លិខិតមិត្តអ្នកអាន៖ នៅពេលច្បាប់ចេញឆ្លុះបង្ហាញថា សម រង្ស៊ី មានកំហុសផ្នែកយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរក្នុងជីវិតនយោបាយ

ថ្ងៃពុធ ទី ១៥ កុម្ភៈ ២០១៧​
1732

ស្តាប់ទៅហាក់បីដូចជា លោក សម រង្ស៉ី បានទទួលដំណឹង ឬដឹងមុនយ៉ាងច្បាស់អំពីខ្លឹមសារច្បាប់គណបក្សនយោបាយដែលគ្រោងធ្វើវិសោធនកម្មនោះ។ រហូតដល់ទៅហ៊ានសម្រេចចិត្តបែបអត្តឃាតនយោបាយ គឺប្រកាសលាលែងពីប្រធានគណបក្ស ហើយថែមទាំងបានចាត់ទុកដោយយល់ខុសថា នេះគឺជាក្បួនយុទ្ធសាស្ត្រដើរឱ្យបានមួយជំហានមុនដៃគូប្រកួត។

តើលោក សម រង្ស៉ី ចង់ធ្វើដូចប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលវាយតម្លៃត្រូវ ហើយបានដើរមុនមួយជំហាន ព្យាករណ៍ត្រូវលើរឿងសមុទ្រ​ចិនខាងត្បូង និងលទ្ធផលជាប់ឆ្នោតរបស់ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ?

ជាមួយគ្នានេះ មន្ត្រីគិគីលូរបស់គណបក្សសង្រ្គោះជាតិ កូតាខាង សម រង្ស៉ី បាននាំគ្នាហៃអើកោតសរសើរថា នេះជាវីរៈភាពរបស់លោក សម រង្ស៉ី និងយល់ថា លោក សម រង្ស៉ី បានសង្រ្គោះគណបក្ស កុំឱ្យគណបក្សរលាយ ដោយសារប្រធានបក្សមានទោស។ ប៉ុន្តែមិនមានទេ! លោក សម រង្ស៉ី មិនមែនចាក់កៅអូវត្រូវទេ តែគាត់អុកគូថឆ្អល់ទល់ប្រអកទៅទៀត។

ឥឡូវនេះ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយត្រូវបានផ្សព្វផ្សាយលើគេហទំព័ររដ្ឋសភាហើយ។ គ្រប់គ្នារួមទាំងអ្នកនយោបាយ គណបក្សសង្គ្រោះជាតិ ទាំងអ្នកច្បាប់ ទាំងអ្នកវិភាគសង្គមនានា អាចពិនិត្យសិក្សាវែកញែកខ្លឹមសារនៅក្នុងច្បាប់នោះ ដើម្បីកំណត់ថា តើការវាយតម្លៃលើការសម្រេចចិត្តរបស់លោក សម រង្ស៉ី នៅមុនច្បាប់ត្រូវបានអនុម័ត តើមិនត្រឹមត្រូវ ឬខុសស្រឡះ?

ផ្ទុយទៅវិញ ពេលពិនិត្យឲ្យច្បាស់លាស់ ស្មារតីច្បាប់នេះ មិនមានខ្លឹមសារដូចដែលលោក សម រង្ស៉ី បានលើកឡើងជាសាធារណៈច្រំដែលៗនោះទេ។ នេះមានន័យថា៖

ទី១៖ លោក សម រង្ស៉ី ត្រូវបានគេផ្តល់ដំណឹងឱ្យខុស ឬគាត់ទស្សទាយខុសស្រឡះ ដែលជំរុញឱ្យគាត់ធ្វើការសម្រេចចិត្តខុសដែរ។
ទី២៖ នេះឆ្លុះក៏បញ្ចាំងថា លោក សម រង្ស៉ី ធ្វើអ្នកនយោបាយចាស់វស្សាមែន តែមិនវៃឆ្លាត និងមានភ្នែកភ្លឺនោះទេ។ ក៏ប៉ុន្តែគ្រាន់តែជាអ្នកនយោបាយ ដែលធ្វើឲ្យការចាញ់របស់គាត់ល្បីល្បាញមួយឆាវ ហើយក៏រលត់​ទេ។

គេនៅចាំបានថា នាពេលកន្លងទៅថ្មីៗ លោក សម រង្ស៉ី ក៏ធ្លាប់បានវាយតម្លៃខុស ទាក់ទិននឹងការទស្សន៍ទាយអនាគតប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចាក់កៅអូវ យកបេក្ខភាពលោកស្រី Hilary Clinton និងបានវាយប្រហារដ៏គឃ្លើនលើបេក្ខភាពលោក Donald Trump ថា ជាមនុស្សផ្តាច់ការ។ ប៉ុន្តែទីបំផុត មនុស្សផ្តាច់ការដែលលោក សម រង្ស៉ី បានចោទប្រកាន់នេះ បានក្លាយជាប្រធានាធិបតី សហរដ្ឋអាមេរិកទី៤៥ ដែលធ្វើឱ្យលោក សម រង្ស៉ី ខាតបង់មុខមាត់នយោបាយជាខ្លាំង។

