ទស្សនៈមិត្តអ្នកអាន៖ រាជរដ្ឋាភិបាល បាននិងកំពុងចាត់វិធានការដោយយកចិត្តទុកដាក់បំផុតក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-19 នៅគ្រប់ដំណាក់កាល

ថ្ងៃសៅរ៍ ទី ២៨ មីនា ២០២០​
18

ស្ថិត​នៅ​ក្នុង​ស្ថានភា​ពដែ​លពិភព​លោក​ និង​​ប្រទេស​​ជាតិកម្ពុជា​​កំពុ​ង​ប្រ​យុទ្ឋ​ប្រ​ឆាំង​និង​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​​កូ​វីដ​-​១​៩​ យ៉ាង​សកម្ម​ បែរ​ជាមាន​ជន​កាក​សំណល់​សង្គម​​មួយ​គ្រាប់​ពីរ​គ្រាប់​រត់​ចោល​ស្រុក​លើក​ឡើង​​របៀប​ឆ្កួត​ៗ​​ដោយ​ខ្វះ​​ការ​ពិចារណា​​​​​ថា រាជ​រដ្ឋាភិបាល​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-19 ទៅ​វិញ​។ អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​គឺ​ក្រុមជន​កាក​សំណល់​ទាំង​នោះគឺ​​ជា​ពពួក​ដែល​តែងតែ​​ប្រឆាំង​​​ផ្កាប់​​មុខ​​ មើ​ល​សកម្មភាព​របស់​រដ្ឋាភិបាល​សុទ្ធ​តែ​ខ្មៅ​ងងឹត​ទាំង​អស់​ ហើយ​ដែល​ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​ថា​ជាក្រុម​គ្មា​ន​តំលៃ​សំរាប់​​សង្គមទាល់​តែសោះ​។​

ក្នុង​នាម​ជានាយក​រដ្ឋ​មន្ត្រី​ ដែលបាន​​ដឹក​នាំប្រទេស​ជាង​៤០​ឆ្នាំ​មក​ហើយ​ លោក​ ហ៊ុន សែន​ គឺ​ពិត​ជា​មេដឹក​នាំ​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ និង​បទ​ពិសោធន៍ក្នុង​ការ​គ្រប់​គ្រង​ ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​រប​ស់​ប្រទេស​​​​ ដោយ​ផ្អែក​ទៅ​តាម​កាលៈ​ទេសៈ​ និង​ស្ថាន​ភាព​ជាក់​ស្តែង​ពិតៗ​។

