ទស្សនៈមិត្តអ្នកអាន៖ ការពិចារណាដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន គឺដើម្បីការពារអាយុជីវិតពលរដ្ឋកម្ពុជា ប្រឆាំងនឹងមេរោគ COVID-19

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
48

គិត​ត្រឹម​ថ្ងៃនេះ ប្រទេស និង​ដែន​ដី នៅលើ​ពិភពលោកសរុប​​​​ចំនួន​ជិត ២០០​ បាន​ឆ្លង​រីក​រាល​ដាល​​ជំងឺ​រលាក​សួត​ធ្ងន់​ធ្ងរ​បង្កឡើង​ដោយវីរុស​ COVID-19។ ប្រទេស​ជឿន​លឿន​បំផុត​លើ​ពិភពលោក រួម​មាន សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ បារាំង អស់គ្លេស អូស្ត្រាលី ជា​ដើម ។ល។ ​បានឆ្លងនិងរីករាលដាលយ៉ាងគំហុក ហើយប្រទេស​ខ្លះ​ បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រា​​អាសន្ន ដើម្បី​បង្ការ ការពារ ទប់​ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ជាសកល​មួយ​នេះ។ ប្រជាជនច្រើនជាង ៣ពាន់លាននាក់ នៅជុំវិញពិភពលោក ត្រូវបានបង្គាប់ឲ្យស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈរដ្ឋាភិបាលទាំងឡាយ កំពុងបង្កើនការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សកើនលើស ២ម៉ឺន​នាក់ នៅទូទាំងសកលលោក គិតចាប់តាំងពីវាផ្ទុះឡើងដំបូងនៅប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។

ដោយ​ឡែក​សម្រាប់​ប្រទេសកម្ពុជា ក៏​មាន​គម្រោង​​​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្ន​ដែរ ក្នុង​ករណី​ចាំ​បាច់​​បំផុត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាតនៃ​ជំងឺសកល COVID-19។ បើ​តាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ជម្រាបជូនប្រជាជាតិ​ឲ្យ​ដឹង​ថា គម្រោង​​​​ដាក់​ប្រទេស​កម្ពុជា ​ឲ្យ​ស្ថិត​ក្នុង​គ្រា​​អាសន្ន គឺ​លោក​កំពុង​សិក្សា​មាត្រា​មួយ​ចំនួន​​នៃ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ ដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រា​​អាសន្ន។​ លោកថា លទ្ធភាព​ដាក់​ប្រទេសឱ្យស្ថិត​ក្នុងអាសន្ន​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​សកល COVID-19 ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។​ ទន្ទឹម​នឹង​វិធានការ​នានាជា​ច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បានដាក់​ចេញ និង​អនុវត្ត​ជា​បណ្តើរៗ ដូចជាការ​បិទ​សាលារៀន​រដ្ឋ​ និង​ឯកជន​ទូទាំង​ប្រទេស បិទ​ក្លឹបកម្សាន្ត ការ​ប្រគុំតន្ត្រី​តាម​ទីសាធារណៈនានា បិទខារ៉ាអូខេ រោង​កុន សារមន្ទីរ​ជា​ដើម​ ក៏មានអ្នកតាំង​ខ្លួន​​​ជាអ្ន​ក​វិភាគ​ឯករាជ្យ បាន​​​រិះគន់​​វាយ​ប្រហារ ​ជាន់​ពន្លិច​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ដោយចោទ​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​មាន​ស្មារតីក្នុង​ការ​កម្ចាត់​មេរោគ COVID-19 ដោយ​ទុក​ឲ្យវីរុស​នេះ​ រីក​រាល​ដាល ហើយ​យក​លេស​ដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រា​អាសន្ន ​ដើម្បី​គ្រប់​គ្រង​អំណាច​ឲ្យ​ណែននៅ​ក្នុង​ដៃទៅវិញ​។

ការ​លើក​ឡើង​របៀប​ក្មេងបៀមដៃរបស់​ជនជ្រុល​និយមមួយដំបរស្វា​នេះ វាគ្មាន​អ្វី​ចម្លែក​សម្រាប់​រាជរដ្ឋាភិបាលកម្ពុជាដែល​កំពុង​ខិត​​ខំ​ប្រឹង​ប្រែង​បង្ការ ​ការពារ ​ទប់ស្កាត់​​ កុំឲ្យ​ជំងឺ​រាតត្បាតសកល​មួយ​នេះ ឆ្លង​ចូល​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ​កម្ពជា ខណៈជំងឺ​នេះបាន​ឆ្លង​ចូល​ក្នុង​ខ្លួន​ប្រជាជន​ទូទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃនេះ​មាន​ចំនួន​ជិត ៥០ម៉ឺន​នាក់​ហើយ។​ ក៏ប៉ុន្តែ អ្វី​ដែល​ជា​រឿង​ចម្លែក​នោះ គឺសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋានទៅ​វិញ​ទេ ពីព្រោះ​​ការ​វិភាគ​របស់​ជន​ជ្រុល​និយម​រូប​នេះ គ្មាន​ភាព​ពិត​ជាក់​ស្តែង​បន្តិច​ទាល់តែ​សោះ ពោល​គឺផ្ទុយ​នឹង​សភាព​ការណ៍ពិត​ជាក់​ស្តែង​ទាំង​ស្រុង និង​ថា ការលើកឡើង​បែប​នេះ ជាការ​បញ្ចេញ​ទស្សនៈបែប​ឆ្កួត​លីលា។ និយាយឲ្យ​ខ្លី គឺជាការ​វិភាគ​ដើម្បី​ដូរ​បាយ​ប៉ុណ្ណោះ ខណៈប្រជា​ពល​រដ្ឋកម្ពុជា កំពុង​ចូលរួម​​​យ៉ាង​សកម្ម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​រាតត្បាត​សកល​នេះ។​

