លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពល រដ្ឋប្រើម៉ាសឬក្រមាដើម្បីការពារជំងឺឆ្លងកូវីដ-១៩

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
15

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(COVID-19) ចំនួន ៤២២នាក់ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសា ហាវកូវីដ-១៩ នៅទូទាំងប្រទេសដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺដោយចាប់ ផ្តើមពីមនុស្សម្នាក់ៗ ពីគ្រួសារនីមួយៗ និងពីភូមិនីមួយៗ រហូតដល់កម្រិតទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រជាព លរដ្ឋទាំងអស់ត្រូវតែពាក់ម៉ាសការពារជំងឺឆ្លងកូវីដ-១៩។ ប្រសិនបើពុំមានម៉ាសគ្រប់គ្រាន់ទេ គឺត្រូវប្រើក្រមាជំនួសគួបផ្សំគ្នា គឺម៉ាសក៏ប្រើ ក្រមាក៏ប្រើ ហើយប្រសិនបើគ្មានម៉ាសឬក្រមាជាប់ខ្លួនទេ ពេលក្អក ឬក្រដាស ត្រូវយកដៃខ្ទប់មាត់ ដើម្បីការពារកុំឲ្យឆ្លងរោគទៅកាន់អ្នកដ៏ទៃ ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ បានណែនាំដល់ប្រជាពលរដ្ឋត្រូវដុសលាងសំអាតដៃជាមួយសាប៊ូ និងទឹកអាកុល ឬជែលសម្លាប់មេរោគនិងបាក់តេរី អោយបានស្អាតល្អជានិច្ច។ ចំពោះលោកផ្ទាល់ គឺបានដុសលាងសម្អាតដៃជាមួយទឹកអាកុលមុនពេលអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងកម្មវិធីជួបជុំផ្សេងៗ ហើយពេលអញ្ជើញទៅដល់ផ្ទះវិញក៏ត្រូវដុស លាងសម្អាតដៃមួយសារទៀតជាមួយសាប៊ូដើម្បីសម្លាប់មេរោគនិងបាក់តេរីផ្សេងៗរួមទាំងមេរោគឆ្លងកូវីដ១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវបងប្អូនមានការប្រុងប្រយ័ត្នកុំអោយមានឆ្លងរោគកូវីដ-១៩ ដ៏កាចសាហាវនេះអោយសោះ៕

បញ្ចេញយោបល់