លិខិតមិត្តអ្នកអាន៖ ពេលវេលាដ៏លំបាក គឺជាវិញ្ញាសារវាស់ស្ទង់ពីភាពខ្លាំងរបស់មេដឹកនាំកម្ពុជា

ថ្ងៃពុធ ទី ១ មេសា ២០២០​
14

ក្នុងស្ថានភាពដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិជំងឺឆ្លងដ៏កាចសាហាវ គឺជំងឺ Covid-19 កម្ពុជា ​ក៏មិ​នខុសពីបណ្តាប្រទេសនានាលើសកលលោកនោះទេ។ ការដែលអាចប្រឈមមុខ ក៏ដូចជាទប់ទល់នឹងបញ្ហាដ៏លំបាកនាពេលនេះបាន គឺបញ្ជាក់ថាមេដឹកនាំកម្ពុជា បុរសខ្លាំង ហ៊ុន សែន មិនមែនជាបុគ្គលធម្មតានោះទេ។ វាពិតជាមិនងាយស្រួលទេក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 នៅតាមបណ្តាលប្រទេសនីមួយៗព្រោះតែការបិទការធ្វើដំណើរជុំវិញពិភពលោក ក៏ដូចជាការបិទព្រំដែនរវាងប្រទេសមួយទៅ​​ប្រទេសមួយក្នុងរយៈពេលខ្លីវាជារឿងមួយដ៏ពិបាក។ ងាកមកកម្ពុជាវិញ ទោះបីប្រទេសនេះជាប្រទេសតូច និងជាប្រទេសដែលកំពុងអភិវឌ្ឍក្តី ប៉ុន្តែមេដឹកនាំកម្ពុជាបានធ្វើរឿងដែលពិភពលោកនឹកស្មានមិនដល់ក្នុងការប្រឆាំងនឹងជំងឺ Covid-19។ មេដឹកនាំកម្ពុជា ដែលគេដឹងថាជាមេទ័ពកំពូលគឺជាអ្នកយុទ្ធសាស្ត្រ និងដាក់ចេ​ញនូវវិធានការការពារ និងបង្ការទប់ស្កាត់ជំងឺ Covid-19 ដែលត្រូវបានគេមើលឃើញថាមានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សំគាល់។

ភាពវឹកវរជាសកលដែលពិភពលោក ​ក៏ដូចជាកម្ពុជាកំពុងតែជួបប្រទះ និងរងគ្រោះពីការវាយលុកនៃជំងឺ Covid-19 បានធ្វើឱ្យមនុស្សម្នាលើសកលលោកចាប់ផ្តើមជ្រួលច្របល់ ហើយនៅប្រទេសខ្លះហាក់កំពុងបា​ត់បង់ភាពម្ចាស់ការ និងលែងគ្រប់គ្រងបាន​។ មេរោគ Covid 19 ប្រៀបបាននឹងឃាតករឥតស្រមោលដែលបានសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ទូទាំងពិភពលោកក្នុងរយៈពេលដ៏ខ្លី ខណៈដែលថ្នាំនិងវ៉ាក់សាំងព្យាបាលជំងឺនេះ នៅមិនទាន់ត្រូវបានគេរកឃើញ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។ ក្រៅពីបានឆក់យកជីវិតមនុស្សជាច្រើននាក់ហើយនោះ ជំងឺ Covid-19 បានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោកយ៉ាងដំណំ។ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ មានប្រទេសចំនួន២០២ ​ហើយដែលមានអ្នកឆ្លងជំងឺនេះ ហើយអ្នកស្លាប់មានប្រមាណជាង៤ម៉ឺននាក់។ ចំណែកឯទំហំនៃការខាតបង់នៃសេដ្ឋកិច្ចពិភពលោក នៅមិនទាន់ត្រូវបានគេព្យាករណ៍ជាក់លាក់នៅឡើយទេ ប៉ុន្តែអ្វីដែលអ្នកវិភាគខាងសេដ្ឋកិច្ចមានការព្រួយបារម្ភខ្លាំងនោះគឺ វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនឹងកើតមានឡើង ប្រសិនបើជំងឺឆ្លងនេះ នៅតែបន្តរីករាលដាលពាសពេញសកលលោក​។ រីឯប្រទេសកម្ពុជាវិញ បានរកឃើញករណីអ្នកឆ្លងជំងឺនេះដំបូងនៅចុងខែមករាឆ្នាំ២០២០ គឺបុរសជនជាតិចិនម្នាក់ដែលមកពីក្រុងវូហាន ប៉ុន្តែត្រូវបានព្យាបាលឱ្យជាសះស្បើយវិញដោយគ្រូពេទ្យកម្ពុជា។

គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺ Covid-19 ចំនួន១០៩នាក់ ភាគច្រើនគឺជាករណីនាំចូលពីក្រៅប្រទេស។ ទោះបីជាកន្លងមក មានការរិះគន់ពីប្រព័ន្ធសុខាភិបាលប្រទេសកម្ពុជាថា មានភាពទន់ខ្សោយក៏ដោយ ក៏ប៉ុន្តែប្រទេសមួយនេះ បានជំនះទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 យ៉ាងយកចិត្តទុកដាក់បំផុតហើយដែលធ្វើឱ្យចំ​នួនអ្នកឆ្លងក្នុងប្រទេសនេះ ស្ថិតក្នុងអត្រាទាបនៅឡើយ។ អ្វីដែលគួរឱ្យកត់សំគាល់នោះគឺក្រៅពីគ្មានករណីអ្នកជំងឺ Covid-19 ស្លាប់នៅក្នុងប្រទេសកម្ពុជាហើយនោះ កម្ពុជា បានព្យាបាលអ្នកជំងឺ Covid 19 សរុបត្រឹមថ្ងៃទី១ មេសា ឆ្នាំ២០២០ ឱ្យជាសះស្បើយចំនួនរហូតដល់ទៅ ២៥នាក់ ដែលស្មើហ្នឹងប្រហែលជាង២២%នៃអ្នកដែលត្រូវបានរកឃើញថាមានជំងឺនេះក្នុងប្រទេស។

ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ត្រូវបានដាក់ចេញជាបន្តបន្ទាប់។ មេដឹកនាំកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុតដោយមិនមានការធ្វេសប្រហែសចំពោះការទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺនេះឡើយ។ ចំណែកឯការវាយតំលៃពីប្រសិទ្ធភាពនៃការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់កម្ពុជា ត្រូវបានមើ​លឃើញថាមានកំរិតខ្ពស់ព្រោះតែរហូតមកដល់ពេលនេះ កម្ពុជានៅតែអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ បើប្រៀបធៀបនឹងប្រទេសដទៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើនដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលកើតចេញពីជំងឺ Covid-19។ ភ្លាមៗបន្ទាប់ពីរកឃើញករណីវិជ្ជមានវីរុស Covid-19 នៅកម្ពុជា លោក ហ៊ុន សែន បានសម្រេចបិទសាលារៀនគ្រប់កំរិតនៅទូទាំងប្រទេស និងរៀបចំឱ្យមានការស្វ័យសិក្សានៅតាមផ្ទះ ហើយសាលាមួយចំនួន បានដាក់ដំណើរការការរៀនតាមប្រព័ន្ធ Online។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការកាត់បន្ថយចំនួនមន្ត្រីរាជការ ដែលមកបំពេញការងារនៅតាមស្ថាប័ននីមួយៗឱ្យនៅត្រឹម៣០%ក្នុងមួយថ្ងៃ ដោយរៀបចំឱ្យមានការធ្វើការឆ្លាស់វេនគ្នា និងធ្វើការតាម Online។ រៀបចំផ្សព្វផ្សាយពីការពារជំងឺឆ្លងតាមរយៈការធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ និងអាល់កុលឱ្យបានញឹកញាប់ ព្រមទាំងពាក់ម៉ាស់ និងក្រមា ដើម្បីការពារការចម្លងជំងឺ។ ប្រឆាំងព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយបំភ័យប្រជាពលរដ្ឋពីបញ្ហាជំងឺ Covid 19។ ទប់ស្កាត់ក្រុមឈ្មួញទុច្ចរិតដែលឆ្លៀតឱកាសកេងចំនេញ តាមរយៈការបំផុសបំផុលប្រជាពលរដ្ឋ សំរុកទិញទំនិញផ្សេងៗដែលធ្វើឱ្យតំលៃទំនិញលើទីផ្សារឡើងថ្លៃ។ បង្ក្រាបក្រុមលក់ថ្នាំ និងឧបរណ៍វេជ្ជសាស្ត្រដែលមិនមានការអនុញ្ញាតដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ណែនាំនិងជំរុញឱ្យប្រជាពលរដ្ឋតាមដានសុខភាពផ្ទាល់ខ្លួន បើមានរោគសញ្ញាគួរឱ្យសង្ស័យអាចទៅពិនិត្យរកមេរោគ Covid-19 ​បានដោយឥតគិតថ្លៃ។ ពលរដ្ឋខ្មែរ និងជនបរទេសដែលទើបធ្វើដំណើរមកពីក្រៅទេស ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីការពារការចម្លងមេរោគ Covid-19 ។ ស្រាវជ្រាវរកប្រភពអ្នកប៉ះពាល់ជាមួយអ្នកមានផ្ទុកវីរុស Covid-19 ដោយផ្ទាល់ និងដោយប្រយោល ដើម្បីយកមកធ្វើការពិនិត្យ និងព្យាបាលករណីតេស្តវិជ្ជមាន។

រាជរដ្ឋាភិបាល ក៏បានចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់​​ការ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ អា​មេ​រិ​ក​ អ៊ីរ៉ង់ ​ និងទៅក្រៅប្រទេស ប្រសិន​បើ​មិន​មាន​ការ​ចាំបាច់​បំផុត​ដែល​ខាន​ពុំ​បាន​នោះ។ បានត្រៀមរៀបចំទីកន្លែងសម្រាប់ការព្យាបាលអ្នកជំងឺក្នុងទ្រង់ទ្រាយធំ ដូចជាយកទីតាំងសណ្ឋាគារ សាលារៀន និងទីតាំងមួយចំនួនទៀត ដែលអាចធ្វើជាមន្ទីរពេទ្យព្យាបាលបាន នៅទូទាំងប្រទេសកម្ពុជា។ អំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ បើមិនចាំបាច់កុំចេញក្រៅ។ ផ្អាកអាជីវកម្ម ដែលនាំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន ដូចជាកន្លែងកម្សាន្ត កាស៊ីណូ ក្លឹបរាត្រី និងខារ៉ាអូខេជាដើម។ ផ្អាកជាបណ្តោះអាសន្ននូវមធ្យោ បាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ។ អំពាវនាវឱ្យពលរដ្ឋចៀសវាងការជួបជុំគ្នាក្នុងកំឡុងពេលនៃការឆ្លងរីករាលដៃនេះជំងឺ Covid-19 ។ ចៀសវាងប៉ះពាល់អ្នកដែលមានជំងឺផ្លូវដង្ហើម​ ដូចជាគ្រុនក្តៅ ផ្តាសាយ ក្អក និងកណ្តាស់។ បង្កើតប្រព័ន្ធទូរស័ព្ទ Hotline ២៤/២៤ម៉ោង លេខ115 សម្រាប់សាកសួរព័តមានពីជំងឺ Covid-19 ដោយឥតគិតថ្លៃ។ បង្កើតមូលនិធិកៀរគរថវិកាពីសប្បុរសជនឧបត្ថម្ភលើការងារប្រយុទ្ធប្រឆាំងជំងឺ Covid-19 ។ មិនអនុញ្ញាតឱ្យសេវាព្យាបាលជំងឺឯកជន ធ្វើតេស្ត និងព្យាបាល អ្នកជំងឺ Covid-19 ឡើយ ចៀសវាងការលំបាកគ្រប់គ្រងអ្នកជំងឺ។ ព្យាបាលដោយមិនយកប្រាក់ពីអ្នកជំងឺ Covid-19 ទាំងជនជាតិខ្មែរ និងបរទេស ។ អនុវត្តយន្តការការពារ និងទប់ស្កាត់ ប៉ុន្តែមិនរើសអើងចំពោះអ្នកជំងឺ។ រៀបចំឱ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីជួយគាំទ្រដល់សកម្មភាពព្យាបាលអ្នកជំងឺ Covid-19 ។