នៅក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មីឬ ​Covid-19​ កាល​ពី​ចុង​ឆ្នាំ​២០១៩​ និង​បន្ត​ដល់​ដើម​ឆ្នាំ​២០២០​ លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រកា​ន់​យក​នូវ​គោល​ជំហរ​ពង្រឹង​ស្មារតីជាចំបង​​ចំ​ពោះ​​ប្រជាពល​រដ្ឋ​​កម្ពុជា​ ក៏​ដូច​ប្រជាជន​ចិន​ កុំ​ឱ្យ​មាន​ការ​​ភ័យ​ខ្លាច​ជ្រុល​ហួស​ហេតុ​​​ពី​ជំងឺ​រាតត្បាត​នេះ ហើយ​លោក​បាន​ហៅ​ស្ថាន​ភាព​នៅ​ពេល​នោះថា​​​​ជា​ស្ថាន​ភាព​នៃ​ «ជំងឺ​ភ័យ​ខ្លាច»​​ តែមិន​មែន​ជា​ស្ថាន​ភាព​នៃ​ការ​គ្រប់​គ្រង​សភាព​ការណ៍​នៃ​ឆ្លង​រាត​ត្បាត​លែង​បាន​​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​លោក​ ហ៊ុន សែន​ បាន​កំណត់​ជំហរ​យ៉ា​ង​ច្បាស់​ដើម្បី​ផ្តល់​ជាកំលាំង​ចិត្ត​ ដោយ​បាន​ប្រកាស​​ជាចំហរ​បង្ហាញ​នូវ​ភាព​ក្លាហាន​ក្នុង​ការ​បំពេញ​ទស្សន​កិច្ច​ទៅ​ប្រទេស​ចិនក្នុង​ន័យ​លើក​ទឹក​ចិត្តមិត្ត​ចិន​ក្នុង​គ្រា​​​មាន​អាសន្នផង​​ និង​បង្ហាញ​អំពី​ចំណង​សាមគ្គី​ភាព​ដ៏​រឹង​មាំ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​។​ ចំណុច​ទី​២​ នៃ​ដំណើរ​ទស្ស​នកិច្ច​របស់​លោក​ ហ៊ុន សែន​ ទៅ​ប្រទេស​ចិន​នៅ​ពេល​នោះ​ក៏​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​ភ័យ​ខ្លាច​ផង​ដែរ​។​ រី​ឯចំណុច​ទី​៣​ គឺ​ការ​លើក​ទឹក​ចិត្ត​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស​កុំ​ឱ្យ​មាន​ស្មារតី​បាក់​ស្បាត​ និង​ភ័យ​ខ្លាច​ហួស​ហេតុ​ពី​ជំងឺ​កូវីដ​-១៩​នេះ​។ នៅក្នុង​ដំណាក់​កាល​ទី​១​នោះ​ សម្រាប់​ប្រទេស​កម្ពុជា​ ​ស្ថាន​ភាព​នៃ​ជំងឺ​រាតត្បាត​នេះ​គឺ​យើង​អាច​គ្រប់​គ្រង​បាន​ដោយ​ហ្មត់ចត់​ ហើយ​ចំនួន​អ្នក​ឆ្លង​គឺ​មាន​តែ​ជន​ជាតិ​ចិន​ម្នាក់​ប៉ុណ្ណោះ​​ហើយ​ក្រោយ​មក​គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាលអ្នក​​ជំងឺនោះ​​​ជាសះស្បើយ​ដោយ​ជោគ​ជ័យ​។

ដោយ​ពិនិ​ត្យ​ឃើញជាក់​ស្តែង​ និងបាន​​ធ្វើ​ការវាយ​តម្លៃ​​នូវ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-19 នេះ​មិន​មាន​ស្ថាន​ភាព​ធូរ​ស្បើយទាំង​នៅ​ក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក​​​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ចាត់​​វិធាន​ការ​ក្តៅ​ក្នុង​ដំណាក់​កាល​ទី២ ក្នុង​សកម្មភាព​រហ័ស​បំផុត​ និង​ទាន់​សភាព​ការណ៍​បំផុត​ ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធ​ភាព​ខ្ពស់​។ ក្នុង​នោះ​រួម​មាន​វិធាន​ការ​ធំៗ​ចំនួន​៣ ត្រូវ​បាន​ដាក់​ចេញ​ជា​សកម្មភាព​បន្ទាន់​គឺ​៖

