លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជា ពលរដ្ឋទូទាំងប្រទេសចូលរួមប្រយុទ្ធប្រឆាំងការរីករាល ដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
9

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពល រដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា កុំចេញ ក្រៅផ្ទះបើគ្មានការចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសំអាតដៃជាមួយអាកុល ឬទឹកជែលសម្លាប់មេរោគនិងបាក់តេរី, ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ, និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈមុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមានឬអវិជ្ជមាន ជាពិសេស បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីប្រទេសថៃ គឺសូមដាក់ខ្លួនឯងរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូនដាច់ខាត។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស រាប់ទាំងមន្រ្តីនៃសមាជិកព្រឹទ្ធសភា, សមា ជិករដ្ឋសភា និងមន្រ្តីនៃរាជរដ្ឋាភិបាល ត្រូវចុះអប់រំផ្សព្វ ផ្សាយតាមមូលដ្ឋាន ហើយជួយទិញម៉ាស ឬក្រមាចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ សូមជួយផ្តល់ជាស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ និងត្រីខ ដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រស្ថិតនៅក្នុងស្ថានភាពលំបាកនេះ។ សូមកុំចាំហៅគាត់មកចូលរួមប្រជុំ គឺយើងត្រូវតែចុះទៅដល់ទីកន្លែងរស់នៅរបស់គាត់តែ ម្តង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវត្រៀមរៀបចំសំភារៈអោយបានគ្រប់គ្រាន់សម្រាប់ផ្សព្វ ផ្សាយឃោសនាអប់រំអំពីជំងឺឆ្លងកូវីដ-១៩ ហើយត្រូវជ្រើ សរើសទីកន្លែងផ្សព្វផ្សាយដែលពលរដ្ឋអាចស្តាប់ឮសម្លេ ងច្បាស់ល្អតាមការចាក់ផ្សាយពីមេក្រូបំពងសម្លេង៕

បញ្ចេញយោបល់