គម្រោង​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្ន របស់​ប្រទេស​កម្ពុជា ​មិនមែន​ជា​រឿងថ្មី និង​​ចម្លែកសោះឡើយ​​ ខណៈប្រទេស​ថៃជិត​ខាង​កម្ពុជា គេបាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្ននេះរួច​ទៅ​ហើយ គឺចាប់អនុវត្ត​​ពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២០នេះ រហូត​ដល់​ដំណាច់​ខែមេសា ឆ្នាំ​២០២០ ក្នុង​ករណី​អាច​ទប់​ស្កាត់​បាន តែ​បើ​ទប់​ស្កាត់​មិន​បាន​ទេ អាច​អូស​បន្លាយ​យូរ​ជាងនេះទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។

ការ​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្នរបស់​កម្ពុជា ​នឹង​អាច​ធ្វើ​ឡើង​តែក្នុង​ករណី​ចាំ​បាច់​បំផុត ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ពី​ជំងឺ​ឆ្លង​សកល​មួយ​នេះ ទោះ​បី​អាច​នឹង​មានការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពល និង​សេដ្ឋកិច្ច​ជាតិ​ក្តី តែ​វា​ស្ថិត​ក្នុង​អំឡុង​ពេល​ខ្លី​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ ករណី​ការ​ឆ្លង​​រីក​រាល​ដាលជំងឺ COVID-19 ​កាន់​តែ​ច្រើន​ឡើង ហើយ​រដ្ឋាភិបាល​ព្រងើយ​កន្តើយមិន​ចាត់​វិធានការ​ដូច​អ្នក​វិភាគ​លើកឡើង​ នោះ​ប្រទេស​ជាតិ​នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​មួយ​ដ៏​រ៉ាំ​រ៉ៃ បាត់​បង់ទាំង​ធន​ធាន​មនុស្ស និង​​សេដ្ឋកិច្ច​ជាតិ។

ការ​ដាក់​ប្រទេស​ជាតិ​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្ន បើ​យោង​​តាម​ប្រវត្តិសាស្ត្រកម្ពុជា មាន​ជាហូរ​ហែរ​មកហើយ ដូច​ជា​នៅ​សម័យអង្គឌួង (គ.ស ១៨៤៨-១៨៦០) មានការប្រកាស​ភាព​អាសន្ន នៅ​ពេល​ដែល​ប្រទេសកម្ពុជា​មាន​ជំងឺ​អាសន្នរោគ​រាតត្បាត។ សម័យអាណា​និគមនិយម​បារាំង ក្នុង​ពេល​ដែល​បារាំង​ បាន​គាប​សង្កត់​ជម្រិត​យកពន្ធដារពី​ប្រជាជនធ្ងន់​ធ្ងរ​ពេក ដែល​ធ្វើ​ឲ្យ​ប្រជាជនមានកំហឹង​ និង​សម្លាប់​រេស៊ីដង់ ប៉ាដេស ហើយពេល​នោះរដ្ឋាភិបាល​អាណានិគមនិយម​បារាំង​ ក៏​បាន​ដាក់​ប្រទេសក្នុង​គ្រាមាន​អាសន្នផងដែរ។ ឈាន​មក​ដល់​សម័យ​សាធារណៈរដ្ឋរបស់​លោក​សេនា​ប្រមុខ​ លន់ នល់ ក៏មានការ​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រាអា​សន្នដែរ​ ក្រោយពេល​ដែលកម្លាំង​ប្រដាប់​អាវុធ​របស់​ទាហាន​ខ្មែរក្រហម​ បាន​ហ៊ុំព័ទ្ធ​ទាំង​ទីក្រុង និង​ស្ទើរ​ពាសពេញផ្ទៃ​ប្រទេស​។

ជារួម បញ្ហា​របស់​ពិភពលោក​ទាំង​មូ​ល​នាពេល​នេះ គឺការ​​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 គេ​លែង​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស ឬលទ្ធិ​ប្រជាធិបតេយ្យទៀត​ហើយ។ ​​គេ​បាន​បិទ​ប្រទេស បិទ​ព្រំដែន​រវាង​គ្នា​ និងគ្នា គេលែង​និយាយ​រឿង​នយោបាយ​ទៀតហើយ គេ​គិត​បញ្ហា​ចម្បង​បំផុត​ គឺសិទ្ធិ​រស់​រាន​មាន​ជីវិត ពោល​គឺ​ប្រទេស​នីមួយ​ៗ​ប្រឹង​ប្រែង​ការពារអាយុជីវិតប្រជាជន​របស់​គេ​រៀងៗខ្លួន តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ដូច្នេះ​ វិធានការដាក់ប្រទេសឲ្យ​ស្ថិត​ក្នុងគ្រាអាសន្ន គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​ប្រជាជន និងគ្មានហេតុផលខាងន​យោបាយ ដូច​ក្រុម​ប្រឆាំង​ផ្កាប់​មុខឆ្គួតលីលាលើកឡើងនោះឡើយ​។ ក្រុមប្រឆាំងផ្កាប់​មុខ​ ​ធ្វើជាមិនយល់ មិនដឹងអំពីវិធានការដែលរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ជាពិសេសវិធានការចាំបាច់បំផុត ដែលតម្រូវឲ្យរដ្ឋាភិបាលដាក់ចេញដាច់ខាតដើម្បីការពាអាយុជីវិត សុខមាលភាពរបស់ប្រជាជន និងទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺ COVID-19 ​ក្នុងប្រទេស៕

ដោយ៖ សុខ សុវណ្ណ ​​

ចែករំលែក

បញ្ចេញយោបល់