អាជ្ញាធរខេត្តប៉ៃលិន ឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារការផ្ទុះឡើងនៃជម្ងឺCovid-19

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
6

ប៉ៃលិន៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ ដោយលោក ជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី ជា លាភ អភិបាលរងខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះតែម្តងនៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់ មួយរយៈពេលបន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។

លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនអត់ការងារធ្វើ ហើយពលរដ្ឋខ្លះដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំ ចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ។

លោក បានមានប្រសាសន៍ឱ្យដឹងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និង បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណា ម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍បញ្ជាក់ថា បើទោះបីជាអំណោយស្បៀងទាំងនេះមិនបាន បំពេញតាម តំរូវការរបស់បងប្អូនក៍ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផល ដាំ ដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈនិងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួម បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីត ១៩។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន ៣១គ្រួសារ នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរ៕

ចែករំលែក

បញ្ចេញយោបល់