ទស្សនៈមិត្តអ្នកអាន៖ «វប្បធម៌ចែករំលែកក្នុងគ្រាអាសន្ន គឺជាគុណធម៌ និងសប្បុរសធម៌មិនអាចកាត់ថ្លៃបាន»

ថ្ងៃចន្ទ ទី ២៣ មីនា ២០២០​
79

ការចេះចែករំលែកគ្នារស់ក្នុងគ្រាអាសន្ន គឺជាសិល្បៈ និងជាវប្បធម៌ដ៏ល្អផូរផង់របស់មនុស្សជាតិ ទោះជាតិសា​សន៍ណាក៏ដោយទូទាំងពិភពលោក ហើយវប្បធម៌ដ៏ល្អមួយនេះ ពលរដ្ឋកម្ពុជាយើង ក៏មិនចាញ់ជាតិសាសន៍ដ​ទៃដែរក្នុងការសាមគ្គីគ្នានិងជួយគ្នាក្នុងគ្រាអាសន្ន។ ដូចដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងបានដឹងទាំងអ​ស់គ្នាហើយថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ បណ្តាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក រួមទាំងកម្ពុជាយើងផង កំពុងតែទទួលរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដូចៗគ្នាដោយសារតែការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមថ្មី ឬកូវីដ១៩។ រហូលមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ មានប្រទេស និងដែនដីចំនួន១៩២ ហើយនៅទូទាំងពិភពលោក ដោយមិនរាប់បញ្ចូលនាវាទេសចរណ៍ខ្នាតយក្សឈ្មោះ ដាយមិន៍ព្រីនសេស (Diamond Princess) ដែលបានជាប់នៅដែនសមុទ្រនៃទីក្រុងយួកូហាម៉ា ប្រទេសជប៉ុន ហើយជំងឺនេះ បានឆ្លងដល់មនុស្សជាង៣៣ម៉ឺននាក់ ​ និងស្លាប់ជាង១៤០០០នាក់ ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មានពីមុន។ ជំងឺ កូវីដ១៩ ដ៏កាចសាហាវនេះ វាមិនត្រឹមតែសម្លាប់តែអាយុជីវិតមនុស្សប៉ុណ្ណោះទេ តែវានៅបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោកធ្លាក់ចុះ ក្រឡាប់ចាក់ទៀតផង។​

ទន្ទឹមនឹងការរីករាលដាលឥតឈប់ឈរនៃជំងឺរលាកផ្លូវដង្ហើមថ្មី ឬកូវីដ១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមថវិកាជាតិក្នុងរង្វង់ពី ៨០០លានដុល្លារទៅ ២០០០លានដុល្លារ បូករួមនឹងវិធានការជាបន្តបន្ទាប់មួយចំនួនដើម្បីប្រយុទ្ធទប់ទល់នឹងការរីករាលដាល (Covid-19) ផងដែរ។ វិធានការទាំងនេះ គឺជាបន្ទុកមួយធ្ងន់ធ្ងររបស់រដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាកបំផុតនេះ ប៉ុន្តែក៏មិនមែនមានន័យថា ប្រជាជនកម្ពុជាទាំ​ងមូល ជាពិសេសអ្នកមានទ្រព្យសម្បត្តិ និងបេះដូងមនុស្សធម៌រាប់រយរាប់ពាន់នាក់ ដាច់ចិត្តនាំគ្នាឈរអោបដៃនៅស្ងៀមដោយទុកឲ្យរដ្ឋាភិបាលលំបាក និងឯកោតែម្នាក់ឯងនោះដែរ។  ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាល បានប្រកាសដាក់ចេញនូវវិធានការដើម្បីប្រយុទ្ធទប់ទល់ការរីករាលដាល កូវីដ១៩ គេឃើញមានសប្បុរសជនកំពូលៗជាច្រើននាក់ ជាពិសេសបំផុតនោះគឺ ព្រះមហាក្សត្រនៃយើង ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី  និងសម្តេចម៉ែសម្តេចយាយ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលជាគំរូនាំមុខក្នុងការបរិច្ចាគធនធានផ្ទាល់របស់ព្រះអង្គ ព្រមទាំងបណ្តាឥស្សរជនជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាល លោកឧកញ៉ា-អ្នកឧកញ៉ា ព្រមទាំងសិល្បករសិល្បការិនី និងប្រជាពលរដ្ឋសាមញ្ញទូទៅ។ល។ និង។ល។ ក៏បាននិងកំពុងតែសាមគ្គីគ្នាសហការចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដើម្បីរួមចំណែកក្នុងការជួយសំរាលទុក្ខលំ​បាករបស់រដ្ឋាភិបាល។ ការសហការគ្នាចូលរួមបរិច្ចាគក្នុងគ្រាអាសន្នបែបនេះ គឺជាទឹកចិត្តសប្បុរសធម៌ដ៏មហាធំធេងបំផុតមិនអាចកាត់ថ្លៃបាន។​

