លិខិតមិត្តអ្នកអាន៖ ប្រជាជនកម្ពុជាទាំងមូលមានសុទិដ្ឋិនិយមខ្ពស់លើវិធានការរបស់រដ្ឋាភិបាលយកឈ្នះមេរោគកូវីដ១៩ នាពេលខាងមុខនេះ

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
10

ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោកក្នុងពេលនេះ បាននិងកំពុងក្លាយជាបញ្ហាសាកលរបស់ពិភពលោក ដែលត្រូវរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលឆ្លងមេរោគកូវីដ១៩នេះ ហើយដែលពិភពលោកហៅថា សង្រ្គាមសាកល ដែលគ្មានប្រទេសណាមួយអាចគេចផុតបានឡើយ។ ដោយឡែក សម្រាប់កម្ពុជា ក៏បាននិងកំពុងទទួលរងការឆ្លងមេរោគកូវីដ១៩នេះដែរ ក្នុងកំរិតមួយដែលការឆ្លងបានកើតឡើងពីការនាំចូលពីបរទេស ហើយកំរិតនៃការឆ្លង រដ្ឋាភិបាលអាចគ្រប់គ្រងបាន។ ផ្ទុយទៅវិញ វាមានការធ្វើការវិភាគ និងការអត្ថាធិប្បាយខ្លះរបស់ជនអគតិមួយចំនួនបានលើកឡើងយ៉ាងល្ងង់ខ្លៅ គ្មានការទទួលខុស និងបំពុលសង្គម ទំនងជាមិនសូវបានយល់ដឹងអំពីវិធានការចាំបាច់នានារបស់រដ្ឋាភិបាលដែលបានដាក់ចេញជាជំហ៊ានបន្តបន្ទាប់ ហើយប្រសិនបើ ក្នុងករណីចាំបាច់ រដ្ឋាភិបាល សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេលមួយកំណត់ច្បាស់លាស់ ដោយចាំបាច់ត្រូវពិនិត្យលើទិដ្ឋភាពច្បាប់ និងសិក្សាលើផលប៉ះពាល់ផ្សេងៗទៀតលើជីវភាព និងសុខមាលភាពរបស់ប្រជាជន។ល។ ដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាល ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនទាំងមូល។

ដូចយើងបានដឹងយ៉ាងច្បាស់ណាស់ថា កម្ពុជាគ្មានការផ្ទុះឆ្លងរីករាលដាលក្នុងសហគមន៍ ឬ ក្នុងភូមិ ខេត្ត ក្រុងនោះទេ ពិសេស ក្នុងរាជធានីភ្នំពេញតែម្តង។ ភាគច្រើនលើសលុបបំផុត កម្ពុជាបាននិងកំពុងទទួលរងការឆ្លងពីការនាំចូលមេរោគកូវីដ១៩ តាមរយៈការធ្វើដំណើរក្រៅប្រទេសក្នុងលក្ខណៈទេសចរណ៍ និងបងប្អូនខ្មែរមួយចំនួនធ្វើដំណើរទៅក្រៅប្រទេស និងការវិលត្រឡប់មកវិញរបស់ពួកគាត់ ហើយរហូតមកដល់ពេលនេះ កម្ពុជាយើងទើបតែមានអ្នកឆ្លងមេរោគកូវីដ១៩ ទាំងខ្មែរ និងបរទេសសរុប៩៦នាក់ ក្នុងនោះ មាន១០នាក់ត្រូវបានព្យាបាលជាសះស្បើយ បន្ទាប់ពីការពិនិត្យ២ដងអវិជ្ជមានដោយគ្រូពេទ្យជំនាញ។

ជាការពិត ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន រដ្ឋាភិបាល បានសម្រេចយ៉ាងត្រឹមត្រូវបំផុតក្នុងការបិទសាលារៀន និងការជួបជុំជាសាធារណៈក្នុងពិធីសាសនា ពិធីផ្សេងៗទៀត រាប់ទាំងការបិទហាងប៊ៀហ្គាឌិនក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្ត ក្រុង ដើម្បីបញ្ជៀសការឆ្លងរីករាលនៃមេរោគកូវីដ១៩នេះ។ ក្រៅពីវិធានការនេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងទាន់ពេលវេលា ព្រមជាមួយនឹងវិធានការផ្សព្វផ្សាយដែលកំពុងធើ្វឡើងយ៉ាងទូលំទូលាយក្នុងទូទាំងប្រទេស ដើម្បីអប់រំប្រជាជនបានយល់ដឹងអំពីរបៀបបង្ការការឆ្លងមេរោគកូវី១៩។

