អភិបាលខេត្តប៉ៃលិន ដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងពលករដែលទើបត្រឡប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
4

ប៉ៃលិន៖ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករដែលទើបត្រឡប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ជា ពិសេសត្រូវអប់រំណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

លោក ផាន់ ចាន់ធុល បានបន្តថា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះក៏ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញមានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។

ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។

លោកបានបញ្ជាក់ថា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញសារអប់រំ ជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ប្រជាពលរដ្ឋអនុវត្តន៍ រួមមាន៖
*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺ COVID-19 ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដក ដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សាយោបល់ថែទាំសុខភាព។

សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅខេត្តមានពលករទើបត្រលប់មកពីក្រៅប្រទេសចំនួន ៣០៥នាក់ ស្រី ១៦២នាក់ ដោយក្នុងនោះ ក្រុងប៉ៃលិន ចំនួន១៨៣នាក់ ស្រី ១០០នាក់ និងស្រុកសាលាក្រៅ ចំនួន ១២២នាក់ ស្រី៦២នាក់។ ហើយក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត ក៏បានប្រគល់ម៉ាស់ចំនួន ៤ពាន់ និងទឹកអាល់កុលសំរាប់លាងដៃចំនួន ២០០ដប ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19៕

បញ្ចេញយោបល់