អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ, ពេលនេះសមត្ថកិច្ចកំពុងរកម្ចាស់សំឡេង

ថ្ងៃអង្គារ ទី ២៤ មីនា ២០២០​
11

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលប្រឌិតថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវី១៩។

ប្រតិកម្មរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើឡើង បន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិកផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមដោយប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ដោយសារសំឡេងនេះ ត្រូវបានចែកចាយជាបន្តបន្ទាប់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward សារសំឡេងនេះបន្តទៀត នាំមានការយល់ច្រឡំ»។

ជាមួយនឹងការប្រកាសបដិសេធលើព័ត៌មាននេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងដែរថា អាជ្ញាធរកំពុងស្រាវជ្រាវស្វែងរកម្ចាស់សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការតាមច្បាប់ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមដើម្បីបង្កឲ្យមានការចលាចល និងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

កន្លងទៅ សមត្ថកិច្ចក៏បានចាប់ខ្លួនជនមួយចំនួន ដែលបង្កើតសារសំឡេងដែលប្រឌិតព័ត៌មាន យកមកអប់រំ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស ៥២នាក់ ៕

បញ្ចេញយោបល់