ក្នុងកាលៈទេសៈដ៏លំបាកនេះរដ្ឋាភិបាល ពិតជាត្រូវការកំលាំងសាមគ្គី និងកិច្ចសហការពីសំណាក់បងប្អូនប្រ​ជា​ពលរដ្ឋទាំងអស់គ្នាមករួមចំណែកជាមួយរដ្ឋាភិបាល ទោះដោយវិធីណាក៏ដោយ ដើម្បីប្រយុទ្ធ​ទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ការចូលរួមចំណែករបស់បងប្អូនក្នុងគ្រាអាសន្ននេះ  មិនមែន​មាន​ន័យថា ទា​ល់តែបងប្អូនមានលុយរាប់សែន រាប់លានដុល្លារ ទើបអាចចូលរួមជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធទប់ទល់នឹងកូវីដ១៩ បាននោះទេ ដោយគ្រាន់តែបងប្អូន ជាពិសេសអាជីវករអ្នកលក់ដូរទាំងអស់គ្នាកុំនាំគ្នាឆ្លៀតឱកាសលក់​ដូរ​ឡើងថ្លៃហូសហេតុពេក ដូចជាស្បៀង​អាហារ​-ថ្នាំសង្កូវ​-ទឹកអាកុលលាងដៃ និង​សំភារៈ​ប្រើប្រាស់ផ្សេងៗ​ជាដើម ដែល​ជា​តំរូវ​ការ​ចាំបាច់ចំពោះ​មុខ​របស់​ប្រជាជន​កម្ពុជា​យើងដែលទង្វើទាំងនេះ ក៏ចាត់ទុកថា ជាការរួមចំណែករបស់បងប្អូនដ៏មហាធំធេងធេងមិនអាចកាត់ថ្លៃបានណាស់ទៅហើយ។ ដូច្នេះការចូលរួមសាមគ្គី សហការគ្នា ក្នុងគ្រាអាសន្ន គឺជារឿងសំខាន់និងចាំបាច់បំផុត ដូចពាក្យចាស់ពោលថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ ដូច្នេះសូម​បងប្អូន​ដែល​ជាអាជីវករ​ទាំង​អស់​ មេត្តា​ផ្តល់​នូវ​សេចក្តី​ស្រ​ឡាញ់-មេត្តា​​ និង​ក្តី​អនុ​គ្រោះ​​​​ប្រកប​ដោយ​សង្គហធម៌​ចំពោះ​ជាតិ​​យើង​ទាំង​អស់​គ្នា​ មិន​ត្រូវ​លោភលន់​ចង់​មាន​-ចង់​បានតែឯង​ក្នុងកាលៈទេសៈដែល​ប្រទេស​ជាតិ​ទាំង​មូលកំពុង​ជួប​ការ​លំបាក​បែបនេះ​ទេ​។

ជារួមការសាមគ្គីគ្នាក្នុង​នាម​ជាខ្មែរ​ដូច​គ្នា និងការសហការជួយគ្នាក្នុងគ្រាអាសន្ន ​កំពុងតែជួបគ្រោះមហន្តរាយនេះ ទាំងការចូលរួមបរិច្ចាគជាថវិកា ទាំងការចូលរួមសហការផ្សេងៗ ទោះដោយវិធីណាក៏ដោយ  ក្នុងតម្លៃណាក៏ដោយ តិចក្តីច្រើនក្តី គឺពិតជាមានតម្លៃធំធេងណាស់ក្នុងការចូលរួមសហការជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងទប់ទល់នឹងគ្រោះមហន្តរាយជាសកលនេះ។ ការចូលរួមវិភាគទាននេះ គួរនៅតែមានបន្តការបរិច្ចាគពីសប្បុរសជនថែមទៀត និងការសហការសាមគ្គីគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមថ្មី ឬកូវីដ១៩ នេះ ទាំងអស់គ្នារហូតទទួលបានជោគជ័យ ដែលសកម្មភាពនេះ គឺពិតជាបង្ហាញនូវវប្បធម៌នៃការចែករំលែកក្នុងគ្រាអាសន្ន ដែលវាគឺជាគុណធម៌ និងសប្បុរសធម៌ដែលមិនអាចកាត់ថ្លៃបានយ៉ាងពិតប្រាកដ៕

 ដោយ៖ គង់ សំរេច

ចែករំលែក

បញ្ចេញយោបល់