ទី​១​ ការការពារ​ និង​ទប់​ស្កាត់​ប្រភព​ចំលង​ពី​ក្រៅ​ប្រទេស​​ជា​ពិ​សេស​​ពី​​តំបន់​​ដែល​​មាន​​ការ​​រីក​រាល​​​ដាល​​​ខ្លាំង​​​នៃ​​​ជំងឺ​​កូវីដ​​-19​ដោយ​សម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេសមកពីប្រទេស​ចំនួន​៦​ចូល​​​មក​​ក្នុង​​ប្រទេស​​កម្ពុជា​​ក្នុង​​រយៈ​ពេល​​៣០​​ថ្ងៃ ​អនុវត្តចាប់ពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២០ តទៅ​​​។ ប្រទេស​ទាំង​៦​​នោះ​មាន​ជា​អាទិ៍​៖ ប្រទេសអ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និង​អ៊ីរ៉ង់​​។ ការ​ហាម​​ឃាត់​​នេះគឺ​​ធ្វើ​​ឡើង​​ដើម្បី​​ការពារ​ ​និ​ង​​ទប់​​ស្កាត់​​ជា​​បន្ទាន់​​នូវ​​ការ​​ចម្លង​​នាំ​​ចូល​​នៃ​វី​រុស​​កូរ៉ូណា​ថ្មី ឬ​កូវីដ​-19 មក​​ក្នុង​​ប្រទេស​​កម្ពុ​ជា​​ ព្រោះ​ថា​ប្រទេស​មួយចំនួន​ខាង​លើនេះ​កំពុង​​តែ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កូវីដ​-19 ហើយ​ត្រូវ​បានអង្គការ​សុខភាព​ពិភពលោក​​បាន​​ប្រកាស​​ច្បាស់​​ហើយ​​ថា​ អឺរ៉ុប​​ និង​អាមេរិក​បាន​​​ក្លាយ​​​ជា​​ចំណុច​​កណ្ដាល​​ថ្មី​​នៃ​ការរីក​​រាល​ដាលនៃ​​​មេ​រោគ​​កូរ៉ូ​ណា​​ថ្មី​នេះ​ ដោ​យ​​សារ​​តែ​​អត្រា​​អ្នក​​ឆ្លង​ ​និង​​អ្នក​​ស្លាប់​​មាន​​ចំនួន​​សរុប​​ច្រើន​​ជាង​​តំបន់​​ដទៃ​​ទៀត​​នៅ​​លើ​​សកល​​លោក​ដោយ​​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​។​​ម្យ៉ាង​ទៀត​ ករណី​ឆ្លង​ថ្មីៗ​​ចុង​​ក្រោយ​​ដែល​​រក​​ឃើញ​​លើ​​ជន​​បរ​ទេស​​នៅ​​កម្ពុ​ជា​ អ្នក​​ជំងឺ​​ត្រូវ​បាន​​បញ្ជាក់​​ថា​ មា​ន​​ប្រវត្តិ​​​ធ្វើ​​ដំណើរ​​ទៅ​​កាន់​ ឬ​ត្រឡប់​មក​ពី​​ប្រទេស​​នៅ​​តំបន់​​អឺរ៉ុប មុន​​នឹង​​ចូល​​មក​​​​កម្ពុជា​​។

ការកាត់​ផ្តាច់​ប្រភព​ចំលង​នេះ​ដែរ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សំរេច​មិនចាំបាច់​​ឱ្យ​មានការ​ជំលៀស​ ឬ​​អនុញ្ញាត្ត​ឱ្យ​និស្សិត​ដែល​កំពុង​សិក្សា​នៅបរទេស​ធ្វើ​ដំណើរ​មក​ក្នុង​ប្រទេស​មួយ​រយៈ​សិន​ និង​ផ្អាក​មិន​ឱ្យ​មាន​ការ​បញ្ជូន​មន្ត្រី​​ទៅ​ប្រជុំ​នៅក្រៅ​ប្រទេស​ ឬកិច្ច​ប្រជុំ​ជាអន្តរជាតិ​នៅក្នុង​ប្រទេស​ជាដើម​។​ មួយ​វិញ​ទៀត​​រាជ​រដ្ឋាភិបាល​ក៏​បាន​ចាត់​វិធាន​ការ​ម៉ឹង​ម៉ា​ត់​​ក្នុង​​​ការ​​គ្រប់​​គ្រង​​ដោយ​​ហ្មតចត់​ចំពោះ​ពលរដ្ឋ​កម្ពុជា​ដែល​​ទើប​វិល​ត្រឡប់​មក​ពី​ប្រ​ទេស​ថៃ​ ដោយ​កំណត់​ឱ្យ​ពួក​គេ​នៅដាច់ដោយ​ឡែក​​ពី​ក្រុម​គ្រួសារ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​​​ នេះ​​ជា​វិធានការ​មួយ​ទៀ​ត​ដែលត្រូវ​បាន​អនុវត្ត​ដោយ​អាជ្ញាធរ​នៅ​តាម​មូល​ដ្ឋាន​ ហើយ​បច្ចុប្បន្ន​​នេះ​​បាន​ និង​កំពុងអនុវត្ត​យ៉ាង​សក​ម្ម​បំផុត​។​

