​ អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះអប់រំ ផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ និងសួរសុខទុក្ខពលរដ្ឋ ដែលទើបត្រលប់មកពីប្រទេសថៃ នៅស្រុកត្រាំកក់

ថ្ងៃសៅរ៍ ទី ២៨ មីនា ២០២០​
7

តាកែវ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញ រួមជាមួយអាជ្ញាធរស្រុកត្រាំកក់ បានចុះសាកសួរសុខទុក្ខ អប់រំ ផ្សព្វផ្សាយអំពីវិធានការ ទប់ស្កាត់បង្ការ ការពារ នូវមេរោគ កូវីដ១៩ ដល់ពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ នៅឃុំអូរសារ៉ាយ ស្រុកត្រាំកក់។

មានប្រសាសន៍នាឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការអប់រំ និងណែនាំដល់ពលរដ្ឋដែលទើបត្រលប់មកក្រៅ ត្រូវធ្វើការដាក់ដោយឡែកខ្លួន រយះពេល ១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយក្រុមគ្រួសារ បងប្អូនសាច់ញាតិ និងត្រូវធ្វើការតាមដានពិនិត្យសុខភាពឲ្យបានជាប់ជាប្រចាំ ប្រសិនសង្ស័យមានអាការៈមិនស្រួលណាមួយ ត្រូវធ្វើការទំនាក់ទំនងទៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅក្បែរបំផុត ឬទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយះលេខទូរស័ព្ទ ១១៥ អំពីជំងឺកូវីដ១៩។

លោក អ៊ូច ភា អភិបាលខេត្ត ក៏បានបន្តទៀតថា ត្រូវចូលរួមផ្សព្វផ្សាយបន្តនូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាពិសេសត្រូវធ្វើការពន្យល់ និងណែនាំអំពីវិធានការការពារ អនាម័យផ្ទាល់ខ្លួន ត្រូវពាក់ម៉ាស់ ឬត្រូវលាងដៃជាមួយ អាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ដើម្បីជៀសវាងកុំឲ្យកើតមានជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតជាសកល នៅទូទាំងពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្ដល់ជូនទឹកអាល់កុលលាងដៃ សាប៊ូ និងកន្សែង ទុកសម្រាប់ប្រើប្រាស់អនាម័យផ្ទាល់ ៕

ចែករំលែក

បញ្ចេញយោបល់