ក្នុងឥរិយាបថទូទៅ ប្រជាជនកម្ពុជា បើទោះបីមួយចំនួន មានការភ័យខ្លាច តែបងប្អូនយើងហាក់ដូចជាមានការប្រុងប្រយ័ត្នខ្លាំងណាស់ មានការយល់ដឹង និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩យ៉ាងយកចិត្តទុកដាក់បំផុត។ បើទោះបី រដ្ឋាភិបាល បានចាត់វិធានការនិងធ្វើសកម្មភាពផ្សេងៗទៀតក៏ដោយក៏ក្នុងករណីចាំបាច់រដ្ឋាភិបាលបាននិងកំពុងពិនិត្យលើទិដ្ឋភាពច្បាប់ ដើម្បីសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនទូទៅ។ ក៏ប៉ុន្តែ ក្នុងកាលៈទេសៈនេះ  រដ្ឋាភិបាលកម្ពុជា នៅតែមានសុទិដ្ឋនិយមលើវិធានការដែលកំពុងត្រូវបានដាក់ចេញ ក្នុងស្ថានភាពមួយដែលរដ្ឋាភិបាលអាចគ្រប់​គ្រង និងទប់ស្កាត់បាននៅឡើយ។

វាមិនចម្លែកនោះទេ  ក្នុងជម្រើសនៃវិធានការខុសគ្នាៗនៃប្រទេសខ្លះត្រូវបានដាក់ចេញ វាអាស្រ័យលើស្ថានភាពជាក់ស្តែងនៃកំរិតគ្រោះថ្នាក់ខ្ពស់ ដែលកើតចេញពីការឆ្លងមេរោគកូវីដ១៩ ក្នុងស្ថានភាពមួយដែលគេមិនអាចទប់ទល់បាន ឬ ពិបាកទប់ទល់ គឺចាំបាច់វាតម្រូវឱ្យរដ្ឋាភិបាលមួយ ត្រូវសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នមួយរយៈពេលកំណត់  ហើយប្រទេសខ្លះក៏បានអនុវត្តវិធានការបែបនេះរួចហើយដែរ។ ជាការពិត ពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងឆ្លងរាលដាលនៃមេរោគកូវីដ១៩ស្ទើរពាសពេញប្រទេស និងដែនដី ដែលវាមិនចម្លែកទេ ក្នុងវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេលមួយកំណត់ច្បាស់លាស់បំផុតដែលវាមិនមែនជាហេតុផលខាងនយោបាយរបស់រដ្ឋាភិបាលណាមួយក្នុងកាលៈទេសៈប្រឈមជាសាកលនេះទេ។ សម្រាប់ក្រុមអគតិខ្លះមានភាពរឹងក្បាលធ្វើមិនយល់ មិនដឹងអំពីវិធានការដែលរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ពិសេសវិធានការចាំបាច់ដើម្បីការពាអាយុជីវិត សុខភាពរបស់ប្រជាជនទូទៅ និងទប់ស្ត់ការឆ្លងរីករាលនៃមេរោគចូលទូទាំងប្រទេស។

ជារួម ក្នុងកាលៈទេសៈនេះ ប្រទេសកម្ពុជាកំពុងឋិតក្នុងស្ថានភាពមួយ ដែលអាចគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងជោគជ័យ អាស្រ័យដោយភាគរយនៃអ្នកឆ្លងរោគកូវីដ១៩ ត្រូវបាននាំចូលពីខាងក្រៅប្រទេសប៉ុណ្ណោះ។ ជាមួយនឹងវិធានការ និងការដាក់ចេញសកម្មភាពថ្មីៗចុងក្រោយនេះ ប្រជាជនកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់លើចំណាត់ការរបស់រដ្ឋាភិបាលយ៉ាងទាន់ពេលវេលា ជាមួយនឹងការចូលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ ពិសេស ប្រជាជនកម្ពុជាទាំងមូលពិតជាប្តេជ្ញាគាំទ្ររាល់វិធានការចាំបាច់ទាំងឡាយរបស់រដ្ឋាភិបាល ទាំងក្នុងកាលៈទេសៈចំពោះមុខ និងទៅអនាគត់ ដើម្បីការពារអាយុជីវិត និងសុខមាលភាពរបស់ប្រជាជន៕

 ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់