វិធាន​ការ​ធំ​ទី​២​ របស់​រាជរដ្ឋាភិបាល ​​គឺ​​​​ការ​តាម​ដាន​ និង​ថែរក្សា​សុខ​ភាព​ប្រជាពលរដ្ឋ​ និង​ជន​បរទេស​ដែល​បាន​ឆ្លងជំងឺ​​ និង​រក​ទី​តាំង​ដើម្បី​ដាក់​ពួក​គេ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ដោយ​មាន​ការ​ផ្គត់​ផ្គង់​ទាំង​សំភារៈ​ ម្ហូប​អា​ហារ​ និង​ការ​ថែទាំ​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​នេះ​គឺ​ជា​គុណ​ធម៌ និង​ទឹក​ចិត្ត​សប្បុរសធម៌​ដ៏ធំធេងដោយ​គ្មាន​ការ​រើ​ស​អើង​ជាតិ​សាសន៍​​​​របស់​រាជ​រដ្ឋាភិបាល បើ​ទោះ​​បី​​​​កម្ពុជា​ជា​ប្រទេស​តូច​​ប៉ុន្តែ​មានទឹក​​ចិត្ត​ និង​បេះ​ដូង​​សប្បុ​រស​ធម៌ធំ​ទូលាយ​​​​ដូច​​មហា​សាគរ​​​​​​ មិន​ដូច​ប្រទេស​ដ៏ទៃខ្លះ​​ដែល​​អ្នក​ជំងឺ​ជាជន​បរទេស​ត្រូវ​ចេញ​ថ្លៃ​ចំណាយ​ក្នុង​ការ​​ព្យា​បាល​​ដោយ​ខ្លួន​ឯងនោះទេ​​​។ វិធាន​ការ​នេះ​​គឺ​​​​ការ​ត្រៀម​ទី​តាំងបន្ទប់​​សណ្ឋាគារ​ ផ្ទះ​សំណាក់​ និង​សា​លា​រៀនរហូត​ដល់​ជាង​៣ពាន់​បន្ទប់​​សម្រាប់​ដាក់​អ្នក​មាន​មុខ​សញ្ញា​​សង្ស័យឆ្លង​ជំងឺ​ឱ្យ​​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេ​ល​១៤​ថ្ងៃ​​ផង​ដែរ​។​ ទន្ទឹម​នេះ​ក៏​មាន​ការអំពាវនាវ​ឱ្យ​​ប្រជាពលរដ្ឋ​ចេះ​អនា​ម័យ​ផ្ទាល់​ខ្លួន​ដោយ​ការ​ពាក់​ម៉ាស់ ឬ​ក្រមា​ និង​ឧស្សា​ហ៍​លាង​សំអាត​ដៃ​ដោយ​សាប៊ូ​ ឬទឹក​អាល់​កុល​ជាប្រចាំ​ និងការ​​បន្ត​ផ្សព្វ​ផ្សាយព័ត៌មាន​​តាម​គ្រប់​​ប្រព័ន្ធ​ឃោសនា​នូវ​​សារ​​អប់​រំ​​សុខ​ភាព​​ឱ្យ​​​ប្រ​ជា​​ពល​រដ្ឋ​​ កម្មករ​-កម្មការិនី​ មន្ត្រី​រាជការ​ កងកំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​​រួម​​គ្នា​​ការ​ពារ​​និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-19​នា​​ពេល​​នេះ​​​ឱ្យ​ទទួល​​បាន​​ជោគ​​ជ័​យ​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។​​

