរបស់ប្រទេសជាតិ និងជាកម្លាំងបន្តវេនដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនិងធានារក្សាឱ្យបានការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេស ជាតិ។ ឈាមថ្មីនេះ បាននិងកំពុងធ្វើឱ្យមានប្រទេសជាតិកាន់តែមានភាពរឹងមាំ សកម្មនិងប្រកបដោយថាមពលខ្ពស់។ កម្ពុជាអាចងើបឈររឹងមាំរហូតមកទល់នឹងពេល នេះ គឺអាស្រ័យលើកម្លាំងសាមគ្គីភាពរបស់យុវជនរបស់គណបក្សប្រជាជនកម្ពុជាសម័យមុន ដែលបានយកជីវិតធ្វើជាដើមទុន រំដោះប្រទេសជាតិ និងសង្គ្រោះជីវិតប្រជា ជនកម្ពុជាចេញពីរបបខ្មែរក្រហម។ គំរូវីរភាព និងការលះបង់ខ្ពស់នេះនៅតែដិតដាមជាប់ជានិច្ច នៅក្នុងក្រអៅ បេះដូងយុវជន និងបានបង្ហាញនូវមេរៀនបទពិសោធន៍ជាច្រើន ដល់យុវជនកម្ពុជាដែលមានចំនួនប្រមាណជាង៦០% នៃប្រជាជនខ្មែរសរុបដើម្បីពួកគេយកទៅបន្តអនុវត្តការកសាងជាតិ និងបម្រើប្រជាជន។

ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជាដែលមានភាពរឹង មាំកាន់តែខ្លាំងនិងទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីប្រជាពលរដ្ឋក៏មួយផ្នែកដោយសារតែថ្នាក់ដឹកនាំមានសិល្បៈដឹកនាំប្រកបដោយទេពកោសល្យខ្ពស់ និងបានឱ្យតម្លៃទៅលើបញ្ញាវ័ន្ត អ្នកចេះដឹងស្មោះត្រង់និងលះបង់ បម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។

តាំងតែពីដើមរៀងមក ទន្ទឹមនឹងជ្រោងទង់សាមគ្គីជាតិ គណបក្សប្រជាជនកម្ពុជាជ្រោងទង់ឱ្យតម្លៃលើបញ្ញាវ័ន្ត អ្នកចេះដឹង មានសមត្ថភាព និងទេពកោសល្យ និងបានប្រមូលផ្តុំនូវបញ្ញាវ័ន្តពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយឱ្យចូលរួមកសាង និងបម្រើជាតិនិងប្រជាជន។ នេះគឺជាគុណាធិបតេយ្យរបស់គណបក្សប្រជាជនកម្ពុជាដែលបង្កើតដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។

ការផ្តល់ឱកាសដល់យុវជនដែលមានសមត្ថភាព និងទេពកោសល្យចូលបម្រើជាតិជាពិសេសការបញ្ចូលធនធានមនុស្សជាយុវជននៅក្នុងជួរថ្នាក់ដឹកនាំជាតិ ក្រោមទិសស្លោក«រក្សាចាស់ បង្កើនថ្មី» គឺជាការគិតគូរប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំជាតិព្រោះចាំបាច់ណាស់ការបន្ថែមកម្លាំងគឺជាកត្តាសំខាន់ដើម្បីថែរក្សាស្ថិរភាព និងដំណើរការជាប្រក្រតីរបស់ជាតិ ហើយក៏ជាការបណ្តុះបណ្តាលនិងបង្ហាត់បង្រៀនដល់យុវជនដែលត្រូវបន្តវេនដឹកនាំប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់អាទិភាព៤ ក្នុងការអភិវឌ្ឍប្រទេសជាតិតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ គឺមនុស្ស ទឹក ភ្លើង និងផ្លូវ។ បច្ចុប្បន្ននេះ កម្ពុជាដែលចេញពីប្រទេសមួយដែលមានអ្នកចេះដឹងមានចំនួនតិច តួចដែលរស់រានមានជីវិតពីការកាប់សម្លាប់របស់ខ្មែរ ក្រហមឈានដល់ប្រទេសដែលសម្បូណ៌ដោយធនធាន មនុស្ស និងជាកម្លាំងសកម្មរបស់ជាតិ។

ការតែងតាំងយុវជនដូចជាលោក សាយ សំអាល់ និងលោក កើត រិទ្ធ ចូលក្នុងរាជរដ្ឋាភិបាលកម្ពុជា និងធន ធានមនុស្សជាយុវជនជាច្រើនទៀតទៅក្នុងស្ថាប័នផ្សេង ទៀត គឺជាការចាក់ឈាមថ្មីចូលទៅក្នុងជួរថ្នាក់ដឹកនាំជាតិ ដែលរួមជាមួយនឹងថ្នាក់ដឹកនាំផ្សេងទៀតដើម្បីបម្រើជាតិនិងប្រជាជនកម្ពុជា។

ឈាមថ្មីនេះគឺជាឈាមដែលពោរពេញដោយសមត្ថភាពខ្ពស់ ជាឈាមដែលកើតចេញពីការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ជាឈាមដែលពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើជាតិ និងប្រជាជន ជាឈាមដែលពោរ ពេញដោយសាមគ្គីភាព និងការប្តូរផ្តាច់ និងជាឈាមគំរូ សម្រាប់យុវជនផ្សេងៗទៀត និងជាឈាមដែលប្រកប ដោយជំនឿទុកចិត្ត ដែលជាផ្លែផ្លាកើតចេញមកពីការខិត ខំប្រឹងប្រែង របស់យុវជនជំនាន់មុនដើម្បីបន្តការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០

ចែករំលែក

បញ្ចេញយោបល់