នៅកម្ពុជាការពិតមានអ្នកនយោបាយដ៏ល្បីល្បាញមួយរូប ដែលតែងតែឈ្នះស្ទើរគ្រប់សមរភូមិ និងបានកាន់អំណាចអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនរហូត មកដល់សព្វថ្ងៃ គឺសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្ន គឺជាប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ព្យាករណ៍ត្រូវច្បាស់ដូចថ្ងៃ លើរឿងធំៗជាច្រើនក្នុងនោះ មានរឿងធំ និងថ្មីៗចំនួនពីរ ដែលធ្វើឱ្យរំជើបរំជួលពិភពលោក គឺ រឿងសមុទ្រចិនខាងត្បូង និងការជាប់ឆ្នោតរបស់លោក Donald Trump ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ លើទស្សនវិស័យនេះ លោក សម រង្ស៉ី ត្រូវទទួលស្គាល់ថា សមត្ថភាពនៅអន់ឆ្ងាយណាស់ទាំង នយោបាយក្នុងស្រុកនិងនយោបាយអន្តរជាតិ។

ឥឡូវនេះ ដល់ពេលយកច្បាប់មកមើល អ្វីៗដែលបានលើកឡើងដែលលោក សម រង្ស៉ី គឺ ខុសស្រឡះ១០០ភាគរយ។ ចំណុចដែលលោក សម រង្ស៉ី លើកឡើងប៉ប៉ាច់ប៉ប៉ោចថា ការលាលែងតំណែងប្រធានបក្សឱ្យបានមុនច្បាប់ចេញ ដើម្បីការពារគណបក្សកុំឱ្យគេរំលាយ គឺឥឡូវនេះវាគ្រាន់តែជាវីរៈភាពក្នុងក្អម ពីព្រោះមូលហេតុនៃការលាលែងនេះវាអស់ន័យ។ នៅត្រង់មាត្រា១៨ថ្មី ចែងថា៖ «ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬអង្គការសមមូល និងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ»។ មាត្រា១៨ថ្មីនេះ ក៏បានចែងដែរថា៖ «គណបក្សនយោបាយ ត្រូវចាត់នីតិវិធីដើម្បីជំនួសប្រធានគណបក្សនយោបាយ ដែលបាត់បង់តួនាទីដូចមានចែងក្នុងកថាខណ្ឌខាងលើ ក្នុងរយៈពេលយ៉ាងយូរ ៩០ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ»។

ជាក់ស្តែងក្នុងសេចក្តីស្នើច្បាប់នេះ គឺគ្មានមាត្រាណាមួយចែងថា គណបក្សនឹងត្រូវរំលាយដោយសារតែប្រធានបក្សមានទោសនោះទេ។ ច្បាប់គ្រាន់តែចែងថា ប្រធានបក្សបាត់បង់តំណែង ដោយសារមានទោសជាប់ខ្លួន។ ម្យ៉ាងទៀតគណបក្សក៏មិនរំលាយទៅតាមដោយស្វ័យប្រវត្តិ ដោយសារ ប្រធានបក្សជាប់ទោសនោះដែរ គឺគ្មានចែងទាល់តែសោះ!

ដូច្នេះការណ៍ដែលលោក សម រង្ស៉ី អះអាងថា ការលាលែងពីតំណែងដើម្បីកុំឱ្យគណបក្សរលាយ គឺខុសទាំងស្រុង។ នេះគឺជាកំហុសផ្នែកយុទ្ធសាស្ត្រ ដ៏ធ្ងន់ធ្ងរមួយក្នុងជីវិតនយោបាយដែលមិនអាចងាកក្រោយបាន ហើយមិនតែប៉ុណ្ណោះ ក៏បានធ្វើឱ្យគណបក្សជ្រួលច្របល់ថែមទៀត។

ក្នុងស្មារតីច្បាប់នេះ ការរំលាយគណបក្សនយោបាយមួយ គឺ​មិនជាប់ពាក់ព័ន្ធនឹងរឿងប្រធានគណបក្សជាទណ្ឌិតនោះទេ។ មូលហេតុដែលឈានដល់ការ រំលាយគណបក្ស គឺមានផ្សេងពីនេះនិងច្រើនកន្លែង ពិសេស ក្នុងមាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលភាគច្រើនពាក់ព័ន្ធនឹងការរំលោភច្បាប់ដូចជា៖ ការធ្វើឱ្យមានអបគមន៍ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី, ការធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យសេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ, និងការបង្កើតកងកម្លាំងប្រដាប់អាវុធជាដើម។

ដូច្នេះការលាលែងរបស់លោក សម រង្ស៉ី មួយជំហានមុនច្បាប់ចេញ ដែលគ្រាន់តែជាលេសទំលាក់កំហុសឱ្យមកគណបក្សកាន់អំណាច គឺជាការលាលែងដ៏ ឆោតល្ងង់ផ្នែកយុទ្ធសាស្ត្រនយោបាយ និងមិនបានជួយអ្វីដល់គណបក្សសង្រ្គោះជាតិឡើយ ប៉ុន្តែបានធ្វើរូបគាត់ និងគណបក្សខាតបង់ទៅវិញ៖

