គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
សិក្ខាសាលានេះចូលរួមពីប្រទេសជាសមាជិកអាស៊ានចំនួន៦ រួមមាន៖ កម្ពុជា ថៃ ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដោយធ្វើបទបង្ហាញផ្សេងៗគ្នាទាក់ទងទៅនឹងការស្រាវជ្រាវនិងការគ្រប់គ្រងបេតិកភណ្ឌរបស់ប្រទេសរៀងៗខ្លួន។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកតម្លៃការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការការពារបេតិកភណ្ឌ និងបណ្តុះចំណេះដឹងដល់ពួកគាត់ដើម្បីចូលរួមថែរក្សា ការពារបេតិកភណ្ឌផងដែរ។ មិនតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏ធ្វើឡើងដើម្បីផ្តល់ព័ត៌មានយ៉ាងច្រើនអំពីការគ្រប់គ្រងបេតិកភណ្ឌនៅក្នុងតំបន់ ដើម្បីជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
ឯកឧត្តម ត័ន ប៊ុនស៊ុយ បានរៀបរាប់ថា ការចូលរួមនេះមានសារៈសំខាន់ណាស់សម្រាប់អាជ្ញាធរជាតិអប្សរាដើម្បីយកចំណេះដឹងនិងបទពិសោធន៍ពីបណ្តាប្រទេសទាំងនោះមកផ្សព្វផ្សាយ ព្រមទាំងអនុវត្តបន្តនៅតំបន់អង្គរ។ លើសពីនេះទៅទៀត ក្រៅពីធ្វើជាអ្នកចូលរួម កម្ពុជា ត្រូវបានគេចាត់តាំងឱ្យធ្វើជាប្រធានបើកសម្ភោធអំពីការស្រាវជ្រាវបុរាណវិទ្យានៃប្រទេសសិង្ហបុរីនិងគម្រោងសហការស្រាវជ្រាវអន្តរជាតិ ជាពិសេសជាមួយអាជ្ញាធរអប្សរាកន្លងមក តំណាងឱ្យប្រទេសក្នុងតំបន់អាស៊ានទៀតផង។ ក្នុងឱកាសនោះក៏មានការចូលរួមផ្តល់កិត្តិយសដោយឯកឧត្តមអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី រួមនឹងសិក្ខាកាមជាច្រើនរូបទៀតស្តាប់បទបង្ហាញរបស់ប្រទេសកម្ពុជាដែរ។ នេះជាមោទនភាពមួយសម្រាប់កម្ពុជា ក៏ដូចជាតំណាងឱ្យស្ថាប័នអាជ្ញាធរជាតិអប្សរា ជាអ្នកទទួលបន្ទុកមើលការខុសត្រូវនិងរៀបចំតំបន់អង្គរ។
ឯកឧត្តមបន្តថា នៅក្នុងអង្គសិក្ខាសាលាអន្តរជាតិនេះ អាជ្ញាធរជាតិអប្សរាក៏បានផ្តល់អំណោយបំណែកកុលាលភាជន៏ចំនួន៦ដុំដើម្បីចូលរួមក្នុងការតាំងពិព័រណ៍ដែរ ចំណែកឯរាជបណ្ឌិតសភាកម្ពុជាក៏បានផ្តល់បំណែកកុលាលភាជន៍មួយចំនួនដូចគ្នា។ តាមរយៈការតាំងពិព័រណ៍នេះដែរ បានទាក់ទាញចំណាប់អារម្មណ៍បរទេសជាខ្លាំងឱ្យស្គាល់កម្ពុជាកាន់តែច្រើន។ ថ្ងៃក្រោយ អង្គសិក្ខាសាលាបានសម្រេចបង្កើតប្រព័ន្ធទំនាក់ទំនងតាម FACEBOOK និង E-MAIL ដើម្បីសម្រួលក្នុងការទំនាក់ទំនងផ្សេងៗបន្តទៀត៕