វិធាន​ការ​ធំ​ទី៣ គឺ​ការ​ខិត​ខំ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-19 ទាំង​អស់​ឱ្យ​បាន​ជា​សះ​ស្បើយ​ ដោយ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​ក្រុម​គ្រូពេទ្យ​ចិន​ និង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​វិធាន​របស់​អង្គការ​សុខភាព​ពិភព​លោ​ក​។​ ទន្ទឹម​និងនេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ចេញ​បទ​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល​ត្រៀម​សំ​ភារៈ​​ឧបករណ៍​ពេទ្យ​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ឱ្យ​កិច្ច​ការ​សង្គ្រោះ​ និង​ព្យាបាល​អ្នក​ជំងឺ​​​ទទួល​បាន​​ជោគជ័យ​ផង​ដែរ​។ គួរ​កត់​សម្គាល់​ថា​ គិត​មក​ដល់​ថ្ងៃ​នេះ(28-03-2020)​ ចំនួន​អ្នក​ឆ្លងវីរុស​កូវីដ​-19 នៅ​កម្ពុជា​មាន​ចំនួន​១០២នាក់​ ហើយចំនួន​អ្នក​ដែល​ទទួល​ការ​ព្យាបាល​បាន​ជាសះ​ស្បើយ​មាន​ចំនួន​១៣នាក់​ និង​គ្មាន​អ្នក​ស្លាប់​នោះ​ទេ​។​​​ ដូច្នេះ ​​គួរ​ឱ្យ​កោត​សរសើរ​នូវ​​​សមត្ថ​ភា​ព​​​ព្យាបាល​របស់​គ្រូពេទ្យ​កម្ពុជា​ខ្លាំង​ណាស់​។​

ជារួម​ ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ រាជ​រដ្ឋាភិបាល​បាន​ និង​កំពុង​ខិត​ខំការពារ​ និង​​ទប់​ស្កាត់ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-19នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ មិន​ដូច​ការ​លើក​ឡើង​​របស់​ជន​អគ​តិ​មួយ​​គ្រាប់​ ពីរ​គ្រាប់​រត់​​ចោល​​ស្រុក​សំងំ​យក​សុខ​នៅក្នុង​រូង​ឯក្រៅ​ប្រទេស​នោះ​ទេ​។​ អ្វីៗ​ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​គឺ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​អគតិ​ទាំង​នោះ​យល់​ថា​​សុទ្ធ​​តែ​​ខុស​ទាំង​អស់​ ប៉ុន្តែ​ បើ​គេ​ពិនិត្យ​ និង​សង្កេត​មើ​ល​គ្រប់​ស្ថាន​ការ​នាពេល​កន្លង​មក​ ​ការ​វិភាគ​របស់​ពួក​នេះ​គឺ​មិន​ដែល​ឃើញ​មាន​ត្រូវ​ម្តង​ណា​ឡើយ​​​​ ពួក​នេះ​បានត្រឹម​ប្រែ​​ក្លាយ​ខ្លួនទៅ​ជាអាជីព​គ្រូ​ទាយ​ឯនាយ​សមុទ្រ​ដើម្បី​ដូរ​បាយ​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​។​

ទោះ​បី​ជាយ៉ាង​ណា​​គឺ​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ​រួមកម្លាំង​​គ្នា​ជាមួយរាជ​រដ្ឋាភិបាល​​ប៉ុណ្ណោះ​​ទើប​យើង​អា​ច​​ជំនះនូវ​​ឧបសគ្គ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-19នេះ​​ ដោយ​យើង​ទាំង​អស់​គ្នា​ត្រូវខិត​ខំ​​ប្រែក្លាយ​ប្រ​ទេស​ជាតិ​ដែល​កំពុង​មាន​វិបត្តិ​នៅ​ពេល​នេះ​​ឱ្យ​ទៅ​ជា​កាលានុវត្តភាព​ ដើម្បី​ឱ្យ​​ប្រជា​ពលរដ្ឋ​​យើង​ចេះ​វិធី​ការ​ពារ​ និ​ង​ការ​ធ្វើ​អនាម័យ​ផ្ទាល់​ខ្លួន​នៅ​ពេល​នេះ​ក៏​ដូច​ជាទៅ​អនាគត ហើយ​យើង​សង្ឃឹម​ថា​ យើង​នឹង​ទទួល​បាន​ជោ​គជ័យ​ចំពោះ​ជំងឺ​នេះនាពេល​ឆាប់​ៗ​ខាង​មុខ​​ជាក់​ជាមិន​ខាន​៕​​​

 ដោយ៖ យី វិត​ (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប)​

ចែករំលែក

បញ្ចេញយោបល់