អភិបាល​រង​ខេត្ត​ក្រចេះ នាំយកសម្ភារៈប្រើប្រាស់របស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ

ថ្ងៃសៅរ៍ ទី ២៨ មីនា ២០២០​
7

ក្រចេះ​៖នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លោក ប៉ែន លីណាត អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បាននាំយកសម្ភារៈដើម្បីត្រៀមបង្ការនូវការឆ្លងជំងឺកូវីដ១៩ Covid-19 រួមមាន៖ អាកុលចំនួន២០លីត្រ, ម៉ាសចំនួន១០០ម៉ាស និងសាប៊ូចំនួន៥០ដុំ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈសាខាខេត្តក្រចេះ ជូនដល់មន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រៀមបំរ៉ុងទុកក្នុងការប្រើប្រាស់ ។

ក្នុងឱកាសនោះដែរលោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកស្រី​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ Covid-19 នៅកម្ពុជា ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនមន្ត្រីបុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ៕

ចែករំលែក

បញ្ចេញយោបល់