អភិបាលខេត្តបាត់ដំបងចុះជួបសំណេះសំណាលជាមួយពលករ ដែលទើបវិលត្រឡប់ពីប្រទេសថៃ

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
9

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយពលករ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ១១ នាក់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោក ងួន រតនៈ បានថ្លែងជម្រាបជូនដល់បងប្អូនប្រជាពលករ ទើបវិលត្រឡប់មកវិញ នាពេលនេះ អំពីស្ថានភាពជំងឺកូវីដ-១៩ និងការរីករាតត្បាតនៃវីរុសកូវីដ-១៩ ជាសាកល និងមានរីករាតត្បាតក្នុងបណ្តាលប្រទេសមួយចំនួនក្នុងអាស៊ី និងនៅប្រទេសជិតខាងយើងផងដែរ។

លោក បន្តទៀតថា បច្ចុប្បន្នខេត្តបាត់ដំបង មានអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ៨ នាក់ ជាសះស្បើយចំនួន ២ នាក់ បានវិលត្រឡប់ទៅគេហដ្ឋាន ហើយរដ្ឋបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយអំពីវិធានការ ទប់ស្កាត់ កុំឱ្យមានការរីករាលដាលបន្តទៀត។

លោក ងួន រតនៈ បានធ្វើការណែនាំដល់បងប្អូនប្រជាពលករ ដែលទើបត្រឡប់មក ត្រូវធ្វើអនាម័យខ្លួនឯង ដោយលាងសម្អាតដៃសម្អាត និងស្តាប់តាមណែនាំរបស់ក្រសួងសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យ ប្រសិនបើមានការសង្ស័យ ឬមានអាការៈ ខុសប្លែកដូចការណែនាំរបស់ក្រុមគ្រូពេទ្យ អាចធ្វើការទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឬទៅមណ្ឌលសុខភាព ដើម្បីធ្វើការប្រឹក្សាយោបល់ និងធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់