កិច្ចប្រជុំត្រួតពិនិត្យការងារដែលសម្រេចបាន និងដាក់ចេញវិធានការអនុត្តបន្តដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ១៩

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
7

តាកែវ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការដើម្បីត្រួតពិនិត្យត្រៀមបង្ការ និងទប់ស្កាត់ការរាលដាលនៃជម្ងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយមេរោគកូវីដ១៩ (COVID-19) បានអញ្ជើញបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារដែលបានអនុវត្តកន្លងមក និងដាក់ចេញវិធានការអនុត្តបន្ត ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលមេរោគ កូវីដ១៩ ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ ធ្វើការណែនាំដល់សមាជិក សមាជិកា ទាំងអស់យកចិត្តទុកដាក់អនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម៖
១- ត្រូវផ្សព្វផ្សាយអំពីការការពារខ្លួនដើម្បីកុំអោយឆ្លងជំងឺកូវីដ-១៩ មកខ្លួនឯង និងអ្នកដទៃ ដោយឃុំខ្លួនឯងរយះពេល១៤ថ្ងៃចំពោះអ្នកចំណូលថ្មី បានន័យថាអ្នកដែលបានឆ្លងដែនពីបរទេសចូលមកក្នុងភូមិ ស្រុក នៃប្រទេសកម្ពុជា។
២- ត្រូវប្រើមធ្យោបាយសមស្របចំពោះអ្នកដែលមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមិត្តកិច្ច។
៣- អាជ្ញាធរក្រុង ស្រុក រកទីតាំងត្រៀមសម្រាប់ទុកដាក់ដោយឡែកនូវអ្នកជម្ងឺនៅពេលមានផ្ទុះភ្លាមៗកើតឡើង។
៤- ក្រុង ស្រុកត្រូវសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការត្រួតពិនិត្យអ្នកចំណាកស្រុកដែលទើបត្រប់មកវិញថ្មីៗនេះ។
៥- ផ្នែកបច្ចេកទេសត្រូវបាញ់ថ្នាំសម្លាប់មេរោគ កង់រថយន្តដឹកទំនិញនាំចូលអោយបានត្រឹមត្រូវជាពិសេសត្រូវធ្វើការសហការជាមួយមន្រ្តីជំនាញសុខាភិបាល ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីប្រជុំជន និងផ្សារតាមក្រុង ស្រុក ជាពិសេសត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការ អប់រំ ទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ១៩ នេះឲ្យបានទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភថវិកាចំនួន ១០០ឃុំសង្កាត់ ទូទាំងខេត្ត ដោយក្នុងមួយឃុំៗ ទទួលបានថវិកា ១០ ម៉ឺនរៀល និងអាលកុលលាងដៃ ដើម្បីចូលរួមចលនាផ្សព្វផ្សាយវិធានការ អប់រំ ទប់ស្កាត់ និងបង្ការនូវមេរោគ កូវីដ១៩ ដែលកំពុងរាតត្បាតជាសកល៕

បញ្ចេញយោបល់