លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ

ថ្ងៃពុធ ទី ២៥ មីនា ២០២០​
9

នេះគឺជាសារផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួម​ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នាដោយស្នើសុំឱ្យបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នា​ក់ទៅម្នាក់បានយ៉ាងងាយ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភា​ពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា វិធានការខាងលើគឺដើម្បីទប់ស្កាត់កា​រឆ្លងមេរោគ​កូវីឌ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាព​លរដ្ឋយើងធ្វើពិធីសែនឆេងម៉េងនោះឡើយ៕

ចែករំលែក

បញ្ចេញយោបល់