ទស្សនៈមិត្តអ្នកអាន៖ គណបក្សប្រជាជន តែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ

ថ្ងៃសៅរ៍ ទី ២៨ មីនា ២០២០​
18

គណបក្សប្រជាជនកម្ពុជា ​ជានិច្ចកាលតែងតែនៅជាប់ជាមួយប្រទេសជាតិ និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ មិនថាប្រជាជនសប្បាយរីករាយ ឬជួបការលំបាកនោះឡើយទោះបងប្អូនរស់នៅទីក្រុងឬរស់នៅទីជនបទដាច់ស្រយ៉ាលដល់ណាក៏ដោយ។​ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មានប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង សុទ្ធ​តែបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោ​យសារតែជំងឺកូវីដ-១៩ ដូចៗគ្នា ហើយជំងឺឆ្លងដ៏កាចសាហាវនេះ វាមិនត្រឹមតែសម្លាប់តែអាយុជីវិតមនុស្សប៉ុណ្ណោះទេ តែវានៅបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោកធ្លាក់ចុះក្រឡាប់ចាក់ដែលមិនគួរឲ្យជឿទៀតផង។​ ដោយសារតែវិបត្តិនេះ រាជរដ្ឋាភិបាល​កម្ពុជាក៏បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ជាតិប្រយុទ្ធ​នឹង​ជំ​ងឺកូ​វីដ​-១៩ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំបញ្ជាការផ្ទាល់និងមាន​សមាសភាពចូលរួមមកពី​ក្រសួង​-​ស្ថាប័ន​-អភិបាល​រាជធានី-ខេត្ត ព្រមទាំងភាគី​ពាក់ព័ន្ធ​ជាច្រើនទៀត​ ដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូ​វីដ​-១៩នេះ។

ជាក់ស្តែងថ្ងៃទី២៥ មីនាកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញនិងអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឲ្យនាំគ្នាចុះទៅជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋមួយចំនួនតាមមូលដ្ឋានដែលកំពុងជួបបញ្ហាជីវភាពដោយសារជំងឺកូវីដ-19 នេះ។ មន្ត្រីគណបក្សប្រជាជនកម្ពុជាត្រូវតែចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីអប់រំផ្សព្វផ្សាយដល់ពួកគាត់ឲ្យចេះធ្វើអនាម័យជាប្រចាំនិងចេះថែរក្សាសុខភាពផ្ទាល់ខ្លួនរួមផ្សំ និងឲ្យពួកគាត់ចេះការពារទប់ស្កាត់កុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ។ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានទូទាំងប្រទេសត្រូវចុះចែកជូនប្រជាពលរដ្ឋនូវសម្ភារៈការពារសុខភាពជាចាំបាច់ដូចជាម៉ាស់ ក្រម៉ា សាប៊ូលាងដៃ -ទឹកអាល់កុល និងស្បៀងអាហារផ្សេងៗ ដូចជា អង្ករ មី ត្រីខកំប៉ុង ជាដើម។ល។និង។ល។សកម្មភាពចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពល​រដ្ឋក្នុងគ្រាជួបការលំបាកនេះ គឺជាទម្លាប់និងស្មារតីរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺស្មារតីយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្ស ហើយសកម្មភាពនេះត្រូវបានទទួលស្គាល់ដោយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងពួកគាត់បានចងចាំថា “ទីណាមានទុក្ខទីនោះមានមុខលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាជានិច្ច​”ដែលសកម្មភាពនេះ គឺវាផ្ទុយគ្នាស្រឡះពីគណបក្សផ្សេងៗ និងពួកក្រុមប្រឆាំងចោលម្សៀតផ្កាប់មុខមួយចំនួនដែលបានតែសំដីគ្មានបានការដើរតែសន្យា និងស្រែកជេររាជរដ្ឋាភិបាល មិនត្រឹមតែប៉ុណ្ណោះពួកក្រុមប្រឆាំងចោលម្សៀតផ្កាប់មុខទាំងនេះនៅដើរបញ្ចុះបញ្ចូលបរទេសមិនឲ្យផ្ដល់ជំនួយ និងញុះញុងដល់សហគមន៍អន្តរជាតិមិនឲ្យទិញទំនិញសម្លៀកបំពាក់កាត់ដេរនិងស្បែកជើងពីកម្ពុជានិងដើរទប់ស្កាត់មិនឲ្យអ្នកវិនិយោគបរទេសមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ដែលពួកនេះគ្មានចេះអ្វីតែពី​រិះគន់រដ្ឋាភិបាលក្នុងន័យជាន់ពន្លិចជាតិឯង ហើយបែរជាលើកជើងបរទេសនិងយកបរទេសធ្វើជាគ្រូប៉ុណ្ណោះ។

គណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ពេលដែលប្រជាជនយើងសុខសប្បាយ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់តែជំរុញជីវភាពប្រជាជនឲ្យកាន់តែចម្រុងចម្រើនថែមទៀត។ ប៉ុន្តែនៅពេលដែលប្រជាជនមានការខ្វះខាត ឬជួបទុក្ខលំបាក គណបក្សប្រជាជនកម្ពុជា និងមន្ត្រីរបស់ខ្លួនក៏នៅតែខាំស្មៅជួយដោះទុក្ខលំបាកជាមួយប្រជាជនជានិច្ច និងបានជួយដោះស្រាយរាល់គ្រប់បញ្ហាដែលប្រជាជនបានជួបប្រទះ។ ជាក់ស្តែងស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជា​តិកំពុងជួបវិបត្តិនៃជំងឺកូវីដ-19 នៅពេលនេះ គឺគណបក្សប្រជាជនកម្ពុជា បានខិតខំការការពារ​និង​ទប់​ស្កាត់​ប្រភព​ចំលង​ពី​ក្រៅ​ប្រទេស​​ដែល​​មាន​​ការ​​រីក​រាល​​​ដាល​​​​​​នៃ​​​ជំងឺ​​កូវីដ​​-19​ នេះ។មិនត្រឹមតែប៉ុណ្ណោះគណបក្សប្រ​ជាជនកម្ពុជា នៅបាន​តាម​ដាន​ និង​ថែរក្សា​សុខ​ភាព​ប្រជាពលរដ្ឋ​ និង​ជន​បរទេស​ដែល​បាន​ឆ្លងជំងឺនេះ​​ ហើ​យ​ក៏បាន​រៀបចំ​ទី​តាំង​ដើម្បីដាក់ និង​ព្យាបាល​ពួក​គេ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រមទាំងផ្គត់​ផ្គង់​ទាំង​សំភារៈ​ម្ហូប​អាហារ​ និង​ការ​ថែទាំ​ដោយ​ឥត​គិត​ថ្លៃទៀតផង។​ សកម្មភាពទាំងអស់នេះ ​គឺ​ជា​គុណ​ធម៌ និង​ទឹក​ចិត្ត​សប្បុរសធម៌​ដ៏ធំធេងដោយ​គ្មាន​ការ​រើស​អើង​ជាតិ​សាសន៍​​​​របស់គណបក្សប្រជាជនកម្ពុជា បើ​ទោះ​​បី​​​​កម្ពុជា​ជា​ប្រទេស​តូច​​ប៉ុន្តែ​មានទឹក​​ចិត្ត​ និង​បេះ​ដូង​​សប្បុរស​ធម៌ធំ​ទូលាយ។​​​​

ជារួមគ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជាពិតជាមិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដែលជួបការលំបាកហើយឲ្យឯកោនោះទេ ជាពិសេសក្នុងកាលៈទេសៈជំងឺកូវីដ-១៩នេះតែម្តង។ ក្រៅពីនេះយើងក៏ចាំបាច់បំផុត ត្រូវតែសហការគ្នាចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-19 ដ៏កាចសាហាវនេះឲ្យបានជោគជ័យជាដាច់ខាត។

ដោយ៖ គង់ សំរេច

ចែករំលែក

បញ្ចេញយោបល់