ទី១៖ កិច្ចព្រមព្រៀងនយោបាយរវាងលោក សម រង្ស៉ី និងលោក កឹម សុខា ដើម្បីបង្កើតគណបក្សរួមគ្នា គឺគណបក្សសង្រ្គោះជាតិ គឺលែងមានន័យ និងលែងមានអានុភាព។

ទី២៖ ចាប់ពេលនេះតទៅ លោក កឹម សុខា បានឡើងធ្វើជាប្រធានស្តីទីពេញសិទ្ធិ និងពេញអំណាចរបស់គណបក្ស ដែលអនុញ្ញាតឱ្យ លោក កឹម សុខា ចាត់ចែងការងារក្នុងបក្សរហូតដល់មានសមាជជ្រើសរើសប្រធានគណបក្សថ្មី។ ប៉ុន្តែប្រធានថ្មី ក៏ត្រូវតែជាលោក កឹម សុខា ព្រោះពីអំណេះតទៅ លោក សម រង្ស៉ី សូម្បីជាសមាជិករបស់បក្សក៏គ្មានផង ដូច្នេះគ្មានសិទ្ធិអ្វីទាំងអស់។ លោក កឹម សុខា ដាក់ទុននយោបាយតែ ៣កៅអី ឥឡូវយកក្តោបយកបក្សបានទាំងមូល! គួរឱ្យសរសើរ គួរឱ្យសរសើរ!

​ទី៣៖ គណបក្សសង្រ្គោះជាតិមានរយៈពេល ៩០ថ្ងៃ ដើម្បីចាត់ចែងជ្រើសរើសប្រធានបក្សថ្មី ក្រោយពេលច្បាប់ចេញ។ ដូច្នេះ មិនមែនត្រូវចាំរហូតដល់ពេលធ្វើសមាជក្នុងខែមេសា ឆ្នាំ២០១៨នោះទេ។ ច្បាប់ធំជាងលក្ខន្តិកៈគណបក្ស។ បើមិនគោរពច្បាប់ ប្រយ័ត្នបក្សរលាយ!

ទី៤៖ រឿងដ៏អស់សំណើចចេញចរិតពិត គឺក្រោយលោក សម រង្ស៊ី លាលែងពីប្រធានបក្សភ្លាម កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងជាអ្នកធ្លាប់រិះគន់លោក សម រង្ស៉ី ថា រត់គេចយករួចខ្លួនទៅក្រៅប្រទេសនោះ បានសរសេររឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុង Twitter ថា លោក សម រង្ស៉ី លែងជាមនុស្សសំខាន់របស់គណបក្សសង្គ្រោះជាតិទៀតហើយ ព្រោះគណបក្សក្រោមការដឹកនាំរបស់ឪពុករបស់កញ្ញា បានក្លាយជាគណបក្សនៃទស្សនៈគំនិត មិនមែនជាគណបក្សបែបបុគ្គលនិយម ដូចក្រោមការដឹកនាំរបស់លោក សម រង្ស៉ី ឡើយ។ តាមក្បួនយុទ្ធសាស្ត្រនយោបាយ នេះគេហៅថា វិធីបន្សាបឥទ្ធិពល របស់ដៃគូ! ដូច្នេះលោក សម រង្ស៊ី​ ពិតជាចាញ់ហើយចាញ់ទៀត ចាញ់គ្រប់ជ្រុងទាំងអស់។ ចាញ់មួយលើកនេះលោក សម រង្ស៊ី ចាញ់បោសគូថខោ ស្តារលែងឡើងតែម្តង ពីព្រោះអ្វីៗបានធ្លាក់នៅលើដៃរបស់លោក កឹម សុខា ទាំងអស់។

ទោះបីជា សម រង្ស៉ី ទៅឆ្ងាយហើយក៏ដោយ ក៏ប៉ុន្តែសុំខ្សិបឱ្យយោបល់តូចមួយទៅដល់លោក សម រង្ស៉ី និងក្រុមលោក សម​រង្ស៉ី ថា មេឃដីនឹងប្រែប្រួល។ អ្វីៗដែលបានកើតឡើងរហូតដល់លោក សម រង្ស៉ី ត្រូវខ្ទាតពីតំណែងប្រធានបក្ស គឺស្របនឹងផែនការ និងបៀបវារៈនយោបាយរបស់លោក កឹម សុខា និងក្រុមដែលស្និទ្ធនឹងលោក កឹម សុខា ហើយ។ ប្រើដើមទុនតិចចំណេញធំ! លាលែងឈប់ល្ងាចនេះព្រឹកស្អែកឡើងកោះប្រជុំយល់ព្រមភ្លាម ដោយគ្មានស្តាយស្រណោះ។ សត្រូវចេញពីសាច់ឯង គ្រោះថ្នាក់ជាងសត្រូវមកពីចំងាយ៕

ដោយ៖ ចៅចាក់ស្មុក

ខាងក្រោមនេះជាសេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាពទទួលយកពិនិត្យ៖

ចែករំលែក

បញ្ចេញយោបល់