ក្រសួង​សុខាភិ​បាល ​ក៏​បាន​​សហការជា​មួយ​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ត្រៀម​កំលាំង​គ្រូពេទ្យ​ ទាំង​គ្រូ​ពេទ្យ​​កង​ទ័ព​ និង​ពេទ្យ​នគរបាល​​ដើម្បី​ជួយ​អប់​រំ​ បង្ការ​ និង​ព្យាបាល​​អ្នក​​ជំងឺ​​នៅ​តាម​អង្គភាព​របស់​ខ្លួន​ក្នុង​ករណី​ចាំ​បាច់​។ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ អំពីវិធីសាស្ត្រការពារទប់ស្កាត់ និងបង្ការជំងឺ Covid-19 និងចុងក្រោយនេះ គឺរាជរដ្ឋាភិបាលបានរៀបចំច្បាប់គ្រប់គ្រង​​ប្រទេសក្នុងភាពអាសន្នផងដែរ ។

ក្រៅពីវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញ រាជរដ្ឋាភិបាល ក៏បានត្រៀមនូវកញ្ចប់ថវិកាសម្រាប់ទប់ទល់នឹងវិបត្តិនេះផងដែរ។ លើសពីនេះ ការត្រៀមខ្លួនជួយទៅដល់វិស័យឯកជនដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺ Covid-19 ក៏បានបំរ៉ុងទុកជាស្រេចទៅហើយ។ ដូច្នេះសម្រាប់កម្ពុជា អាចនិយាយបានថា វាជាភ័ព្វសំណាងដែលមានមេដឹកនាំដ៏ឈ្លាសវៃ ពោរពេញដោយថាមពល និងនិងអាចបត់បែនបានយ៉ាងលឿន ដែលអាចគ្រប់គ្រងសា្ថនការណ៍បានគ្រប់កាលៈទេសៈ។

ប្រមុខមេដឹកនាំកម្ពុជា ពិតជាស័ក្តសមជាមេទ័ពកំពូលរបស់ជាតិ​​។ គេអាចនិយាយបានម៉្យាងទៀតថា ប្រ សិនបើពេលនេះ មេដឹកនាំកម្ពុជា មិនមែនជាបុរសខ្លាំង ហ៊ុន សែន វិញ ប្រហែលជាកម្ពុជាជួបការលំបាកខ្លាំង ដូចប្រទេសមួយចំនួនដែលកំពុងតែរងគ្រោះខ្លាំងហើយ ។ លោក ហ៊ុន សែន មិនមែនអ្នកនយោបាយ ដែលគ្មានយុទ្ធសាស្ត្រ បានតែទ្រីស្តីឬជាអ្នកនយោបាយចេះតែថា ហើយមិនចេះធ្វើនោះទេ។ ស្ថិតក្នុងស្ថានភាពបែបនេះ គេពិតជាមិនអាចមិនសរសើរមិនបាន ចំពោះគំរូវីរៈភាព និងភាពច្បាស់លាស់ ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិរបស់លោក ហ៊ុន សែន ៕

 ដោយ៖ ស ជាតិ     

ចែករំលែក

បញ្ចេញយោបល់