អ្នកឧកញ៉ា ហុង ពីវ ជួយឧបត្ថម្ភ២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ថ្ងៃសៅរ៍ ទី ២១ មីនា ២០២០​
27

អ្នកឧកញ៉ា ហុង ពីវ និងអតិថិជនទាំងអស់នៃបុរីពិភពថ្មី សូមជួយចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងនោះមាន៖
* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោកនាយករដ្ឋមន្ត្រីជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។
* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតរបស់លោកថា ជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕

បញ្ចេញយោបល់